ថ្នាក់រៀនភាសាវៀតណាមដ៏វិសេសវិសាលនៅប្រទេសថៃ
(VOVWORLD) - "ដរាបណាភាសាវៀតណាមនៅមាន គឺជនជាតិវៀតណាមនៅតែមាន ហើយដរាបណាជនជាតិវៀតណាមនៅមាន ប្រទេសវៀតណាមនៅតែមាន" ។ នេះគឺជាទស្សនៈរបស់លោកគ្រូ អ្នកគ្រូអាណិកជនវៀតណាមដែលរស់នៅក្នុង តំបន់ Vietnam Town នៅខេត្ត UdonThani ភាគឦសានប្រទេសថៃ។ ជាមួយសេចក្តីប្រាថ្នាដ៏ក្លៀវក្លាបែបនេះ បើទោះបីមានវ័យអាយុចំណាស់ក៏ដោយ ជារៀងរាល់សប្តាហ៍ លោកគ្រូ អ្នកគ្រូអាណិកជនវៀតណាមនៅតែអត់ធ្មត់ រង់ចាំកូនសិស្សមកថ្នាក់ភាសាវៀតណាមនៅសាលា Khanh An ក្នុងទីស្នាក់ការកណ្តាលនៃសមាគមជនវៀតណាមនៅខេត្ត Udon Thani។
ពិធីគោរពទង់ជាតិ ច្រៀងបទភ្លេងជាតិវៀតណាម នៅសាលា Khanh An។ |
ថ្នាក់រៀនបានចាប់ផ្តើមនៅពេលកូនសិស្សធ្វើពិធីគោរពទង់ជាតិ ច្រៀងបទភ្លេងជាតិវៀតណាម និងអានដំបូន្មានប្រាំប្រការរបស់លោកអ៊ុំហូ។ សិស្ស ៩ ក្រុមដែលដឹកនាំដោយគ្រូបង្រៀន ៩ នាក់ បានចាប់ផ្តើមថ្នាក់រៀនដោយក្តីរីករាយ ក្រុមខ្លះបានហាត់សរសេរ ក្រុមខ្លះទៀតរៀនប្រកបអក្សរ អានកំណាព្យ ឬរៀនអក្សរវៀតណាមតាមបទចម្រៀងវៀតណាម។
ក្រោមការណែនាំរបស់អ្នកគ្រូ Ha អ្នកស្រី ទូក តា (ឈ្មោះវៀតណាមគឺ Hang Nga ) ជាមួយប្តី និងកូនប្រុសកំពុងពិនិត្យឡើងវិញនូវបទចម្រៀងដែលពួកគេបានរៀនកាលពីថ្ងៃមុន។ ដោយមានឪពុកម្តាយជាជនជាតិវៀតណាម ប៉ុន្តែមិនមានឱកាសច្រើននិយាយភាសាវៀតណាមបាន អ្នកស្រី ទូក តា បានសម្រេចចិត្តទៅរៀនភាសាវៀតណាមនៅសាលា Khanh An ជាមួយប្តី និងកូនប្រុសពៅអាយុ ១០ ឆ្នាំ។ អ្នកស្រី ទូក តា បានចែករំលែកថា៖ "ខ្ញុំកើតនៅប្រទេសថៃ ឪពុកម្តាយរបស់ខ្ញុំជាជនជាតិវៀតណាម ហើយខ្ញុំរៀននៅសាលា Khanh An បានមួយឆ្នាំកន្លះហើយ។ ខ្ញុំចង់និយាយភាសាវៀតណាម ចង់ឱ្យកូនៗរបស់ខ្ញុំចេះនិយាយភាសាវៀតណាម ហើយចង់ឱ្យកូនបានរៀនភាសាវៀតណាម។ ខ្ញុំមានមោទនភាពជាជនវៀតណាម ហើយចង់ឲ្យកូនខ្ញុំក៏មានមោទនភាពដោយមានខ្សែលោហិតវៀតណាមដែរ"។
គ្រួសារអ្នកស្រី ទូក តា |
ថ្នាក់រៀនភាសាវៀតណាមនៅសាលា Khanh An ក្នុង Vietnam Town បានបង្រៀនចំនួនពីរដងក្នុងមួយសប្តាហ៍ ជាមួយនឹងសំឡេងអានលេខ អក្សរ និងកំណាព្យវៀតណាម របស់កុមារអាណិកជនវៀតណាមនិងសិស្សជនជាតិថៃដែលស្រឡាញ់ភាសាវៀតណាម។ លោកគ្រូ អ្នកគ្រូ មានមោទនភាពដែលសិស្សានុសិស្សទាំងអស់អាចឧទ្ទេសនាមខ្លួនឯង និយាយអំពីក្រុមគ្រួសារសាលារៀនជាភាសាវៀតណាម ថែមទាំងអាចច្រៀងនិងសូត្រកំណាព្យជាភាសាវៀតណាម បានយល់ពីអត្ថន័យនៃដំបូន្មានប្រាំប្រការរបស់លោកអ៊ុំហូ និងមានចំណាប់អារម្មណ៍ឆ្ពោះទៅមាតុប្រទេស។
សាលាបង្រៀនភាសាវៀតណាម Khanh An ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ តាមគំនិតផ្ដួចផ្ដើមរបស់អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Nguyen Tat Thanh និងជាប្រធានសមាគមជនវៀតណាមនៅខេត្ត Udon Thani លោក Luong Xuan Hoa ដោយមានការជួយជ្រោមជ្រែងពីអាណិកជនវៀតណាមស្នេហាជាតិដែលរស់នៅភាគឦសានប្រទេសថៃ រួមទាំងលោកគ្រូអ្នកគ្រូដែលនៅតែបន្តបង្រៀនរហូតដល់សព្វថ្ងៃនេះ។ លោកគ្រូ Tran Trong Tai អាយុជិត ៨០ឆ្នាំ បានឲ្យដឹងថា៖ “ខ្ញុំបានរួមដំណើរជាមួយលោកគ្រូ អ្នកគ្រូ នៅទីនេះ តាំងពីប៉ុន្មានថ្ងៃដើមដំបូងនៃសាលា Khanh An ដោយអនុវត្តន៍តាមការណែនាំរបស់បក្ស និងរដ្ឋាភិបាល៖ ដរាបណាភាសាវៀតណាមនៅមាន គឺជនជាតិវៀតណាមនៅតែមាន ដរាបណាជនជាតិវៀតណាមនៅមាន គឺប្រទេសវៀតណាមនៅតែមាន។ ការបង្រៀននៅទីនេះក៏មានភាពលំបាកណាស់ដែរ ដូចជាការបង្រៀនជនបរទេសអញ្ជឹង ព្រោះសិស្សមិនចេះភាសាវៀតណាមទេ យើងត្រូវបង្រៀន និងបកប្រែភាសាវៀតណាមទៅភាសាថៃឲ្យពួកគេ”។
ដោយមិនក្រអឺតក្រទមទេ គ្រូបង្រៀនមានអាយុវ័យចំណាស់ នៅតែខិតខំប្រឹងប្រែងដោយស្ងៀមស្ងាត់ សម្លឹងឆ្ពោះទៅមាតុប្រទេសក្នុងដំណាក់កាលអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាមួយសេចក្តីសង្ឃឹមសម្រាប់អនាគតដ៏ត្រចះត្រចង់របស់វៀតណាម។ អ្នកគ្រូ Oanh បានចែករំលែកថា៖ “គ្រូបង្រៀននៅទីនេះ រួមចំណែកសម្រាប់ប្រទេសជាតិ តាមរយៈការបង្រៀនភាសាវៀតណាមដល់ក្មេងៗជំនាន់ក្រោយ ដើម្បីឱ្យពួកគេស្រឡាញ់មាតុភូមិ ស្គាល់ពីដើមកំណើតជាជនជាតិវៀតណាម ហើយមានអារម្មណ៍ថា ខ្លួនមានទំនួលខុសត្រូវក្នុងការរួមចំណែកដល់ប្រទេសជាតិនាពេលអនាគត។ ហើយនាថ្ងៃណាមួយ ក្នុងចំណោមសិស្សទាំងនេះ អាចមានសិស្សម្នាក់ដែលក្លាយជាអ្នកមានទេពកោសល្យ វិលត្រលប់មករួមចំណែកក្នុងការកសាងប្រទេសជាតិ នោះជាប្រការដ៏គួរឲ្យរីករាយសម្រាប់គ្រូបង្រៀនដូចពួកយើង”។
ថ្នាក់រៀបភាសាវៀតណាមនៅសាលា Khanh An។ |
មិនធ្វើឲ្យខកបំណងរបស់លោកគ្រូអ្នកគ្រូនៃសាលា Khanh An នោះទេ សិស្ស Thanakorn ឈ្មោះវៀតណាមថា Huy Hoang សិស្សថ្នាក់ទី ១០ នៃសាលា Udonpittayanukoon បានទទួលពានរង្វាន់លេខ ១ ដោយពិន្ទុ ៣០/៣០ ផ្នែកសរសេរនិងនិយាយភាសាវៀតណាមក្នុងការប្រឡង Viet Nam Spelling Bee ឆ្នាំ ២០២៤ របស់សាកលវិទ្យាល័យ Maha Sarakham នៅភាគឦសានប្រទេសថៃ។ ប្អូនបានចែករំលែកថា ប្អូនបានប្ដេជ្ញាចិត្តសិក្សាឱ្យបានល្អ ដើម្បីនាពេលអនាគត អាចរួមចំណែកក្នុងការកសាងប្រទេសវៀតណាម ជាមាតុភូមិដែលជីដូនជីតានិងឪពុកម្តាយរបស់ប្អូនតែងតែលើកឡើងប្រចាំថ្ងៃ៖ “ខ្ញុំបានរៀនភាសាវៀតណាមអស់រយៈពេល ៦ឆ្នាំហើយ ជាចម្បងនៅក្រៅម៉ោងសិក្សានៅសាលារៀន។ កាលខ្ញុំរៀននៅខេត្ត Udon Thani ខ្ញុំបានរៀនភាសាវៀតណាមជាមួយអ្នកគ្រូ Oanh នៅ Vietnam Town។ ប្រសិនបើមានឱកាស ខ្ញុំក៏ចង់ទៅបង្រៀនភាសាវៀតណាមដែរ”។
ឆ្លងកាត់ការឡើងចុះជាច្រើន បើទោះបីជាមានពេលខ្លះដែលថ្នាក់រៀនភាសាវៀតណាមនៅប្រទេសថៃត្រូវបិទទ្វាទាំងស្រុងនៅឆ្នាំ ១៩៧៥ ដោយសារតែស្ថានភាពលំបាកក៏ដោយ ចលនានៃការបង្រៀន និងរៀនភាសាវៀតណាមនៅក្នុងប្រទេសថៃនៅតែបន្ត បណ្តុះគ្រាប់ពូជភាសាវៀតណាមដល់កូនចៅអាណិកជនវៀតណាមជាច្រើនជំនាន់នៅក្នុងប្រទេសថៃ។
រូបភាពរបស់លោកគ្រូអ្នកគ្រូអាណិកជនដែលមានអាយុវ័យចំណាស់ ដោយមានអាកប្បកិរិយាសមរម្យ អត់ធ្មត់រង់ចាំសិស្សមកថ្នាក់រៀនភាសាវៀតណាមនៅឯទីប្រជុំជនវៀតណាមដ៏ស្រស់ស្អាត និងកក់ក្តៅជារៀងរាល់សប្តាហ៍ សបញ្ជាក់ឱ្យឃើញថា សេចក្តីស្រឡាញ់ចំពោះមាតុភូមិ និងមាតុភូមិតែងតែភ្លឺចែងចាំងក្នុងដួងចិត្តជនជាតិវៀតណាមក្នុងប្រទេសថៃក៏ដូចជាជុំវិញពិភពលោកផងដែរ៕