ធម្មយាត្រា Haji៖ ដំណក់ទឹកភ្នែកសុភមង្គលរបស់សាសនិកឥស្លាមឥណ្ឌូណេស៊ី

(VOVWORLD) - ធម្មយាត្រា Haji ទៅកាន់ទីក្រុងពិសិដ្ឋ Mecca ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដ៏ធំបំផុតនៅក្នុងជីវិតរបស់ជនឥស្លាម។ ក្នុងនាមជាប្រទេសដែលមានចំនួនសាសនិកឥស្លាមច្រើនបំផុតលើពិភពលោក ដោយចំនួនប្រមាណ ២៤២ លាននាក់ ជារៀងរាល់ឆ្នាំមានពលរដ្ឋឥណ្ឌូនេស៊ីរាប់សែននាក់ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងធម្មយាត្រា Haji។ សម្រាប់ពួកគេ ការធ្វើធម្មយាត្រាទៅកាន់ទឹកដីពិសិដ្ឋនេះ មិនត្រឹមតែជាកាតព្វកិច្ចសាសនាដែលគួរត្រូវបំពេញប៉ុណ្ណោះទេ ថែមទាំងក៏ជាការបង្ហាញនូវសាមគ្គីភាព និងទឹកចិត្តឧទ្ទិសដល់ព្រះ Allah ទៀតផង។

ធម្មយាត្រា Haji៖ ដំណក់ទឹកភ្នែកសុភមង្គលរបស់សាសនិកឥស្លាមឥណ្ឌូណេស៊ី - ảnh 1លោក C.R Nurdin និងភរិយាមុនពេលចេញដំណើរទៅអារ៉ាប៊ីសាអូឌីតដើម្បីចូលរួមធម្មយាត្រា Haji។

"ខ្ញុំបានយំនៅពេលឃើញ Kabah។ Kabah គឺជាទីកន្លែងដែលសាសនិកឥស្លាមម្នាក់ៗឆ្ពោះទៅជានិច្ច។ មើលឃើញសំណង់ថ្មអាយុរាប់ពាន់ឆ្នាំនេះ ខ្ញុំមានអារម្មណ៍ស្រាលចិត្ត និងរំភើបចិត្តខ្លាំងណាស់”។

អារម្មណ៍រំភើបចិត្តរបស់លោក C.R Nurdin សាសនិកម្នាក់មកពីប្រទេសឥណ្ឌូណេស៊ី ក៏ជាអារម្មណ៍រួមរបស់ប្រជាសាសនិកឥស្លាមប្រមាណ ២ លាននាក់មកពីប្រទេសចំនួន ១៦០ នៅពេលពួកគេបានឈានជើងលើទឹកដីពិសិដ្ឋ Mecca ក្នុងអំឡុងពេលធ្វើធម្មយាត្រា Haji ឆ្នាំ ២០២៣ (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែមិថុនា ដល់ ថ្ងៃទី ២ ខែកក្កដា)។ "Kaaba" (ឬ Kabah) ដែលលោក Nurdin បាននិយាយ គឺជាមជ្ឈមណ្ឌលនៃទីសក្ការៈបូជាដ៏ពិសិដ្ឋបំផុតរបស់សាសនាឥស្លាម ដែលជាអគាររាងចតុកោណ ស្ថិតនៅកណ្តាលទីធ្លានៃព្រះវិហារឥស្លាមដ៏ធំបំផុតលើពិភពលោកនោះគឺ ព្រះវិហារ Al-Masjid Al-Haram។

ធម្មយាត្រា Haji៖ ដំណក់ទឹកភ្នែកសុភមង្គលរបស់សាសនិកឥស្លាមឥណ្ឌូណេស៊ី - ảnh 2ឥស្លាមសាសនិកធ្វើធម្មយាត្រាទៅទីក្រុងពិសិដ្ឋ Mecca នៅថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣។ (រូបថត៖ AFP/TTXVN)

ការធ្វើធម្មយាត្រាទៅកាន់ទីក្រុង Mecca មានទម្រង់ចំនួន ២ គឺ Umrah និង Haji។ Umrah គឺជា "ធម្មយាត្រាតូច" ហើយមិនចាប់បង្ខំនោះឡើយ។ សាសនិកអាចធ្វើធម្មយាត្រា Umrah នៅគ្រប់ខណៈពេលក្នុងឆ្នាំ។ ក្នុងពេលជាមួយគ្នានោះ Haji គឺជា "ធម្មយាត្រាធំ" ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៥ នៃសាសនាឥស្លាម ដែលប្រជាសាសនិកមានកាតព្វកិច្ចបំពេញយ៉ាងហោចណាស់ម្តងក្នុងមួយជីវិតរបស់ពួកគេ ប្រសិនបើមានលទ្ធភាព។ ដោយពន្យល់ពីមូលហេតុដែលជារៀងរាល់ឆ្នាំមានឥស្លាមសាសនិកឥណ្ឌូណេស៊ីនិងអន្តរជាតិជាច្រើន ជ្រើសរើសធម្មយាត្រា Haji ទៅកាន់ទីក្រុង Mecca នោះ លោក C.R. Nurdin បានឲ្យដឹងថា៖

“នៅក្នុងព្រះគុម្ពីនៃសាសនាឥស្លាម នៅពេលដែលសាសនិកម្នាក់ចូលរួមធ្វើធម្មយាត្រា Haji គ្រប់ទោសកំហុសទាំងអស់របស់ពួកគេពីមុនមកនឹងត្រូវបានលុបចោល ពួកគេនឹងវិលត្រឡប់មករកភាពបរិសុទ្ធវិញ ដូចទារកទើបនឹងកើតអញ្ចឹង។ ចំណែកឯ Umrah ត្រឹមតែជាការលុបលាងទោសកំហុសសម្រាប់ឆ្នាំមុនប៉ុណ្ណោះ។ នេះជាហេតុផលមួយដែលឥស្លាមសាសនិកតែងតែជ្រើសរើស Haji”។

រំឮកពីដំណើរធម្មយាត្រាកាលពីឆ្នាំ ២០០៧ លោកស្រី Aan Abaniyah បុគ្គលិកនៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមនិងស្វាមីគឺលោក Poeji Raharjo បានចែករំលែកដោយការរំភើបចិត្តថា៖

“ខ្ញុំសុភមង្គលខ្លាំងណាស់ ដែលបានធ្វើធម្មយាត្រាទៅកាន់ Mecca។ ការធ្វើធម្មយាត្រានេះមិនត្រឹមតែជាដំណើរអធិដ្ឋានប៉ុណ្ណោះទេ ថែមទាំងជាការសាកល្បងផ្លូវកាយទៀតផង។ ប្រសិនបើចង់ធ្វើដំណើរនេះ អ្នកត្រូវមានសុខភាពល្អព្រោះផ្លូវឆ្ងាយ ពិបាកខ្លាំងណាស់។ ឧទាហរណ៍ សម្រាប់ពិធីបោះដុំថ្ម មនុស្សរុញច្រានគ្នាទទឹងទទែងដើម្បីធ្វើពិធីនេះ។ ឬក្នុងពិធីដើរ ៧ ដងជុំវិញ Kaaba មនុស្សទាំងអស់ប្រមូលផ្តុំគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅថ្ងៃនោះ ពិតជាលំបាកណាស់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែសប្បាយរីករាយ រំភើបចិត្ត និងមានមោទនភាពចំពោះដំណើរនេះ”។

“យើងខ្ញុំចេញដំណើរជាក្រុម រួមជាមួយនឹងអ្នកដែលមិនធ្លាប់ស្គាល់គ្នា មកពីខេត្តផ្សេងៗគ្នា។ ក្នុងដំណើរនេះ យើងខ្ញុំបានចេះចែករំលែក រួបរួម និងយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ បន្ទាប់ពីត្រឡប់មកពី Haji យើងខ្ញុំក្លាយជាមនុស្សល្អជាងមុន ពីពាក្យសម្ដីទៅការប្រព្រឹត្ត”។

បន្ទាប់ពីបញ្ចប់ពិធី Haji សាសនិកឥស្លាមឥណ្ឌូណេស៊ីជាក្រុមៗ ត្រូវតែរង់ចាំវេនទើបត្រឡប់ទៅស្រុកកំណើតវិញ។ ក្នុងអំឡុងពេលរង់ចាំការធ្វើមាតុភូមិនិវត្តន៍ ពួកគេបន្តទៅវិហារឥស្លាមធំៗក្នុងទីក្រុង Mecca ដើម្បីបួងសួង ទស្សនា ឬដើរទិញឥវ៉ាន់... ក្រោយដំណើរជាមួយនឹងការលំបាកសាកល្បងជាច្រើន ប៉ុន្តែពោរពេញដោយមោទនភាពនៅនៅទីក្រុងពិសិដ្ឋ Mecca នោះ គឺដំណក់ទឹកភ្នែក នៅពេលដែលអ្នកធ្វើធម្មយាត្រាបានជួបជុំជាមួយក្រុមគ្រួសារនិងញាតិសន្ដាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ