នាំឲ្យភាសាវៀតណាមធ្វើសមាហរណកម្មនៅក្នុងប្រទេសថៃ

(VOVWORLD) - តាមការវាយតម្លៃរបស់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស (ក្រសួងការបរទេស) ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តម្រូវការរៀនភាសា វៀតណាម និងបំណងប្រាថ្នាអំពីការអភិវឌ្ឍន៍ភាសាវៀតណាមក្នុងសហគមន៍ជនជាតិវៀតណាមនៅឯបរទេសគឺធំធេងណាស់។ ជាមួយនឹងផ្នត់គំនិតថា “ភាសា វៀតណាមនៅមាន ជនជាតិវៀតណាមនៅមាន” ចលនាបង្រៀន និងរៀនភាសា វៀតណាមក្នុងសហគមន៍អាណិកជនវៀតណាមនៅថៃ តែងតែទទួលបានការជួយជ្រោមជ្រែងយ៉ាងសកម្ម។ ទន្ទឹមនោះ ភាសាវៀតណាមនា បច្ចុប្បន្ន ត្រូវបានគេចាត់ទុកថា ជាមុខវិជ្ជាភាសាបរទេសមួយនៅតាមសាលាថៃជាច្រើនផងដែរ។ 

នាំឲ្យភាសាវៀតណាមធ្វើសមាហរណកម្មនៅក្នុងប្រទេសថៃ - ảnh 1លោក Duc និងកូនប្រុស៣នាក់នៅក្នុងថ្នាក់រៀនភាសាវៀតណាមនៅផ្ទះរបស់អ្នកស្រី Hang នៅខេត្ត Nakhon Phanom។

នៅយប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ នៅផ្ទះរបស់អ្នកស្រី Hang នៅខេត្ត Nakhon Phanom តែងតែមានកូនៗរាប់សិបនាក់របស់បងប្អូនអាណិកជនវៀតណាម ហើយសូម្បីតែសមាជិកផ្សេងៗក្នុងគ្រួសារ ក៏រួមគ្នាយកសៀវភៅទៅថ្នាក់រៀនភាសាវៀតណាមដែរ។ ពួកគេមកទីនេះដោយមានបំណងចង់ពង្រឹងចំណេះដឹងភាសាវៀតណាម ហើយជួយកូនៗយល់ដឹងបន្ថែមទៀតអំពីប្រភពដើម។

“ខ្ញុំនិងកូនប្រុស៣នាក់ទៀតសុទ្ធតែកំពុងសិក្សានៅទីនេះ។ មួយសប្តាហ៍សិក្សា២ថ្ងៃគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង ៦ ដល់ ៨ យប់។ កាលនៅតូច ខ្ញុំរៀនភាសាវៀតណាមរហូតដល់ថ្នាក់ទី២... យូរៗទៅខ្ញុំក៏ភ្លេចហើយ។ កូនទាំង៣នាក់របស់ខ្ញុំរៀននៅទីនេះរៀនបាន៤ខែហើយ។ នៅផ្ទះនិយាយទាំងភាសាថៃនិងវៀតណាម។ ខ្ញុំគិតថា ខ្លួនជាជនជាតិវៀតណាមនៅបរទេស បើខ្ញុំនិងកូនមិនរៀន ខ្ញុំខ្លាចថា ក្រោយ មកនឹងភ្លេចភាសាវៀតណាម ដែលជាភាសារបស់ជីដូនជីតា។ ដូច្នេះខ្ញុំចង់ឲ្យកូនមករៀននៅទីនេះដើម្បីអប់រំក្មួយៗ កុំទុកឲ្យភាសាវៀតណាមសាបសូន្យទៅ”។

“ខ្ញុំឈ្មោះ Nguyen Thanh Trung។ ជនជាតិថៃក៏រៀនភាសាវៀតណាម និងចេះភាសាវៀតណាមផងដែរ។ កុមារក្នុងភូមិច្រើនតែខ្សោយភាសាវៀតណាមណាស់។ ខ្ញុំរួមជាមួយបងប្អូន ពូអ៊ុំ ក្នុងសមាគមន៍បានសាងសង់សាលានៅក្នុងភូមិ Pa សម្រាប់កូនចៅរៀនភាសាវៀតណាម។ លើកមុនដែលលោកនាយករដ្ឋមន្រ្តីទៅទស្សនកិច្ចនៅថៃ ក៏និយាយថា ភាសាវៀតណាមនៅមាន គឺប្រទេសយើងនៅមាន។ ខ្ញុំត្រូវបានលោកយាយបង្រៀនភាសាវៀតណាមតាំងពីអាយុ៥-៦ឆ្នាំនៅហ្នឹងផ្ទះ។ ឥឡូវខ្ញុំមានអាយុ ៤៦ ឆ្នាំហើយ។ អស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ ខ្ញុំមិនបានរៀនភាសាវៀតណាមទេ។ ខ្ញុំក៏ភ្លេចច្រើនដែរ។ ការរៀនភាសាវៀតណាមជួយខ្ញុំអាចទំនាក់ទំនងជាមួយបងប្អូន ជនចាស់ជរាក្នុងភូមិ។ ហើយនៅពេលវិលត្រឡប់មកប្រទេសវិញ ខ្ញុំអាចនិយាយបាន”។

នេះជាថ្នាក់រៀនភាសាវៀតណាមដោយឥតគិតថ្លៃដែលបង្រៀនដោយអតីតគ្រូបង្រៀនវៀតណាមនៅថៃ និងសមាជិកសមាគមជនជាតិវៀតណាមនៅខេត្ត Nakhon Phanom។ លោក Pham Van Sau លោកគ្រូម្នាក់ដែលចូលរួមការបង្រៀន បានចែករំលែកថា៖

“តាំងពីឆ្នាំ១៩៧៥មក ខ្ញុំជាគ្រូបង្រៀនអាជីពជាង១០ឆ្នាំ។ ដោយសង្កេតឃើញថា កូនចៅរបស់អាណិកជនវៀតណាម ជាពិសេសជំនាន់ទី៣មិនចេះភាសាវៀតណាមទាល់តែសោះ។ ដូច្នេះ ខ្ញុំរួមជាមួយបងប្អូនក្នុងគណៈកម្មាធិការប្រតិបត្តិសមាគមន៍ជនជាតិវៀតណាមនៅខេត្ត Nakhon Phanom បានពិភាក្សាគ្នាដើម្បីជួយកុមារឲ្យចេះភាសាវៀតណាម យល់អំពីភាសាវៀតណាម។ ដំបូងឡើយគឺរកទីតាំងថ្នាក់សិន។ ថ្នាក់បឋមសិក្សាស្ថិតនៅផ្ទះអ្នកស្រី Hang។ អ្នកស្រីផ្តល់ ទីកន្លែងដោយមិនគិតថ្លៃទេ។ តុនិងកៅអីត្រូវបានឧបត្ថម្ភដោយលោក Tung។ យើងខ្ញុំឧបត្ថម្ភសៀវភៅនិងប៊ិច។ ថ្នាក់រៀនតែងតែមានស្ករគ្រាប់ដើម្បីឲ្យក្មួយៗចូលចិត្តទៅរៀន។ នាបច្ចុប្បន្ន មិនត្រឹមតែមានកុមារវៀតណាមទៅរៀនប៉ុណ្ណោះទេ ថែមទាំងកុមារថៃក៏ទៅរៀនដែរ”។

នាំឲ្យភាសាវៀតណាមធ្វើសមាហរណកម្មនៅក្នុងប្រទេសថៃ - ảnh 2ទិដ្ឋភាពនៅក្នុងថ្នាក់រៀនភាសាវៀតណាម។

ថៃគឺជាប្រទេសមួយដែលមានចំនួនប្រជាជនវៀតណាមជាច្រើនរស់នៅ និងសិក្សារៀនសូត្រ។ គ្រួសារវៀតណាមជាច្រើនបានមករស់នៅក្នុងប្រទេសថៃរហូតដល់ជំនាន់ទី៣ ទី៤ហើយ។ ដូច្នេះ ការបង្រៀនភាសាវៀតណាមជូនអាណិកជនវៀតណាមនៅថៃត្រូវបានយកចិត្តទុកដាក់ខ្លាំងណាស់។ ថ្នាក់ភាសាវៀតណាមទាំងនេះសុត្ធតែត្រូវបានសមាជិកសមាគមថៃ-វៀតណាមស្ម័គ្រចិត្តចូលរួមបង្រៀនដោយឥតគិតថ្លៃ។ ក្រៅពីនោះ មូលដ្ឋានបង្រៀនភាសាវៀតណាមក៏ត្រូវបានបំពាក់តុ កៅអី និងកន្លែងសិក្សា ដោយមានការជួយឧបត្ថម្ភពីសមាគមធុរកិច្ច និងសមាគមជនជាតិវៀតណាមនៅថៃ។ អាស្រ័យហេតុនេះ ថ្នាក់រៀនបានទាក់ទាញទាំងមនុស្សពេញវ័យនិងកុមារប្រចាំស្រុក មករៀនភាសាវៀតណាម។ មិនត្រឹមតែប៉ុណ្ណោះទេ ភាសាវៀតណាមនាបច្ចុប្បន្ន ត្រូវបានចាត់ទុកជាមុខវិជ្ជាភាសាបរទេសចាប់បង្ខំក្នុងកម្មវិធីអប់រំនៅថៃទៀតផង។ លោក Charun Phithakphong កម្មាភិបាលទទួលបន្ទុកផ្នែកអប់រំខេត្ត Nakhon Phanom បានឲ្យដឹងថា៖

“នេះគឺជាគោលនយោបាយសហប្រតិបត្តិការរវាងរដ្ឋាភិបាលថៃនិងវៀតណាម ក្នុងនោះមានការកសាងមជ្ឈមណ្ឌលមិត្តភាព Nakhon Phanom-Hanoi សម្រាប់កុមារ និងប្រជាជនដែលយកចិត្តទុកដាក់ដល់ភាសាវៀតណាម អាចមកសិក្សានៅទីនេះ។ ដោយសារយើងជាសមាជិកអាស៊ាន អញ្ចឹងកម្មវិធីសហប្រតិបត្តិការបង្រៀនភាសាអាចជួយពង្រីកការផ្លាស់ប្តូរ ការជួបប្រាស្រ័យឆ្លងព្រំដែន”។

លោក Nguyen Truong Thi អនុប្រធានសមាគមថៃ-វៀតណាមខេត្ត Nakhon Phanom ទទួលបន្ទុកវិស័យអប់រំបានឲ្យដឹងថា សមាគមន៍ត្រូវបានបង្កើតឡើងជាង ១០ ឆ្នាំមុនហើយចាប់តាំងពីពេលនោះមក សហគមន៍អាស៊ានកាន់តែរីកចម្រើន ហើយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក៏មានការរីកចម្រើនយ៉ាងល្អប្រសើរដែរ ដូច្នេះសមាគមបានត្រឡប់មកបង្រៀនកុមារឡើងវិញ ហើយតម្រូវការរៀនភាសាវៀតណាមនៅប្រទេសថៃក៏កាន់តែច្រើនឡើងៗផងដែរ។

“មិនត្រឹមតែបងប្អូនអាណិកជនវៀតណាមប៉ុណ្ណោះទេ ប្រជាជនថៃជាច្រើនក៏យកចិត្តទុកដាក់ខ្លាំងដល់ការរៀនភាសាវៀតណាមផងដែរ។ ដោយសារពេលចូលរួមអាស៊ានហើយ មានការផ្លាស់ប្ដូរ ការធ្វើដំណើរ និងដើរកំសាន្តជាច្រើន។ ជនជាតិថៃក៏រៀនភាសាវៀតណាមច្រើនដែរ។ យើងខ្ញុំក៏សួរគេថា រៀនភាសាវៀតណាមដើម្បីធ្វើអ្វី? ភាគច្រើនឆ្លើយថា រៀនដើម្បីដើរកំសាន្ត ពីព្រោះការធ្វើដំណើរនាបច្ចុប្បន្នក៏ងាយស្រួលហើយ។ ពី Nakhon Phanom ទៅ Quang Binh មានចម្ងាយ  តែ១៤៥គីឡូម៉ែត្រគឺមកដល់ព្រំដែនហើយ។ នៅទីនេះអាចផ្សព្វផ្សាយបានថា ក្នុងមួយថ្ងៃអាចហូបបាយនៅប្រទេសចំនួន៣។ អាហារពេលព្រឹកនៅថៃ អាហាពេលរសៀលនៅឡាវ ហើយអាហារពេលល្ងាចនៅវៀតណាម។ ប្រជាជនថៃ សូម្បីតែមន្ត្រីថៃក៏ទៅរៀនដែរ។ ជនជាតិថៃបន្ទាប់ពីទៅរៀននៅវៀតណាមវិលត្រឡប់មកវិញ គឺមានការងារធ្វើភ្លាមៗ។ សាលារៀនសឹងតែទាំង២៣ នៅខេត្ត Nakhon Phanom សុទ្ធតែបង្រៀនភាសាវៀតណាម”។

បច្ចុប្បន្ននេះ ក្រៅពីសាលារៀនដែលបង្រៀនភាសាវៀតណាមជាមុខវិជ្ជាផ្លូវការនោះ នៅខេត្ត Nakhon Phanom នៅមានមជ្ឈមណ្ឌលមិត្តភាពហាណូយ - NakhonPhanom ក៏បានរៀបចំថ្នាក់បង្រៀនភាសាវៀតណាមសម្រាប់សហគមន៍អាណិកជនវៀតាមនិងប្រជាជនថៃដែលមានបំណងចង់រៀនផងដែរ។ ប្រការនេះបានបង្ហាញថា ភាសាវៀតណាមកាន់តែត្រូវបានយកចិត្តទុកដាក់ហើយផ្ដោតលើការអភិវឌ្ឍនៅក្នុងប្រទេសថៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ