បច្ចេកទេសគូរគំនូរ Batik ប្រពៃណីរបស់ឥណ្ឌូណេស៊ី

(VOVWORLD) - Batik គឺជាមោទនភាពរបស់ប្រជាជនឥណ្ឌូនេស៊ី។ ពួកគេមានមោទនភាពមិនត្រឹមតែដោយសារភាពស្រស់ស្អាតរបស់វាប៉ុណ្ណោះទេថែមទាំងដោយសាររបៀបបង្កើតប្រណាត់ដ៏គួរឲ្យទាក់ទាញនេះទៀតផង។ 
បច្ចេកទេសគូរគំនូរ Batik ប្រពៃណីរបស់ឥណ្ឌូណេស៊ី - ảnh 1 សកម្មភាពគូរគំនូរ Batik ប្រពៃណីរបស់ឥណ្ឌូណេស៊ី

ដើម្បីបង្កើតក្រណាត់ Batik ដ៏ល្អឥតខ្ចោះនោះ សិប្បករធ្វើ Batik ត្រូវឆ្លងកាត់ដំណាក់កាលនិងពេលវេលាជាច្រើន ក្នុងនោះមានបច្ចេកទេសគូរក្បូរក្បាច់ដោយក្រមួនក្តៅ។ នេះគឺជាដំណាក់កាលមួយដែលទាមទារឱ្យមានភាពល្អិតល្អន់ ប៉ិនប្រសប់ អត់ធ្មត់របស់សិប្បករ។

ជាធម្មតា Batik មានពីរប្រភេទគឺ "Batik tulis" (Batik គូរដោយដៃ) និង "Batik cap" (Batik បោះពុម្ភ) ។ លោកអ្នកអាចយល់បានយ៉ាងសាមញ្ញថា ក្បូរក្បាច់របស់"Batik cap " ត្រូវបានបង្កើតឡើងដោយពុម្ភគំរូ ដែលមានស្រាប់ ខណៈដែល ក្បូរក្បាច់របស់ "Batik tulis" គឺត្រូវបានគូរដោយដៃ។ ដើម្បីបង្កើតផលិតផល Batik សិល្បករបានប្រើប្រាស់ក្រមួនក្តៅដើម្បីបង្កើតក្បូរក្បាច់ ហើយមិនទុកឲ្យពណ៌ជ្រាបចូល នៅពេលជ្រលក់ក្រណាត់ឡើយ។ ក្រមួនក្តៅត្រូវបានគូរលើក្រណាត់ដោយប្រើឧបករណ៍ដែលមានរាងដូចប៊ិច ដែលមានឈ្មោះហៅថា "Canting " ។ អ្នកស្រី Hanny Luvytasari ដែលជាមនុស្សម្នាក់មានការយល់ដឹងអំពី Batik បានចែករំលែលថា៖ “ការគូរគំនូរ Batik គឺមានន័យថាតភ្ជាប់ចំណុចរឺបន្ទាត់ជាមួយគ្នាដើម្បីបង្កើតជាក្បូរក្បាច់ លំនាំដែលមានអត្ថន័យ។ ដើម្បីគូរគំនូរBatik គឺត្រូវការក្រណាត់ ខ្មៅដៃcanting ក្រមួន និងចង្ក្រាន។ ដំបូងយើងរៀបចំផ្ទាំងក្រណាត់បន្ទាប់មកគូរក្បូរក្បាច់លំនាំដោយខ្មៅដៃ។ ក្រោយមកយើងរលាយក្រមួននៅលើចង្ក្រាន។ នៅពេលក្រមួនឃ្មុំក្តៅល្មមហើយ គឺយើងប្រើcanting ដើម្បីយកក្រមួនឃ្មុំចេញ។ ជាបន្តគឺ គូរលើផ្ទាំងក្រណាត់ យោងទៅតាមក្បូរក្បាច់លំនាំដែលត្រូវបានគូសព្រាងមុន”។

អំពីបច្ចេកទេសគូរគំនូរ Batik គឺ ឧបករណ៍ Canting ដើរតួនាទីយ៉ាងសំខាន់។ Cantingមានទំហំជាច្រើន  ពោលគឺអាស្រ័យលើគោលដៅនៃការគូររូបធំឬតូច។ ពេលវេលាគូរគំនូរ Batik គឺអាស្រ័យលើទំហំនិងភាពស្មុគស្មាញនៃគំនូរលើក្រណាត់ ពោលគឺអាចអូសបន្លាយក្នុងរយៈពេលរហូតដល់ច្រើនសប្តាហ៍។ មនុស្សជាច្រើនបាននិយាយថាការបង្កើតផលិតផល Batik ដូចជាវិធីនៃការធ្វើសមាធិអញ្ចឹង។ អ្នកស្រីHanny Luvytasari បានចែករំលែកបន្ថែមថា៖ “ ប្រការដែលពិបាកបំផុតក្នុងការគូរគំនូរ Batik គឺការកែសំរួលក្រមួនឃ្មុំតូចៗពី Canting ។ ព្រោះថាក្រមួនឃ្មុំគឺក្តៅខ្លាំងណាស់ បានជាយើងត្រូវអត់ធ្មត់។ ក្នុងវប្បធម៌Jawa យើងមានទស្សនៈទានថា ជីវភាពរស់នៅមិនគួរប្រញាប់ប្រញាល់ពេកទេ ពោលគឺត្រូវអត់ធ្មត់។ គំគំនូរ Batik គឺជាវិធីដើម្បីសាកល្បងភាពអត់ធ្មត់របស់មនុស្ស "។

បច្ចេកទេសគូរគំនូរ Batik ប្រពៃណីរបស់ឥណ្ឌូណេស៊ី - ảnh 2 អ្នកស្រី Hanny Luvytasari ដែលជាមនុស្
សម្នាក់មានការយល់ដឹងអំពី Batik 

ដោយកើតមក និងធំដឹងក្ដីនៅ Yogyakarta ដែលជាប្រភពវប្បធម៌ Batik នោះ តាំងពីកមារភាព អ្នកស្រី Hanny បានស្រឡាញ់និងជក់ចិត្តជាមួយសិល្បៈប្រពៃណីរបស់ដូនតា។ ទោះជាបច្ចុប្បន្ននេះ អ្នកស្រីបានប្រកបអាជីពជាអ្នកគ្រូបង្រៀនភាសាឥណ្ឌូណេស៊ីក៏ដោយ ប៉ុន្តែក៏ Batik នៅតែជាក្ដីជក់ចិត្តរបស់អ្នកស្រីដដែល។ Hanny បានចូលរួមវគ្គសិក្សា Batik ជាច្រើនចូលរួមក្លឹបអ្នកស្រឡាញ់ Batik ហើយធ្លាប់បានសម្តែងរបៀបធ្វើក្រណាត់ Batik ក្នុងទិវាប្រពៃណី Batik (២ តុលា) ដោយមានការចូលរួមរបស់លោកប្រធានាធិបតី Joko Widodo ។ ក្នុងឆ្នាំ ២០២០ Hanny បានចូលរួមបង្រៀនភាសាឥណ្ឌូនេស៊ីនៅវៀតណាមហើយពេលនេះគឺជាឱកាសរបស់អ្នកស្រី ដើម្បីឧទ្ទេសនាមក្រណាត់ប្រពៃណីរបស់ឥណ្ឌូណេស៊ីដល់ប្រជាជនៅទីក្រុងហាណូយ។ នៅក្នុងថ្នាក់គូរគំនូរ Batik ប្រពៃណីរបស់អ្នកស្រី Hanny នោះ មិត្តយុវជនវៀតណាមជាច្រើនរូបបានបង្ហាញសមត្ថភាពរបស់ខ្លួន តាមរយៈការប្រើប្រាស់ “canting” ដើម្បីគូរក្រមួនក្តៅនៅលើផ្ទៃក្រណាត់។ នេះពិតជាបទពិសោធន៍ គួរឲ្យទាក់ទាញសម្រាប់មិត្តយុវជនទាំងអស់គ្នា។ មិត្ត Minh Huong និស្សិតមួយរូបមកពីមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមសាស្ត្រ និងមនុស្សសាស្រ្តហាណូយបានសំណេះសំណាលថា៖ “នេះជាលើកទី ២ ហើយដែលខ្ញុំបានចូលរួមសកម្មភាពគូរគំនូ Batik ពោលគឺលើកដំបូងនៅឥណ្ឌូនេស៊ីហើយលើកនេះគឺនៅវៀតណាមវិញ។ ក្នុងដំណើរការគូរគំនូរ Batik ប្រការដែលពិបាកបំផុតគឺ ធ្វើយ៉ាងម៉េច ដើម្បីសម្រួលកំរិតទឹកខ្មៅនៅក្នុងCanting ផងដែរ”។

នេះគឺជាលើកដំបូងហើយ ដែល អ្នកស្រី Hanny Luvytasari បាននាំមកសិល្បៈធ្វើ Batik ទៅកាន់ប្រជាជនវៀតណាម ប៉ុន្តែអ្នកស្រីមានការភ្ញាក់ផ្អើលចំពោះសេចក្តីស្រឡាញ់របស់យុវវ័យចំពោះសិល្បៈប្រពៃណីឥណ្ឌូនេស៊ីនេះ៖ “ ខ្ញុំបានឃើញថាមិត្តយុវជនវៀតណាមពិតមានចំណាប់អារម្មណ៍ចំពោះការគូរគំនូរBatik ណាស់ ។ តាមពិតការគូរគំនូរ Batik គឺជាការងារដ៏លំបាកមួយសម្រាប់អ្នកដែលទើបចាប់ផ្តើមគូរគំនូរ ព្រោះថាត្រូវប្រើប្រាស់ក្រមួនក្តៅ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ខណៈដែលមិត្តយុវជនសុទ្ធតែមានចំណាប់អារម្មណ៍ចំពោះសិល្បៈBatikប្រពៃណីរបស់ឥណ្ឌូនេស៊ី”។

បន្ទាប់ពីសម្រេចការលាបក្រមួនក្តៅនៅលើគំនូរួចហើយ គឺសិប្បករ Batik បានបន្តធ្វើជំហានបន្ទាប់រួមមានការជ្រលក់ក្រណាត់និងលុបក្រមួនចេញ។ ដើម្បីបង្កើតផ្ទាំងក្រណាត់ Batik ល្អឥតខ្ចោះពេលខ្លះគឺអាចចំណាយពេលរហូតដល់ពីរបីខែ។ ដោយសារមានបច្ចេកទេសធ្វើ Batik ដ៏ល្អិតល្អន់នោះ បានធ្វើឲ្យក្រណាត់ប្រពៃណីនេះរបស់ឥណ្ឌូនេស៊ីមានភាពវិសេសវិសាល ដែលជាស្នាដៃឯកនៃបេតិកភ័ណ្ឌមរតកផ្ទាល់មាត់និងអរូបីយ៍នៃមនុស្សជាតិដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់នៅថ្ងៃទី ២ ខែតុលា។ ឆ្នាំ ២០០៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ