ប្រទេសឡាវនាំយករុក្ខជាតិឱសថមកព្យាបាលជំងឺកូវីដ-១៩ដោយជោគជ័យ

(VOVWORLD) - នៅចំពោះមុខការរីករាលដាលដ៏ស្មុគស្មាញនៃវ៉ារ្យ៉ង់ អូមីក្រុងលើទូទាំងពិភពលោក ប្រទេសឡាវអាចត្រូវបានគេចាត់ទុកថា ជាចំណុចភ្លឺមួយនៅពេលដែលមានចំនួនករណីឆ្លងនិងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ មានកម្រិតទាប នៅក្នុងតំបន់អាស៊ាន។ ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងនិងអ្នកស្លាប់ឲ្យបាន ច្រើនបំផុតតាមដែលអាចធ្វើទៅបាន នៅចុងឆ្នាំ២០២១ ឡាវបានសម្រេចជោគជ័យក្នុងការប្រើប្រាស់សារធាតុចម្រាញ់ពីរុក្ខជាតិឱសថមួយចំនួនដើម្បីផ្សំជាថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ-១៩។ រុក្ខជាតិឱសថដែលត្រូវបានប្រើរួមមាន ស្មៅប្រមាត់មនុស្ស ជីថ្ពាលត្រីនិងមើមខ្ជាយ។

ប្រទេសឡាវនាំយករុក្ខជាតិឱសថមកព្យាបាលជំងឺកូវីដ-១៩ដោយជោគជ័យ - ảnh 1ថ្នាំព្យាបាលជំងឺកូវីដ-១៩ពីរុក្ខជាតិឱសថរបស់ឡាវ។ 
យោងតាមក្រសួងសុខាភិបាលឡាវ លទ្ធផលស្រាវជ្រាវបានបង្ហាញថា រុក្ខជាតិឱសថទាំងបីប្រភេទនេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ហើយជួយកាត់បន្ថយអាការៈគ្រុនក្តៅ ផ្តាសាយ ក្អក ឈឺបំពង់ក ហើយជួយទទួលបានរសជាតិអាហារឡើងវិញក្នុងពេលឆាប់បំផុតផងដែរ។ បន្ទាប់ពីត្រូវបានផលិតជាទម្រង់ថេប្លេត ស្ថាប័នពាក់ព័ន្ធរបស់ឡាវ បានអនុវត្តន៍រូបមន្តព្យាបាលដោយគួបផ្សំនឹងថ្នាំពេទ្យ សម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនិងមធ្យម នៅតាមមណ្ឌលធ្វើចត្តាឡីស័កនៅខេត្ត Savannakhet, Salavan និង Champasak។
លទ្ធផលនៃការព្យាបាលសម្រាប់អ្នកជំងឺចំនួន៤២៥នាក់ បានបង្ហាញថា មានចំនួនអ្នកជំងឺពី ៨៦%ដល់១០០% បានជាសះស្បើយនៅពេលប្រើស្មៅប្រមាត់មនុស្សនិងជីថ្ពាលត្រី ខណៈដែលចំពោះមើមខ្ជាយគឺ ៩៣-១០០%។ លោក Bunthong និងអ្នកស្រី Chansida អ្នកជំងឺ ២ នាក់ ដែលបានប្រើវិធីខាងលើបានចែករំលែក៖
“ខ្ញុំត្រូវបានគ្រូពេទ្យណែនាំឲ្យប្រើថ្នាំពេទ្យគួបផ្សំជាមួយរុក្ខជាតិ ឱសថឡាវ។ បើប្រៀបធៀបនឹងអ្នកជំងឺដទៃទៀត ប្រសិទ្ធភាពរបស់ថ្នាំមកលើខ្ញុំគឺលឿនណាស់ បន្ទាប់ពីត្រឹមតែពីរថ្ងៃប៉ុណ្ណោះ សុខភាពរបស់ខ្ញុំបានប្រសើរឡើងគួរឲ្យកត់សម្គាល់ អាការៈរបស់ខ្ញុំក៏បានរលាយបាត់ផុតទៅផងដែរ”។
“ពេលដឹងថា ខ្លួនបានឆ្លងកូវីដ-១៩ ខ្ញុំបានព្យាបាលតាមការណែនាំរបស់វេជ្ជបណ្ឌិត ជាមួយនឹងរុក្ខជាតិឱសថដែលផលិតដោយប្រទេសឡាវផ្ទាល់។ បន្ទាប់ពីប្រើប្រាស់ថ្នាំនេះ ខ្ញុំឃើញអាការៈក្អក កណ្តាស់ ហៀរសំបោរ បានថយចុះយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ការឈឺបំពង់ក រលាកអាមីដាន ក៏ជាសះស្បើយបណ្ដើរៗផងដែរ។ ខ្ញុំបន្តប្រើថ្នាំក្នុងរយៈពេល៦ថ្ងៃបន្ថែមទៀត គឺជាសះស្បើយពេញលេញ រាល់អាកាសៈជំងឺក៏មិនសល់ទៀតឡើយ”។
យោងតាមនាយកវិទ្យាស្ថានឱសថបុរាណឡាវ លោក Bounluan Duangduen គំនិតផ្តួចផ្តើមអនុវត្តន៍រុក្ខជាតិឱសថ ក្នុងការព្យាបាលជំងឺកូវីដ-១៩ គឺជាផ្នែកមួយនៃផែនការអភិវឌ្ឍវិស័យសុខាភិបាលសម្រាប់ដំណាក់កាល ២០១៦-២០២០ ស្តីពីការពង្រីក ប្រើប្រាស់ និងអភិរក្សរុក្ខជាតិឱសថធម្មជាតិ។ តាមរយៈការតាមដាន បានបង្ហាញថា ស្មៅប្រមាត់មនុស្សមានប្រសិទ្ធភាពក្នុងការបន្ថយគ្រុនក្តៅ ការឈឺបំពង់ក រលាកសួត ហើយមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកជំងឺកម្រិតស្រាល។ ជីថ្ពាល់ត្រី ជួយពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹង មេរោគហើយធ្វើឲ្យពិបាកសម្រាប់មេរោគដើម្បីរីកលូតលាស់នៅក្នុងរាងកាយ; ចំណែកឯ មើមខ្ជាយ មានប្រសិទ្ធភាពការពារមេរោគពីការឆ្លងរាលដាល។ លោក លោក Bounluan Duangduen បានឲ្យដឹងថែមទៀតថា៖
“ពីចំណេះដឹងវេជ្ជសាស្រ្តទំនើប គួបផ្សំនឹងឱសថបុរាណដែលជីដូនជីតាបន្សល់ទុកមក យើងបានស្រាវជ្រាវ ហើយផលិតដោយជោគជ័យនូវថ្នាំជួយព្យាបាលជំងឺកូវីដ-១៩ ពីរុក្ខជាតិឱសថ ដូចជា មើមខ្ជាយ ជីថ្ពាល់ត្រីនិងស្មៅប្រមាត់មនុស្ស។ បន្ទាប់ពីធ្វើការសាកពិសោធន៍លើមនុស្សរួចមក ប្រភេទថ្នាំនេះបានបង្ហាញថា វាមានប្រសិទ្ធភាពនិងមានប្រយោជន៍ ជាពិសេសក្នុងការព្យាបាលជំងឺគ្រុនផ្តាសាយ និងជំងឺផ្លូវដង្ហើម”។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រឡាវក៏បានផ្ដល់អនុសាសន៍ផងដែរថា ប្រជាជនមិនគួរតែប្រើរុក្ខជាតិឱសថទាំងនេះ តាមតែអំពើចិត្តនោះទេ ដោយសារតែផលប៉ះពាល់របស់វា ហើយការប្រើប្រាស់ត្រូវតែអនុវត្តន៍តាមរូបមន្ត ដែលគួបផ្សំជាមួយថ្នាំពេទ្យ ក៏ដូចជាក្រោមការណែនាំរបស់វេជ្ជបណ្ឌិតដែលមានសមត្ថភាពផងដែរ។ ការរួមបញ្ចូលគ្នានៃឱសថបុរាណ និងឱសថទំនើបក្នុងការព្យាបាលអ្នកជំងឺ កូវីដ-១៩ បាននិងកំពុងត្រូវបានស្រាវជ្រាវនៅប្រទេសមួយចំនួនជុំវិញពិភពលោក។ សម្រាប់ប្រទេសឡាវ នេះគឺជាជោគជ័យជំហានដំបូងនៃប្រទេសនេះ ក្នុងការងារស្រាវជ្រាវនិងព្យាបាលអ្នកជំងឺកូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ