រយៈពេល ៥៧ ឆ្នាំនៃ​​អាស៊ាន៖ ដើម្បី​សមាគ​ម​​មានការ​តភ្ជាប់និងភាពធន់

(VOVWORLD) - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាអង្គការដ៏សំខាន់និងមានកិត្យានុភាពបំផុតមួយនៅក្នុងតំបន់ និងលើពិភពលោក។ ឆ្លងកាត់រយៈពេលជាង ៥៧ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ (៨ សីហា ១៩៦៧ - ៨ សីហា ២០២៤) អាស៊ានបានគួសសញ្ញាសំខាន់ៗជាច្រើនក្នុងដំណើរការសហប្រតិបត្តិការ នាំប្លុកទាំងមូលអភិវឌ្ឍន៍និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅលើឆាកអន្តរជាតិ។ ក្នុងកំនត់ផ្លូវរួមដំណើរជាមួយអាស៊ានអស់រយៈពេលជិត៣០ឆ្នាំកន្លងមកនេះ វៀតណាមមានការរួមវិភាគទានជាច្រើន ដោយឈរលើស្មារតីម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវ។

ប្រធានបទនៃឆ្នាំអាស៊ាន ២០២៤ គឺ “ពង្រឹងការតភ្ជាប់និងភាពធន់”។ ជាំមួយនឹងប្រធានបទនេះ ប្រទេសឡាវ ដែលកំពុងកាន់តំណែងជាប្រទេសប្រធានអាស៊ាន បានកំណត់អាទិភាពចំនួន ៩ ក្នុងនោះ មានអាទិភាពចំនួន ៤ ផ្តោតលើការពង្រឹងការតភ្ជាប់របស់អាស៊ាន និងអាទិភាពចំនួន ៥ ផ្តោតលើភាពធន់របស់អាស៊ាន។ អាទិភាពស្តីពីការពង្រឹងការតភ្ជាប់របស់អាស៊ានរួមមាន សមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ច ការកសាងអនាគតដ៏ទូលំទូលាយនិងនិរន្តរភាព បរិវត្តកម្ម ឌីជីថល វប្បធម៌និងសិល្បៈ; អាទិភាពចំនួន ៥ ស្តីពីភាពធន់របស់អាស៊ានរួមមាន ការកសាងយុទ្ធសាស្ត្រអនុវត្តន៍ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ការរក្សាមជ្ឈភាពរបស់អាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន អំពីស្ត្រី-កុមារ និងសុខាភិបាល។

រយៈពេល ៥៧ ឆ្នាំនៃ​​អាស៊ាន៖ ដើម្បី​សមាគ​ម​​មានការ​តភ្ជាប់និងភាពធន់ - ảnh 1និមិត្តសញ្ញា អបអរសាទរខួបលើកទី ៥៧ នៃអាស៊ាន (រូបថត៖ Asean.org)

សហគមន៍អាស៊ានដែលមានការតភ្ជាប់និងភាពធន់

ប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃ (ថ្ងៃទី២៤-២៧ ខែកក្កដា ឆ្នាំ២០២៤) ជាមួយនឹងសកម្មភាពជាង ២០ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាស៊ាន និងបណ្តាប្រទេសជាដៃគូដូចជា សហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង ជប៉ុន និងរុស្ស៊ី សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ (AMM-៥៧) និងសន្និសីទពាក់ព័ន្ធបានបន្សល់ទុកនូវសញ្ញាសំគាល់ជាច្រើនអំពីសហគមន៍អាស៊ានមួយដែលមានការតភ្ជាប់និងភាពធន់។ អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រកាសលទ្ធផលនៃសន្និសីទ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានឲ្យដឹងថា៖ “បណ្តារដ្ឋមន្ត្រីបានពិភាក្សាអំពីការពង្រឹងមជ្ឈភាពពរបស់អាស៊ាន ក៏ដូចជាការរួបរួមគ្នានិងសាមគ្គីភាពរបស់អាស៊ាន បើទោះបីនៅមានបញ្ហាប្រឈមជាច្រើនក៏ដោយ។ បណ្តារដ្ឋមន្ត្រីក៏បានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីធានាថា អាស៊ានរក្សាបាននូវតួនាទីស្នូលក្នុងរាល់បញ្ហារបស់អាស៊ាន ក៏ដូចក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាទៀផង”។

បច្ចុប្បន្ននេះ អាស៊ានជាសហគមន៍មួយដែលមានប្រទេសជាសមាជិកចំនួន ១០ ដោយមានប្រជាជនចំនួនជាង ៦៥០ លាននាក់ ហើយត្រូវបានចាត់ទុក ជាទីផ្សារពោពេញទៅដោយសក្តានុពល។ តាមការព្យាករណ៍ នៅឆ្នាំ២០៥០ អាស៊ាននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ៤ នៅលើពិភពលោក។ ជោគជ័យដ៏សំខាន់បំផុតរបស់អាស៊ានក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមកនេះ គឺធានាការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។ មូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យក្នុងរយៈពេលជិត ៦ ទស្សវត្សរ៍កន្លងទៅ នោះគឺយន្តការសហប្រតិបត្តិការក្នុងប្លុក ដែលត្រូវបានអនុវត្តន៍តាមរយៈយន្តការសហប្រតិបត្តិការដូចជា វេទិកាតំបន់អាស៊ាន (ARF) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបើកទូលាយ (ADMM+)។ ជាពិសេស អាស៊ានជានិច្ចកាលបង្ហាញពីគោលជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត តាមរយៈសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្នាំ ២០០២ និងការចរចាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ដែលគ្រោងនឹងសម្រេចបាននាពេលឆាប់ៗនេះ។ លើសពីនេះ អាស៊ានក៏បានកសាងទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសនិងអង្គការសំខាន់ៗជាច្រើនក្នុងពិភពលោក រួមទាំងប្រទេសធំៗផងដែរ។

រយៈពេល ៥៧ ឆ្នាំនៃ​​អាស៊ាន៖ ដើម្បី​សមាគ​ម​​មានការ​តភ្ជាប់និងភាពធន់ - ảnh 2កិច្ចប្រជុំ ADMM លើកទី ៥៧ ។ រូបថត៖ VOV

តួនាទី និងការរួមវិភាគទានរបស់វៀតណាម

ឈរលើស្មារតីម្ចាស់ការ សកម្ម និងមានទំនួលខុសត្រូវ ក្នុងរយៈពេល ២៩ ឆ្នាំនៃការចូលជាសមាជិកអាស៊ាន វៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយបណ្តាប្រទេសសមាជិក ដើម្បីរួមចំណែកជាក់ស្តែងទៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន លោកស្រី Ton Thi Ngoc Huong បានចាត់ទុកថា មានព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ នៅក្នុងដំណើរការចូលជាសមាជិកអាស៊ានរបស់វៀតណាម  នោះគឺ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ានអាណត្តិឆ្នាំ ២០០០ - ២០០១; ប្រធានអាស៊ានឆ្នាំ ២០១០ និងឆ្នាំ ២០២០។ អាណត្តិជាប្រធានអាស៊ានរបស់វៀតណាមសុទ្ធតែគួសញ្ញាកសម្គាល់នូវការរួមវិភាគទានយ៉ាងសំខាន់និងពោពេញទៅដោយអត្ថសញ្ញានរបស់វៀតណាមចំពោះអាស៊ាន ជាពិសេសក្នុងឆ្នាំ ២០២០ នៅពេលដែលវៀតណាមនិងអាស៊ានបានជំនះលើបញ្ហាប្រឈមដ៏ធំបំផុតនោះ គឺជំងឺរាតត្បាត Covid-១៩។ លើសពីនេះទៅទៀត វៀតណាមក៏ចូលរួមតម្រង់ទិសសម្រាប់ការអភិវឌ្ឍសំខាន់ៗរបស់អាស៊ាននាពេលអនាគត៖ “ការរួមវិភាគទានរបស់វៀតណាមត្រូវបានទទួលស្គាល់ដោយបណ្តាប្រទេសសមាជិកអាស៊ាននិងដៃគូ។ អាស៊ានតែងតែជាអាទិភាពមួយក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ហើយឈានទៅដំណាក់កាលថ្មីនេះវៀតណាមនឹងបន្តរួមដំណើរជាមួយអាស៊ានឆ្ពោះទៅរកការកសាងនិងអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥” ។

រយៈពេល ៥៧ ឆ្នាំនៃ​​អាស៊ាន៖ ដើម្បី​សមាគ​ម​​មានការ​តភ្ជាប់និងភាពធន់ - ảnh 3ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន លោកស្រី Ton Thi Ngoc Huong ។ រូបថត៖ VOV

ឯកអគ្គរដ្ឋទូត លោកស្រី Ton Thi Ngoc Huong ក៏បានអះអាងដែរថា វៀតណាមនឹងបន្តរួមវិភាគទានយ៉ាងសកម្ម ម្ចាស់ការ និងមានទំនួលខុសត្រូវក្នុងការលើកកំពស់តួនាទី ឋានៈ កិត្យានុភាព រក្សាសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាពង្រឹងភាពធន់ ដើម្បីអាស៊ានអាចសម្របខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពចំពោះរាល់បញ្ហាប្រឈម ក្នុងបរិបទនៃស្ថានភាពតំបន់និងអន្តរជាតិមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ដូចបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ