លោកអគ្គនាយកជនជាតិថៃជាមួយនឹង “សេចក្ដីប្រាថ្នានាំវៀតណាមឲ្យក្លាយទៅជាផ្ទះបាយពិភពលោក”

(VOVWORLD) - កាលពីខែឧសភាឆ្នាំ២០២១ ទស្សនាវដ្ដី Forbes វៀតណាមបានលើកតម្កើងអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន CP វៀតណាម លោក Montri Suwanphosi ដែលបាន ចំណាយពាក់កណ្ដាលជីវិតរបស់ខ្លួនដើម្បីផ្សាភ្ជាប់និងលះបង់សម្រាប់ការអភិវឌ្ឍនៃប្រទេសវៀតណាម ជាពិសេសគឺលើវិស័យកសិកម្ម។ ក្នុងនាទី “ដំបូលអាស៊ាន” ថ្ងៃនេះ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តរួមជាមួយអ្នកសារព័ត៌មាន VOV ជួបសំណេះសំណាលជាមួយលោក Montri Suwanphosi ផងណា!
លោកអគ្គនាយកជនជាតិថៃជាមួយនឹង “សេចក្ដីប្រាថ្នានាំវៀតណាមឲ្យក្លាយទៅជាផ្ទះបាយពិភពលោក” - ảnh 1លោក Montri Suwanphosi - អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន CP វៀតណាម។

និស្ស័យរបស់លោក Montri Suwanphosi និងក្រុមហ៊ុន CP វៀតណាមមកដល់ដោយចៃដន្យ។ នៅឆ្នាំ១៩៩៣ លោក Montri ដែលជាគណនេយ្យករវ័យក្មេងជនជាតិថៃម្នាក់ ត្រូវបានសហសេវិកពឹងឲ្យស្វែងរកធនធានមនុស្សសម្រាប់មុខតំណែងជានាយកផ្នែកហិរញ្ញវត្ថុនៃរោងចក្រ CP នៅវៀតណាម។ ប៉ុន្តែ បន្ទាប់ពីការពិភាក្សាគ្នារួច អ្នកជ្រើសរើសបានស្នើឲ្យគណនេយ្យករវ័យក្មេងរូបនេះ ទទួលយកតំណែងនេះ។ នៅពេលនោះ លោក Montri មានការស្ទាក់ស្ទើរ ពីព្រោះលោកមិនយល់ដឹងច្រើនអំពីប្រទេសដែលនៅតែត្រូវហ៊ុំព័ទ្ធសេដ្ឋកិច្ចមួយនេះ។ ទោះជាយ៉ាងនេះក្ដី ជាទីបំផុត លោកក៏ទទួលយកសំណើរនេះ ហើយ២៨ឆ្នាំក្រោយមក គណនេយ្យករវ័យក្មេងរូបនេះបានក្លាយទៅជាអគ្គនាយកនៃក្រុមហ៊ុន CP វៀតណាម ដោយមានបុគ្គលិកជនជាតិវៀតណាមចំនួនជាង២៥ពាន់នាក់ និង ទុនធម្មនុញ្ញចំនួនជិត៩,២ទ្រីលានដុង។ លោក Montri ចែករំលែកថា ប្រការដែលបង្កើតឡើងភាពជោគជ័យរបស់ក្រុមហ៊ុនបរទេសក្នុងវិស័យកសិកម្មនៅវៀតណាមនោះ គឺត្រូវយល់ដឹងអំពីមនុស្សនិងវប្បធម៌វៀត ណាម ហើយមានគោលដៅនាំមកនូវវិបុលភាពសម្រាប់ប្រជាជននិងសង្គម។

“អ្វីៗទាំងអស់ដែលយើងបានធ្វើនៅវៀតណាម យើងសុទ្ធតែមានបំណងថា នឹងនាំមកនូវផលប្រយោជន៍ខ្ពស់បំផុតជូនប្រទេសវៀតណាម ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ក្នុងការធ្វើអាជីវកម្មដោយមានការទទួលខុសត្រូវ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនបំផុតជូនប្រជាជនលើគ្រប់វិស័យដូចជា សុខភាព សង្គមកិច្ចនិងបរិស្ថាន។ យើងចង់សង្កត់ធ្ងន់យ៉ាងដូច្នេះថា ទោះជាធ្វើអ្វីៗក៏ដោយ ប៉ុន្តែយើងត្រូវមានការទទួលខុសត្រូវចំពោះសង្គម ហើយជួយឧបត្ថម្ភសង្គមឲ្យបានច្រើនថែមទៀត”។

ក្នុងអំឡុងពេល២៨ឆ្នាំធ្វើការនៅ CP វៀតណាម លោកបាននាំឲ្យអង្គភាពអាជីវកម្មនេះក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅវៀតណាម ដែលត្រូវបានទទួលពានរង្វាន់ថ្លៃថ្នូរជាច្រើនដូចជា៖ គ្រឿងឥស្សរិយយស់ពលកម្មថ្នាក់ទី៣របស់ប្រធានរដ្ឋវៀតណាម ពានរង្វាន់អង្គភាពអាជីវកម្មដើម្បីកសិកររបស់ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ ពានរង្វាន់ Volunteer Award របស់អង្គការសហប្រជាជាតិ ជាដើម។ ដោយមានចក្ខុវិស័យក្លាយទៅជាផ្ទះបាយរបស់ពិភពលោក CP វៀតណាមប្រតិបត្តិការតាមទម្រង់ខ្សែសង្វាក់ផលិតកម្មបិទជិត ៣F Plus៖ ពីកសិដ្ឋានដល់តុបាយ៖ Feed – Farm – Food ដែលនាំមកជូនអ្នកប្រើប្រាស់នូវចំណីអាហារស្រស់ អនាម័យ សុវត្ថិភាព ហើយអាចកំណត់ប្រភពដើមតាមដំណាក់កាលផលិតកម្មនីមួយៗ។ លោក Montri ឲ្យដឹងថា នឹងជាអ្នកឈានមុខដើម្បីនាំចំណីអាហារកែច្នៃវៀតណាមទៅកាន់ទីផ្សារដោយមានបទដ្ឋានខ្ពស់ ហើយមិនត្រឹមតែចង់ប្រែក្លាយ CP ទៅជាផ្ទះបាយរបស់គ្រួសារវៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រែក្លាយវៀតណាមទៅជាផ្ទះបាយរបស់ពិភពលោកទៀតផង។

“តាមពិតទៅ យើងមិនអាចធ្វើបានយ៉ាងដូច្នេះក្នុងរយៈពេលតែពីរបីថ្ងៃប៉ុណ្ណោះទេ។ យើងបានត្រៀមរៀបចំចាប់តាំងពីការបង្កើត រហូតមកដល់បច្ចុប្បន្ននេះដើម្បីអាចក្លាយទៅជាផ្ទះបាយរបស់ពិភពលោកយ៉ាងពិតប្រាកដ។ ចាប់ពីដំណើរការកែច្នៃ នាំចេញចំណីអាហារចេញទៅកាន់ពិភពលោក ដំណើរការទាំងអស់របស់យើង សុទ្ធតែគោរពតាមបទដ្ឋានពិភពលោក ដើម្បីមានចំណីអាហារប្រកបដោយសុវត្ថិភាព អាចសម្គាល់ប្រភពដើម។ CP វៀតណាមបានត្រៀមរៀបចំយ៉ាងគ្រប់គ្រាន់លើគ្រប់វិស័យ ហើយរហូតដល់សព្វថ្ងៃនេះ យើងបានត្រៀមខ្លួនជាស្រេចកែច្នៃម្ហូបអាហារសម្រាប់នាំចេញទៅកាន់ទូទាំងពិភពលោក។ នោះគឺអ្វីៗដែល CP វៀតណាមបានធ្វើ”។

លោកអគ្គនាយកជនជាតិថៃជាមួយនឹង “សេចក្ដីប្រាថ្នានាំវៀតណាមឲ្យក្លាយទៅជាផ្ទះបាយពិភពលោក” - ảnh 2លោក Montri តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុសធម៌សហគមន៍នៅវៀតណាម។

ទោះបីជាថ្នាក់ដឹកនាំនៃក្រុមហ៊ុនចំណូលឡើងដល់ទៅរាប់ពាន់លានដុល្លាអាមេរិកក៏ដោយ ប៉ុន្តែលោក Montri នៅតែរក្សាបាន ឥរិយាបថដ៏រួសរាយរាក់ទាក់និងស្និទ្ធស្នាល។ លោកចែករំលែកថា រូបលោកផ្ទាល់មានការយល់ដឹងយ៉ាងជ្រាលជ្រៅចំពោះទុក្ខលំបាកវេទនារបស់កុមារកំព្រា គ្រួសារក្រីក្រ ពីព្រោះលោកក៏បានធំដឹងក្ដីក្នុងគ្រួសារអញ្ចឹងដែរ។ អាស្រ័យដោយការយោគយល់គ្នានោះ រាល់គម្រោងជួយឧបត្ថម្ភសហគមន៍ដូចជា៖ កសាងផ្ទះលំនៅដ្ឋានសម្រាប់អ្នកជម្ងឺមហារីកនៅមន្ទីរពេទ្យ K សាខា Tan Trieu ការចែកចាយបបរដោយស្ម័គ្រចិត្តនៅតាមមន្ទីរពេទ្យ ការជួយឧបត្ថម្ភសមាគមន៍គ្រូពេទ្យវ័យក្មេងវៀតណាមវះកាត់បេះដូងនិងវះកាត់ក្រអូមមាត់ឆែបសម្រាប់កុមារ ឬគម្រោងជួយសង្គ្រោះប្រជាជនភាគកណ្ដាលវៀតណាមក្នុងគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ ជាដើម ត្រូវបានធ្វើឡើងហើយនាំមកនូវប្រសិទ្ធភាពជាក់ស្ដែងសម្រាប់សហគមន៍។

“អ្វីៗគួរឲ្យមោទនភាពបំផុតក្នុងឆាកជីវិតរបស់ខ្ញុំ គឺខ្ញុំមានឱកាសធ្វើការនៅវៀតណាម ហើយខ្ញុំស្រឡាញ់ប្រទេសនេះវៀតណាមណាស់។ ខ្ញុំចាប់អារម្មណ៍ចំពោះប្រជាជនវៀតណាមដោយមានភាពឧស្សាហ៍ព្យាយាម ការប្ដេជ្ញាចិត្តក្នុងការងារ ខិតខំសិក្សារៀនសូត្រដោយឥតឈប់ឈរហើយអាចធ្វើបានអ្វីៗគ្រប់បែបយ៉ាង។ នៅពេលយើងស្រឡាញ់ប្រទេសនេះ យើងនឹងឃើញថា នោះគឺជាកម្លាំងចលករដើម្បីជួយយើងក្នុងគ្រប់ការងារ ធ្វើឲ្យយើងស្រឡាញ់ សាមគ្គី និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រថែមទៀតដើម្បីអភិវឌ្ឍប្រទេសវៀតណាម”។

លោកតែងតែគិតពីខ្លួនឯងថា ជាចំណែកមួយនៃផ្ទះវៀតណាម ដូច្នេះពីមួយថ្ងៃទៅមួយថ្ងៃ លោក Montri Suwanphosi តែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រួមជាមួយបុគ្គលិកក្រុមហ៊ុន ដើម្បីសរសេរបន្តពីរឿងសប្បុរសធម៌នានា ឈានដល់ភាពជោគជ័យ ជួយវៀតណាមនាំចេញផលិតផលចិញ្ចឹមសត្វចេញទៅពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ