វៀតណាម​និង​ថៃ​សហការ​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អភិវឌ្ឍ​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម

(VOVWORLD) - ធុរកិច្ចថៃបាន "សម្រុកចូល" ប្រទេសវៀតណាមចាប់តាំងពី ៣០ ឆ្នាំមកហើយ។ ភាគច្រើនជាសហគ្រាសធំៗដែលមានសក្តានុពលខ្លាំង ដូចជា SCG និង CP។ សមាគមធុរកិច្ចថៃក៏ត្រូវបានបង្កើតឡើងកាលពី២៥ ឆ្នាំមុន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនមកកាន់វៀតណាម។ រួមជាមួយនឹងគម្រោងវិនិយោគ “រាប់ពាន់លានដុល្លារ” នៅក្នុងប្រទេសវៀតណាម អ្វីដែលមជ្ឈដ្ឋានកាន់អំណាចនិងសហគ្រាសថៃចង់នាំយកមកតំបន់ដីរាងអក្សរ S ដ៏ស្រស់បំព្រងនេះ គឺជាការបង្កើតស្តង់ដារក្នុងការគ្រប់គ្រងគម្រោងនិងប្រតិបត្តិការអាជីវកម្ម ជួយឲ្យប្រជាជនវៀតណាមយល់ដឹងពីស្តង់ដារផលិតផលកាន់តែខ្ពស់។

CP និង SCG គឺជាសាជីវកម្មធំៗទាំងពីររបស់ថៃដែលបាន "ឈានចូល" ទីផ្សារវៀតណាមតាំងពីដំណាក់កាលដំបូង បន្ទាប់ពីគោលនយោបាយបើកចំហរ។ រហូតមកដល់ពេលនេះ ក្រោយរយៈពេលជាង ៣០ ឆ្នាំនៃការ "ប្រកួតប្រជែង" នៅក្នុងទីផ្សារវៀតណាម CP ស្រូបយកចំណែកទីផ្សារដ៏សំខាន់ និងរួមចំណែកអភិវឌ្ឍន៍ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃជលផលសម្រាប់នាំចេញរបស់វៀតណាម។ មហាគម្រោងមណ្ឌលគីមីឥន្ធនៈ Long Son មានតម្លៃជាង ៥ ពាន់លានដុល្លារអាមេរិក ដែលវិនិយោគដោយ SCG Group បាននិងកំពុងដំណើរការសាកល្បងផលិតជ័រ Polyolefin ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារវៀតណាម។ ជោគជ័យទាំងនេះបានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនថៃចំពោះសក្ដានុពលអភិវឌ្ឍន៍ បរិយាកាសវិនិយោគនិងអាជីវកម្មបើកចំហ ក៏ដូចជាការគាំទ្រប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលវៀតណាមផងដែរ។ លោក Sakchai Chatchaisophon អគ្គនាយករងទទួលបន្ទុករោងចក្រកែច្នៃផលិតផលសាច់ហាណូយ CP Vietnam បានវាយតម្លៃថា៖

“នៅក្នុងដំណើរការផលិតនិងកែច្នៃម្ហូបអាហារដែលខ្ញុំទទួលបន្ទុកអស់រយៈពេល ១១ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានឆ្លងកាត់ការលំបាកជាច្រើន។ ដូចក្នុងអំឡុងពេលជំងឺរាតត្បាត Covid-១៩ អ្វីគ្រប់យ៉ាងត្រូវបាន "បង្កក" ។ យើងខ្ញុំបានទទួលការគាំទ្រពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ក្នុងការដឹកជញ្ជូនម្ហូបអាហារបម្រើប្រជាពលរដ្ឋ។ ផ្នែកសុខាភិបាលក៏បានផ្តល់ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កម្មករក្នុងរោងចក្រផងដែរ។ ជាពិសេស ចំពោះបញ្ហាលំបាកនៃការដាច់ចរន្តអគ្គិសនីក្នុងរដូវក្តៅ ផ្នែកអគ្គិសនីក៏បានធ្វើការជាមួយ CP សម្របសម្រួលផែនការនិងពេលវេលាកាត់ផ្តាច់ចរន្តអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ផលិតកម្ម”។

វៀតណាម​និង​ថៃ​សហការ​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អភិវឌ្ឍ​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម - ảnh 1រោងចក្រ CPV FOOD Binh Phuoc ដែលជារោងចក្រទំនើបបំផុតមួយរបស់ CP Vietnam។ រូបថត៖ cp.com.vn

ទាក់ទិននឹងការវិនិយោគ អត្រាវិនិយោគរបស់ប្រទេសថៃនៅវៀតណាមតែងតែមានកម្រិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ហើយបច្ចុប្បន្ននេះ ជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង ១៤៤ ដែលវិនិយោគនៅវៀតណាម ជាមួយនឹងគម្រោងដែលកំពុងដំណើរការចំនួន ៧១៥ ដោយមានដើមទុនសរុប ១៣,៧ ពាន់លានដុល្លារអាមេរិក។ ក្រៅពីឧស្សាហកម្មផលិតកម្មនិងកែច្នៃ ថៃក៏បានវិនិយោគយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្ម និងថាមពលផងដែរ។ ទាំងនេះក៏ជាគម្រោង “ទម្លុះទម្លាយ” ផងដែរ បើយោងតាមការវាយតម្លៃរបស់លោក Amnat Chulajata ទីប្រឹក្សារដ្ឋមន្ត្រីទទួលបន្ទុកការវិនិយោគ ប្រធានការិយាល័យនាយកដ្ឋានជំរុញការវិនិយោគថៃប្រចាំនៅទីក្រុងហាណូយ៖

“ចំណុចទម្លុះទម្លាយត្រូវបានបង្ហាញនៅក្នុងផ្នែកចំនួនពីរ ទីមួយគឺការលើកកម្ពស់គុណភាពនិងគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ។ Amata Group និង WHA គឺជាក្រុមហ៊ុនថៃចំនួនពីរ ដែលបានជួយវៀតណាមលើកកម្ពស់គុណភាពនៃការគ្រប់គ្រងប្រតិបត្តិ និងហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្ម។ អាចនិយាយបានថា នេះជា "មេដែក" ដើម្បីទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនមកកាន់វៀតណាម។ ទីពីរគឺការអភិវឌ្ឍថាមពល។ នៅពេលដែលរដ្ឋាភិបាលវៀតណាមបានដាក់ចេញគោលនយោបាយថាមពល ប្រទេសថៃគឺជាវិនិយោគិនដែលបាន "មកដល់" មុនបំផុត និងបានបណ្តាក់ទុនយ៉ាង "ចាស់ដៃ" បំផុត។ សាជីវកម្មដូចជា Super Energy និង Banpu បាននិងកំពុងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញអស់រយៈពេល ១០ ឆ្នាំកន្លងទៅ។ នេះអាចត្រូវបានចាត់ទុកថា ជាដំណាក់កាល"ផ្ទុះ" នៃការវិនិយោគលើថាមពលកកើតឡើងវិញរបស់វៀតណាម”។

វៀតណាម​និង​ថៃ​សហការ​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អភិវឌ្ឍ​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម - ảnh 2ក្នុងវេទិកាធុរកិច្ចប្រចាំឆ្នាំរបស់វៀតណាមនាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ ThaiCham បានទទួលប័ណ្ណសរសើរ របស់ក្រសួងផែនការនិងវិនិយោគវៀតណាម សម្រាប់ការរួមវិភាគទានក្នុងការទាក់ទាញការវិនិយោគបរទេសចូលមកវៀតណាម។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងថៃបានកើនឡើងពី ១០,៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៣ ឡើងដល់ជិត ១៩ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣។ ជាពិសេសនៅឆ្នាំ ២០២២ ទំហំនៃការនាំចូល-នាំចេញសរុបរបស់ប្រទេសទាំងពីរឈានដល់ ២១,៦ ពាន់លានដុល្លារអាមេរិក ជាលើកដំបូងដែលសម្រេចលើសពី ២០ពាន់លានដុល្លារអាមេរិក។ ថៃបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅក្នុងអាស៊ាន។

នៅក្នុងជំនួបនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុននៅទីក្រុងតូក្យូកាលពីចុងឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានឯកភាព នាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឆាប់សម្រេចបានគោលដៅ ២៥ ពាន់លានដុល្លារអាមេរិក តាមរយៈការបង្កើតលក្ខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ទីផ្សារទំនិញ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានសក្តានុពល និងប្រៀបខ្លាំង។ វាយតម្លៃលើបញ្ហានេះ លោក Amnat Chulajata អគ្គទីប្រឹក្សាទទួលបន្ទុកការវិនិយោគ ប្រធានការិយាល័យនាយកដ្ឋានពន្លឿនការវិនិយោគថៃប្រចាំនៅទីក្រុងហាណូយបានឲ្យដឹងថា៖ ការកាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរមិនត្រឹមតែផ្តល់អត្ថប្រយោជន៍សម្រាប់ភាគីទាំងសងខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតកម្លាំងចលករដើម្បីជំរុញការអភិវឌ្ឍនៃតំបន់ទាំងមូលទៀតផង៖

“បច្ចុប្បន្ននេះ វៀតណាមមានប្រជាជន ១០០លាននាក់ ក្នុងនោះ ៧០% ស្ថិតក្នុងអាយុធ្វើការ។ យុវជនវៀតណាមមានភាពសកម្ម និងសេចក្តីក្លៀវក្លាចំពោះអាជីវកម្ម។ ប្រទេសថៃបាន "កាន់កាប់" ស្តង់ដារជាច្រើន និងយល់ដឹងពីរបៀបគ្រប់គ្រងនិងប្រតិបត្តិអាជីវកម្ម ប៉ុន្តែខ្វះខាត់កម្លាំងពលកម្មគុណភាពខ្ពស់។ ដូច្នេះ ប្រសិនបើយើងបំពេញគ្នាទៅវិញទៅមក យើងអាចជំរុញការបង្កើតខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ តាមនោះបង្កើនខ្សែសង្វាក់ផលិតកម្មទៅកម្រិតអន្តរជាតិ”  ។

បច្ចុប្បន្ននេះ រដ្ឋាភិបាលវៀតណាមកំពុងជំរុញគោលដៅ Net zero នៅត្រឹមឆ្នាំ ២០៥០។ ប្រទេសថៃគឺជាប្រទេស "ឈានមុខគេ" និងមានបទពិសោធន៍ក្នុងការអភិវឌ្ឍអាជីវកម្មបៃតងនិងការដោះស្រាយបញ្ហាបរិស្ថាន។ ប្រការនេះគឺសមស្របទាំងស្រុងជាមួយនឹងនិន្នាការវិនិយោគ និងអាជីវកម្មដែលវៀតណាមបាននិងកំពុងហើយនឹងបន្តពង្រឹងនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ