វៀតណាម-ឥណ្ឌូនេស៊ី៖ សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការផ្អែកលើទំនាក់ទំនងមិត្តភាពល្អប្រសើរ

(VOVWORLD) - នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៥៥ វៀតណាមនិងឥណ្ឌូនេស៊ីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ក្រោយរយៈពេលជិត ៦ ទស្សវត្សរ៍ ក្នុងឆ្នាំ ២០១៣ ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ីត្រូវបានលើកកំពស់ទៅជាដៃគូយុទ្ធសាស្ត្រ។ ក្រឡេកមើលដំណើរកន្លងផុតទៅ ប្រទេសទាំងពីរសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ។

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងនយោបាយ-សន្តិសុខដ៏ល្អប្រសើររវាងប្រទេសទាំងពីរគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរគោរព ថែរក្សា និងលើកកម្ពស់ជានិច្ច។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែរក្សាដំណើរទស្សនកិច្ចផ្លូវការ ការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមក។ នាពេលថ្មីៗនេះ ដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី និងចូលរួមមហាសន្និបាតអន្តរសភាអាស៊ីអាគ្នេយ៍លើកទី ៤៤ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ខែសីហា របស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue; ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅឥណ្ឌូនេស៊ី របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកញ្ញា បានធ្វើឡើងចំពេលដែលប្រទេសទាំងពីរប្រារព្ធខួប ១០ ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ប្រការនេះមានអត្ថន័យដ៏សែនសំខាន់និងមានលក្ខណៈយុទ្ធសាស្ត្រ ដែលបង្ហាញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំវៀតណាមក្នុងការជំរុញទំនាក់ទំនងជាមួយឥណ្ឌូនេស៊ី។

វៀតណាម-ឥណ្ឌូនេស៊ី៖ សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការផ្អែកលើទំនាក់ទំនងមិត្តភាពល្អប្រសើរ - ảnh 1ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Denny Abdi ឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន VOV។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្តជាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី។ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការវិវឌ្ឍន៍មិនសូវវិជ្ជមាន ហើយទទួលរងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-១៩ ក៏ដោយ ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនៅតែអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ដោយទទួលបានលទ្ធផលលេចធ្លោ។ បច្ចុប្បន្ន ឥណ្ឌូណេស៊ីជាវិនិយោគិនបរទេសធំជាងគេទី២៧ និងជាប់ចំណាត់ថ្នាក់ទី៥ ក្នុងប្លុកអាស៊ានរបស់វៀតណាម ដោយមានវិនិយោគធំៗជាច្រើនដូចជា៖ Ciputra, Traveloka, Gojek ជាដើម។ វាយតម្លៃអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Denny Abdi បានសង្កត់ធ្ងន់ថា៖

““ក្រឡេកមើលទំហំពាណិជ្ជកម្មទ្វេភាគី យើងឃើញមានជំហានលោតផ្លោះគួរឲ្យកត់សម្គាល់។ ប្រសិនបើ ទំហំនៅឆ្នាំ ២០១៣ គឺ ៤,៨ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២២ វាបានឡើងដល់ជាង ១៤ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៣ ដង។ នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យរបស់ឥណ្ឌូនេស៊ី និងវៀតណាម ដែលបង្ហាញថា ឥណ្ឌូនេស៊ី និងវៀតណាមពិតជាផ្តោតសំខាន់លើការកសាងទំនាក់ទំនងសេដ្ឋកិច្ចដោយផ្អែកលើទំនាក់ទំនងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ”។

វិស័យទេសចរណ៍ក៏ជាវិស័យមួយដែលមានឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់ប្រទេសទាំងពីរផងដែរ។ ជាពិសេស បន្ទាប់ពីជំងឺរាតត្បាត Covid-១៩ តម្រូវការធ្វើដំណើរ និងទេសចរណ៍របស់ប្រជាជនគឺធំណាស់។ បច្ចុប្បន្ននេះ ក្នុងមួយសប្តាហ៍មានជើងហោះហើរត្រង់ប្រហែល ១០០ ជើងរវាងប្រទេសទាំងពីរ ដែលជួយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមកសម្រាប់ភ្ញៀវទេសចរ សិស្សានុសិស្ស និងនិស្សិតជិត ៩ ម៉ឺននាក់។ នៅដើមខែធ្នូកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ Vietjet (វៀតណាម) បានបើកសម្ពោធជើងហោះហើរហាណូយ-ហ្សាការតា។ វាយតម្លៃអំពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Denny Abdi បានឲ្យដឹងថា៖

“ចំនួនជើងហោះហើរត្រង់រវាងទីក្រុងនានារបស់ឥណ្ឌូនេស៊ី និងវៀតណាមកាន់តែកើនឡើងៗ ហើយបច្ចុប្បន្ននេះមានជើងហោះហើរទីក្រុងហូជីមិញ - Denpasar, ទីក្រុងហូជីមិញ - ហ្សាកាតា, ហាណូយ - Denpasar និងហាណូយ - ហ្សាកាតា។ នាពេលខាងមុខ យើងខ្ញុំនឹងបើកជើងហោះហើរត្រង់រវាងទីក្រុងផ្សេងទៀតនៃប្រទេសទាំងពីរ។ ដោយសារប្រទេសឥណ្ឌូនេស៊ី និងវៀតណាមមិនមានព្រំដែនគោកទេ យើងត្រូវបង្កើនបន្ថែមទៀតនូវជើងហោះហើរត្រង់រវាងទីក្រុងនានានៃប្រទេសទាំងពីរ ដើម្បីតភ្ជាប់ប្រជាជនទាំងពីរ”។

វៀតណាម-ឥណ្ឌូនេស៊ី៖ សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការផ្អែកលើទំនាក់ទំនងមិត្តភាពល្អប្រសើរ - ảnh 2ពិធីបើកសម្ពោធជើងហោះហើរត្រង់ហាណូយ-ហ្សាកាតា។

យោងតាមអ្នកការទូតឥណ្ឌូណេស៊ី កិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ និងសេដ្ឋកិច្ច-ពាណិជ្ជកម្ម មានសារសំខាន់ខ្លាំងណាស់ ដោយជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងល្អប្រសើរផ្សេងទៀត។ ក្នុងពេលជាមួយគ្នានោះ កិច្ចសហប្រតិបត្តិការវប្បធម៌-សង្គមដើរតួនាទីយ៉ាងធំធេងក្នុងការបង្កើតភាពសុខដុមរមនារវាងប្រជាជនជាមួយប្រជាជន។ បើតាមលោក កិច្ចសហប្រតិបត្តិការទាំងអស់សុទ្ធតែមានប្រភពចេញពីទំនាក់ទំនងល្អប្រសើររវាងប្រជាជនជាមួយប្រជាជន។ ក្រឡេកមើលឆ្នាំ២០២៣កន្លងទៅ សកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ កិច្ចសហប្រតិបត្តិការអប់រំ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ... រវាងប្រទេសទាំងពីរបានប្រព្រឹត្តទៅយ៉ាងផុលផុស។

លើសពីនេះ ក្នុងនាមជាសមាជិកដ៏សកម្មរបស់អាស៊ាន និងជាប្រទេសស្រឡាញ់សន្តិភាព ឥណ្ឌូនេស៊ី និងវៀតណាមសុទ្ធតែមានតួនាទីយ៉ាងសកម្មក្នុងការរក្សាស្ថិរភាពនយោបាយ និងរក្សាយ៉ាងរឹងមាំនូវសន្តិភាពក្នុងតំបន់ និងលើពិភពលោក។ វាយតម្លៃពីបញ្ហានេះ លោកឯកអគ្គរដ្ឋទូត Denny Abdi បានចែករំលែកថា៖

“ប្រការដ៏សំខាន់សម្រាប់អាស៊ាននោះគឺការរក្សាមជ្ឈភាព និងសាមគ្គីភាពរបស់ខ្លួន។ មានន័យថា ប្រសិនបើមានបញ្ហា យើងនឹងដោះស្រាយបញ្ហានោះក្នុងនាមជាគ្រួសារអាស៊ានតែមួយ។ ក្នុងទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត ទិសដៅរបស់យើងគឺកិច្ចសហប្រតិបត្តិការ”។

ត្រឹមតែសល់ពីរឆ្នាំទៀត ឥណ្ឌូនេស៊ី និងវៀតណាមនឹងឈានដល់ការប្រារព្វខួបរយៈពេល ៧០ ឆ្នាំនៃទំនាក់ទំនងការទូត។ ក្នុងនាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ច និងចំនួនប្រជាជនដ៏ធំក្នុងតំបន់ ដោយសម្លឹងមើលទៅលើនិន្នាការកំណើនជាវិជ្ជមាននៃប្រទេសទាំងពីរ ឥណ្ឌូនេស៊ី និងវៀតណាមនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់តំបន់អាស៊ានកាន់តែរឹងមាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ