ជណ្តើរវប្បធម៌៖ បណ្ណាល័យខ្នាតតូចនៅក្នុងក្រុមលំនៅដ្ឋាន

(VOVWORLD) - មិនមែនជាផ្ទះវប្បធម៌ឬបណ្ណាល័យនោះទេ ប៉ុន្តែមានបរិវេណមួយជិត ២០ ម៉ែត្រការ៉េ នៅតែពោរពេញដោយតុ កៅអី សៀវភៅរាប់រយក្បាល និងកាសែតជាច្រើន ត្រូវបានអាប់ដេតជារៀងរាល់ថ្ងៃ។ នោះជាកន្លែងជណ្ដើរនៃប្លុកបុរីមួយស្ថិតក្នុងសង្កាត់ Nghia Tan ខ័ណ្ឌ Cau Giay ទីក្រុងហាណូយ។ កន្លែងនេះត្រូវបានប្រជាជននៅទីនេះហៅឈ្មោះជាទីស្រឡាញ់ថា “ជណ្តើរវប្បធម៌”។

ជណ្តើរវប្បធម៌៖ បណ្ណាល័យខ្នាតតូចនៅក្នុងក្រុមលំនៅដ្ឋាន - ảnh 1«ជណ្តើរវប្បធម៌» តែងតែស្អាតនិងស្រស់ស្អាត ដែលមានមនុស្សមកអានសៀវភៅ និងកាសែតជារៀងរាល់ថ្ងៃ (រូបថត៖ Nguyen Ha)
 
នៅពេលដែលតាមដងផ្លូវពោរពេញដោយសំឡេងចម្រុះគ្រប់បែបយ៉ាង និងជាការប្រញាប់ប្រញាល់នៃជីវភាពប្រចាំថ្ងៃ ផ្ទះ A3 លំនៅដ្ឋានក្រុមទី ១៧ សង្កាត់ Nghia Tan ខ័ណ្ឌ Cau Giay ទីក្រុងហាណូយជាកន្លែងបំផុសគំរូ "ជណ្តើរវប្បធម៌" - នាំមកនូវអារម្មណ៍នៃ "ជីវិតយឺត" ប្រកប ដោយផាសុកភាពនិងសុខសាន្តត្រាណ។ ប្រជាជននៅទីនេះបាននិយាយថា៖ “ជណ្តើរវប្បធម៌បង្កើតបរិយាកាសវប្បធម៌អានសម្រាប់អ្នកនៅជំវិញនេះ។ ប៉ុន្តែទន្ទឹមនឹងនោះក៏រក្សាសន្តិសុខវប្បធម៌ផងដែរ”។
 

“នេះគឺជាកន្លែងសម្រាប់សកម្មភាពសហគមន៍ ជាកន្លែងចែករំលែកអារម្មណ៍របស់ខ្លួន ទីពីរគឺចង់ឲ្យប្រជាជនមើលឃើញថា ជីវភាពវប្បធម៌របស់ខ្លួនកាន់តែកើនឡើង”។

នៅក្នុង "បណ្ណាល័យ" មនុស្សម្នាក់ៗមានការងាររៀងៗខ្លួន អ្នកខ្លះប្រមូលសៀវភៅនិងកាសែត អ្នកខ្លះបោសសម្អាត ដើម្បីឱ្យទីតាំងតូចមួយកន្លែងបានស្អាតបាតជាប្រចាំ។ សៀវភៅ និងកាសែតគ្រប់ប្រភេទត្រូវបានរៀបចំតាមលំដាប់លំដោយ ដោយមានផ្ទាំងព័ត៌មាន តុ និងកៅអី ហើយថែមទាំងមានច្បាប់សម្រាប់ខ្ចីនិងអានសៀវភៅទៀតផង។

"ជណ្តើរវប្បធម៌" ត្រូវបានបង្កើតឡើងនៅខែកញ្ញាឆ្នាំ ១៩៩៩។ ដំបូងឡើយ គ្មាននរណាម្នាក់គិតថានឹងមាន "បណ្ណាល័យ" តូចមួយដូចសព្វថ្ងៃនេះទេ ប៉ុន្តែគ្រាន់តែចង់បង្កើតកន្លែងសម្រាប់គ្នាអានសៀវភៅនិងកាសែតប៉ុណ្ណោះ។ លោក Doan Chuong នៅពេលនោះមានរោងឈើមួយកន្លែង ដូច្នេះហើយលោកបានធ្វើតុនិងកៅអី ហើយអ្នកខ្លះទៀតបានទៅគៀងគរកាសែត ហេតុដូច្នេះ បានក្លាយជា «ជណ្តើរវប្បធម៌»។ លោក Doan Chuong បានរំលឹកថា៖ “ដោយឃើញគ្នាអង្គុយនៅទីនេះ សង្កេតមើលមួយសន្ទុះ រួចនិយាយគ្នាថា តើយើងអាចធ្វើអ្វីជាមួយជណ្តើរដ៏ធំទូលាយនេះ? អ្នកជាច្រើននិយាយថា ធ្វើកន្លែងអានកាសែត។ គោលបំណងគឺចង់ឱ្យប្រជាជនពង្រីកការយល់ដឹងរបស់ពួកគេ និងដឹងពីព័ត៌មានក្នុងស្រុកនិងអន្តរជាតិ។ អ្នកទាំងអស់ឃើញកន្លែងស្អាត គេមកទីនេះរាល់ថ្ងៃដើម្បីអាន។ ដំបូងឡើយ មានតែអ្នកនៅផ្ទះពីរបីខ្នងនៅទីនេះ បន្ទាប់មកមានមនុស្សផ្សេងទៀត សូម្បីតែពីរបីប្លុកបុរីឆ្ងាយក៏មកអានដែរ”។

បន្ទាប់ពីបង្ហាញខ្លួនក្នុងប្លុកបុរីអស់រយៈពេលជាង ២០ ឆ្នាំ "ជណ្តើរវប្បធម៌" តែងតែរក្សានូវគោលបំណងដើមរបស់អ្នកបង្កើត ពោលគឺជួយប្រជាជនក្នុងសង្កាត់ឱ្យលើកកម្ពស់ការយល់ដឹងតាមរយៈសៀវភៅល្អៗនីមួយៗ។ ឬព័ត៌មានថ្មីៗ តែងតែអាប់ដេតជារៀងរាល់ថ្ងៃ។ លោក  Nguyen Van Duy រស់នៅលំនៅដ្ឋានក្រុមទី ១៧ បានឲ្យដឹងថា៖

“លេខានៃក្រុមលំនៅដ្ឋានមានកាសែតប្រជាជន ប្រធានក្រុមលំនៅដ្ឋានមានកាសែតហាណូយថ្មី ... អ្នកដែលមានកាសែត ក៏តែងតែយកមកទីនេះ។ មកទីនេះ ពួកគេបានអានកាសែតនិងជជែកគ្នាលេងផង។ មើលដើម្បីមានចំណេះដឹង មានការយល់ដឹងច្បាស់។ ទិនានុប្បវត្តិវិទ្យាសាស្ត្រមានឱសថល្អណាមួយ យើងតែងតែផ្លាស់ប្តូរការសិក្សា។ អ្នកខ្លះថែមទាំងសរសេរយកទៅប្រើក្នុងផ្ទះទៀតផង”។

សព្វថ្ងៃនេះ មនុស្សម្នាក់ៗអាចទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស ដោយសារការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានលឿននិងខ្លាំងក្លា ប៉ុន្តែប្រជាជននៅក្នុងអាគា A3 ប្លុកបុរី Nghia Tan នៅតែរក្សាវប្បធម៌អាន ជាពិសេសគឺមនុស្សចាស់។ ជាមធ្យម ជណ្តើរវប្បធម៌ទាក់ទាញមនុស្សប្រហែល ២០ នាក់ជារៀងរាល់ថ្ងៃ ដើម្បីអានសៀវភៅ កាសែត និងរកមើលឯកសារ។ លោក Do Trung Minh អ្នកគ្រប់គ្រង "ជណ្តើរវប្បធម៌" ចែករំលែក៖

“មកដល់ពេលនេះ មានកាសែត សៀវភៅរឿង និងសៀវភៅច្បាប់ មានជាច្រើន ហើយក្លាយជាចលនាការអានជារៀងរាល់ថ្ងៃ។ មិនត្រឹមតែជាជណ្តើរវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះអគារ A5, A6 ក៏មានទូសៀវភៅ អានកាសែត និងកន្លែងអង្គុយស្អាត។ កន្លែងជាច្រើនមកសិក្សាគំរូនេះដើម្បីអនុវត្តន៍នៅកន្លែងរបស់ខ្លួន”។

ចាប់ពីអគារ A3 រហូតមកដល់ពេលនេះ មានជណ្តើរជាង ១៧៦ នៅសង្កាត់ Nghia Tan ខ័ណ្ឌ Cau Giay បានចុះឈ្មោះសាងសង់ជណ្តើរវប្បធម៌។ នេះត្រូវបានគេចាត់ទុកថាជាគំរូតូចមួយ ប៉ុន្តែមានអត្ថន័យដ៏អស្ចារ្យ ដែលនាំមកនូវភាពរីករាយដល់មនុស្សក្នុងសង្កាត់ជាច្រើន។

មិនត្រឹមតែជាកន្លែងដែលមានមនុស្សមកជួបប្រាស្រ័យ រស់នៅប្រកបដោយសុខភាព និងសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត “ជណ្តើរវប្បធម៌” បានរួមចំណែកផ្សព្វផ្សាយវប្បធម៌អាន លើកកំពស់ជីវភាពវប្បធម៌ និងកម្រិតបញ្ញារបស់ប្រជាជននៅតាមបណ្តាលំនៅដ្ឋាននីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ