យោធិនស្រីមួកខៀវវៀតណាមនៅកណ្តាលវាលខ្សាច់ទ្វីបអាហ្វ្រិក

(VOVWORLD) - ឆ្នាំនេះគឺជាគម្រប់១០ឆ្នាំ ចាប់តាំងពីវៀតណាមបានចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (២០១៤ - ២០២៤)។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ នាយទាហាន និងយោធិនវៀតណាមដែលចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងនោះមានយោធិនស្ត្រីនៃកងទ័ពប្រជាជនវៀតណាម ដែលតែងតែខិតខំនាំមកនូវអនាគតដ៏ត្រចះត្រចង់ជូនប្រជាជនក្នុងបណ្តាប្រទេសដែលកំពុងមានសង្គ្រាមស៊ីវិល ដូចជាសាធារណរដ្ឋអាហ្វ្រិកកណ្តាល សាធារណរដ្ឋស៊ូដង់ខាងត្បូង ឬតំបន់អាប៊ី (Abyei)។ យោធិនស្រីវៀតណាមប្រៀបបាននឹងផ្កាដំបងយក្ស ដែលមានភាពធន់នឹងខ្សាច់ក្តៅនៅអាហ្វ្រិក។

យោធិនស្រីមួកខៀវវៀតណាមនៅកណ្តាលវាលខ្សាច់ទ្វីបអាហ្វ្រិក - ảnh 1វរសេនីយ៍ទោ Vu Thi Lien នៅថ្នាក់បង្រៀនភាសាបារាំងសម្រាប់កងទ័ពនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល

“នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល វរសេនីយ៍ទោ Vu Thi Lien ដែលជាយោធិនមួកខៀវវៀតណាម កំពុងបង្រៀនភាសាបារាំងដល់កងទ័ពរបស់ប្រទេសម្ចាស់ផ្ទះ។ លោកស្រី Lien គឺជាយោធិនដើមដំបូងរបស់វៀតណាម ដែលបំពេញភារកិច្ចនៅបេសកកម្មហ្វឹកហ្វឺនសហភាពអឺរ៉ុបនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន ជាមួយនឹងភារកិច្ចបណ្តុះបណ្តាលកងទ័ពជាតិ។

យោធិនស្រីមួកខៀវវៀតណាមនៅកណ្តាលវាលខ្សាច់ទ្វីបអាហ្វ្រិក - ảnh 2អ្នកស្រី  Vu Thi Lien កំពុងបំពេញភារកិច្ចប្រព័ន្ធផ្សព្វផ្សាយនៅបេសកកម្ម MINUSCA

ចែករំលែកអំពីការងាររបស់ខ្លួន លោកស្រី វរសេនីយ៍ទោ Vu Thi Lien បានឲ្យដឹងថា៖ “នេះជាលើកទីមួយដែលនាងខ្ញុំបំពេញការងារក្នុងបរិយាកាសអន្តរជាតិ។ ខ្ញុំត្រូវប្រឈមមុខនឹងការលំបាកជាច្រើន។ ទីមួយគឺបញ្ហាអាកាសធាតុ។ នៅទីនេះមានតែរដូវពីរប៉ុណ្ណោះ ខណៈដែលវៀតណាមមានរដូវចំនួន ៤ផ្សេងគ្នា។ ប្រការនេះតម្រូវឱ្យខ្ញុំសម្របខ្លួន។ លើសពីនេះទៀត នាងខ្ញុំក៏មានការព្រួយបារម្ភអំពីជំងឺរាតត្បាត។ ទីពីរ ធ្វើការក្នុងបរិយាកាសចម្រុះជាតិសាសន៍ ដែលមានវប្បធម៌ផ្សេងៗគ្នា តម្រូវឱ្យខ្ញុំសម្របខ្លួនជានិច្ច។ ពេលខ្លះ ប្រការនេះក៏មិនងាយស្រួលដែរ។ ទោះយ៉ាងណាក៏ដោយ  ភាសា ភាសាអង់គ្លេស និងជាពិសេសភាសាបារាំង ដែលបានក្លាយជាស្ពានដែលជួយយើងឱ្យកាន់តែខិតជិតគ្នាទៅវិញទៅមក។ លើសពីនេះ ដោយសារភាសាបារាំង ខ្ញុំក៏អាចទំនាក់ទំនងកាន់តែងាយស្រួលជាមួយប្រជាជនក្នុងតំបន់ផងដែរ”។

យោធិនស្រីមួកខៀវវៀតណាមនៅកណ្តាលវាលខ្សាច់ទ្វីបអាហ្វ្រិក - ảnh 3ក្រៅម៉ោងបំពេញកាតព្វកិច្ច អនុសេនីយ៍ឯក Vu Nhat Huong បង្រៀនក្មេងៗក្នុងតំបន់

មុននោះ នៅអាហ្វ្រិកកណ្តាលដែរ អនុសេនីយ៍ឯក  Vu Nhat Huong ដែលជាយោធិនស្រីទី ៧ របស់វៀតណាម កំពុងបំពេញកាតព្វកិច្ចប្រព័ន្ធផ្សព្វផ្សាយនៅបេសកកម្មរក្សាស្ថិរភាពចម្រុះរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) អាណត្តិ ២០២១-២០២២ ក៏ជួបប្រទះនឹងអាកាសធាតុដ៏អាក្រក់នៅទឹកដីអាហ្វ្រិកផងដែរ។ អ្នកស្រី Huong បានរំឭកថា៖ “នៅក្នុងផ្នែកទំនាក់ទំនងរបស់បេសកកម្ម យើងតែងតែត្រូវទទួលយកការងារដែលមិនមានគម្រោងទុកជាមុនទេ ភាគច្រើនគឺធ្វើតាមក្រុមការងារពិសេសរបស់មេបញ្ជាការបេសកកម្ម ឬមេបញ្ជាការរង ដើម្បីចុះទៅផ្នែករង ឬកន្លែងដែលមានបញ្ហាត្រូវការដោះស្រាយ។ ភារកិច្ចរបស់ខ្ញុំគឺកត់ត្រា និងប្រកាសព័ត៌មាននៅក្នុងទស្សនាវដ្តីបេសកកម្ម។ ការងាររបស់ខ្ញុំតម្រូវឱ្យខ្ញុំចេញទៅក្រៅនៅក្រោមពន្លឺព្រះអាទិត្យច្រើន។ មានកន្លែងដែលមានសីតុណ្ហភាពក្តៅខ្លាំងណាស់។ ប្រសិនបើសុខភាពមិនល្អទេ នឹងពិបាកក្នុងការអនុវត្តការងារ។ លើសពីនេះ មានរឿងដែលយើងមិនធ្លាប់ជួបប្រទះនៅប្រទេសវៀតណាម ដូចជាការជិះឧទ្ធម្ភាគចក្រដោយគ្មានខ្សែក្រវ៉ាត់ គ្មានទ្វារ និងថតវីដេអូជាមួយកម្លាំងល្បាតតាមយន្តហោះជាដើម។ នោះប្រហែលជាអនុស្សាវរីយ៍ក្នុងការបំពេញភារកិច្ចកដែលខ្ញុំមិនអាចបំភ្លេចបានទេ”។

 
យោធិនស្រីមួកខៀវវៀតណាមនៅកណ្តាលវាលខ្សាច់ទ្វីបអាហ្វ្រិក - ảnh 4ប្រជាជនម្ចាស់ផ្ទះមានសេចក្តីស្រលាញ់ពិសេសចំពោះយោធិនស្រីវៀតណាម

នាខែមករា ឆ្នាំ ២០១៨ វៀតណាមបានចាប់ផ្តើមបញ្ជូនយោធិនស្រីដើមដំបូង ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រហូតមកដល់ពេលនេះ នាយទាហាន និងយោធិនស្រីវៀតណាមចំនួន ១១៤ នាក់បានចេញដំណើរទៅទទួលភារកិច្ចក្រោមទម្រង់ជាបុគ្គល និងអង្គភាព ក្នុងនាមជាយោធិនសេនាធិការ អ្នកសង្កេតការណ៍យោធា នាយទាហានទំនាក់ទំនង និងយោធិនស្រី នៅតាមតំបន់ Bentiu នៃប្រទេសស៊ូដង់ខាងត្បូង តំបន់ Abyei និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។សម្រាប់យោធិនស្រីវៀតណាម ការក្លាយទៅជាយោធិនមួកខៀវមួយរូប គឺជាកិត្តិយសដ៏ធំធេងណាស់។ អនុសេនីយ៍ឯក Vu Nhat Huong បានសំណេះសំណាលថា៖ “មួកខៀវពាក់លើក្បាល និងពាក់លើខ្លួនឯកសណ្ឋានយោធាដែលមានអក្សរវៀតណាមនៅលើទ្រូងអាវ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់។ នោះមិនត្រឹមតែជាកិត្តិយសសម្រាប់ខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិត្តិយសសម្រាប់គ្រួសារ និងមិត្តភក្តិរបស់ខ្ញុំទៀតផង”។

នៅកណ្តាលវាលខ្សាច់ក្តៅនៅទ្វីបអាហ្រ្វិក ក្រៅម៉ោងបំពេញកាតព្វកិច្ច យោធិនស្រីវៀតណាមក៏ជួយប្រជាជនដាំដំណាំ ណែនាំស្ត្រីក្នុងតំបន់ចេះដេរប៉ាក់ បង្រៀនកុមារ និងផ្តល់ការពិនិត្យ និងព្យាបាលជំងឺដល់ប្រជាជននៅតំបន់ជំវិញ...។ វរសេនីយ៍ឯក Nguyen Thi  Lien អតីតទាហានកិច្ចការស៊ីវិល ក្រុមវិស្វកម្មលេខ១ នៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) និងអនុសេនីយ៍ឯក Vu Nhat Huong បានចែករំលែកថា៖ “ខ្ញុំបានកំណត់ថា: តើខ្ញុំនឹងធ្វើអ្វី? ខ្ញុំទៅរក្សាសន្តិភាព គឺមានន័យថា នាំស្នាមញញឹមជូនដល់ប្រជាជន។ នៅកន្លែងនេះ ទើបខ្ញុំបានរកឃើញទិសដៅរបស់ខ្ញុំ។ ជារឿយៗ ខ្ញុំតែងតែជួយប្រជាជនដាំបន្លែ ដាំសណ្តែក និងពោត ហើយយើងបានដាំពោត បន្លែ និងសណ្ដែកជាច្រើនសម្រាប់កែលំអរពេលបាយអាហារសម្រាប់ប្រជាជន។ ជារៀងរាល់រដូវយើងប្រមូលផលបានរាប់សិបគីឡូក្រាមដែរ”។

“យើងក៏រៀបចំសកម្មភាពស្ម័គ្រចិត្តនៅភូមិកុមារក្នុងរដ្ឋធានី Bangui ដែលទទួលកុមារអាយុក្រោម ៧ ឆ្នាំ ប្រហែល ២៥ ទៅ ៣០ នាក់ដែលរងការបោះបង់ចោលក្រោយជម្លោះ ឬដោយសារបុព្វហេតុសង្គម។ ភូមិនេះត្រូវបានឧបត្ថម្ភ ប៉ុន្តែមិនច្រើនទេ។ យើងទៅទីនោះដើម្បីផ្តល់អាហារ ភេសជ្ជៈ ប្រដាប់ប្រដាក្មេងលេង ដែលយើងបានរៀបចំនាំយកមកពីប្រទេស វៀត ណាម ឬវត្ថុដែលអាចកែច្នៃបានពីក្រដាសកាតុងធ្វើកេស កំប៉ុង និងដបទឹកសម្រាប់ធ្វើប្រដាប់ប្រដាក្មេងលេង”។

ដោយពូកែខាងជំនាញវិជ្ជាជីវៈ ហើយតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ទល់នឹងការលំបាក អំពើហឹង្សា និងអស្ថិរភាពក្នុងតំបន់ដែលខ្លួនកំពុងបំពេញកាតព្វកិច្ច យោធិនស្រីវៀតណាមបាននាំមកជាមួយនូវទឹកចិត្តសប្បុរស និងស្មារតីអន្តរជាតិដ៏ថ្លៃថ្នូ ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពអន្តរជាតិ។ ពួកគេបានបំពេញការងារដែលបានចាត់តាំងបានយ៉ាងល្អ ដោយហេតុនេះជួយមិត្តអន្តរជាតិមើលឃើញថា វៀតណាមជាប្រទេសស្រលាញ់សន្តិភាព ហើយប្រជាជនវៀតណាមតែងតែសម្បូរដោយក្តីមេត្តាករុណា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ