រីករាយពិធីបុណ្យនាដើមឆ្នាំ

(VOVWORLD) - នៅប៉ុន្មានថ្ងៃដើមរដូវផ្ការីក បរិយាកាសពិធីបុណ្យដ៏រស់រវើកបានជ្រាបចូលពីភាគខាងត្បូងដល់ភាគខាងជើងនៃប្រទេស វៀតណាម។ ចាប់ពីការរៀបចំបែបទំនើបរហូតដល់ពិធីបុរមបុរាណ ហើយពិធីបុណ្យនីមួយៗមានលក្ខណៈដោយឡែក ដែលបម្រើជាកន្លែងសម្រាប់ការកម្សាន្តនិងការសម្រាកលំហែកាយ ហើយផ្តល់ជូននូវបទពិសោធន៍ថ្មីៗ និងក្នុងពេលដំណាលគ្នា ផ្សព្វផ្សាយសម្រស់ប្រពៃណីនៃបុណ្យ តេត។

រីករាយពិធីបុណ្យនាដើមឆ្នាំ - ảnh 1ពិធីបុណ្យតេតវៀតណាម (ឆ្នាំមមី អដ្ឋស័ក) ឆ្នាំ ២០២៦ ទាក់ទាញមនុស្សមួយចំនួនធំឱ្យមកទស្សនា និងទទួលយកបទពិសោធន៍ (រូបថត៖ VTC News)

នៅទីក្រុងហូជីមិញ ពិធីបុណ្យតេតវៀតណាម ឆ្នាំមមី អដ្ឋស័ក២០២៦ បានបើកចេញបរិយាកាសនិទាឃរដូវដ៏រីករាយ កក់ក្តៅ សម្បូរបែប ពោរពេញដោយអត្តសញ្ញាណជាតិ។ ដោយមានប្រធានបទ "សម្រស់អតីតកាលចែងចាំងរស្មីនៃថ្ងៃនេះ" ពិធីបុណ្យនេះបង្កើតឡើងវិញនូវរូបភាពដែលធ្លាប់ស្គាល់ជាច្រើននៃបុណ្យតេតប្រពៃណី ដូចជាវិថីអ្នកសរសេរអក្សរផ្ចង់ បរិយា កាសបុណ្យតេតប្រពៃណីរបស់ប្រជាជនវៀតណាម ជាពិសេសបុណ្យតេត ភាគខាងត្បូងដែលផ្សាភ្ជាប់នឹងប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ និងជីវភាពរស់នៅប្រជាប្រិយ។ សិល្បការិនី កាត តឿង បាននិយាយថា៖   “ក្រុមសិល្បកររបស់ កាតតឿង កំពុងរៀបចំសម្លៀកបំពាក់ប្រពៃណីអាវផាយ ដោយណាត់គ្នាជួបជុំដើម្បីថតរូបចាប់យកពេលវេលាដ៏ស្រស់ស្អាត និងការចងចាំមុនឆ្នាំថ្មី។ ឆ្នាំនេះគឺជាឆ្នាំសេះ ហើយយើងនឹងសម្រេចបានជោគ ជ័យដ៏អស្ចារ្យជាក់ជាពុំខាន”។

មកដល់តំបន់ភាគកណ្តាលក្នុងបរិយាកាសនៃបុណ្យតេតមមី អដ្ឋស័ក ឆ្នាំ ២០២៦ អ្នកទេសចរអាចជួបប្រទះពិធីបុណ្យនិទាឃរដូវដែលប្រព្រឹត្តទៅក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនៅទីក្រុង Hue ជាមួយនឹងបរិយាកាសបុណ្យតេតប្រពៃណី និងទំនៀមទម្លាប់អំណរនិទាឃរដូវនៃរដ្ឋធានីបុរាណដែលរួមបញ្ចូលគ្នាយ៉ាងសុខដុមរមនាជាមួយនឹងសកម្មភាពវប្បធម៌ និងសិល្បៈសហសម័យ។

រីករាយពិធីបុណ្យនាដើមឆ្នាំ - ảnh 2ប្រជាជននិងអ្នកទេសចរទស្សនាពិធីលើកដើមនេវក្នុងបរមរាជវាំង  Hue (រូបថត៖ VTC News)

នៅទីក្រុង ដា ណាំង បុណ្យតេតប្រពៃណីត្រូវរៀបចំឡើង ជាមួយនឹងកន្លែងពិធីបុណ្យប្រកបដោយភាពច្នៃប្រឌិតនិងស្វាហាប់ ខណៈពេលដែលនៅតែរក្សាស្មារតីនៃវប្បធម៌ក្នុងស្រុក។ ចាប់ពីថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី កន្លែងនេះបានក្លាយជាគោលដៅពេញនិយមសម្រាប់អ្នកទេសចរជាមួយ នឹង "ពិធីបុណ្យជូនអាំងប៉ាវ - បុណ្យតេតនៃតំបន់ទាំងបី" ដោយបង្កើតឡើងវិញនូវបរិយាកាសបុណ្យតេតនៃភាគខាងជើង ភាគកណ្តាល និង ភាគខាងត្បូងនៅក្នុងកន្លែងរួមមួយ។ ជាមួយគ្នានោះ ពិធីបុណ្យពន្លឺ និងបេតិកភណ្ឌនៅកោះអនុស្សាវរីយ៍ហូយអានក៏បានប្រារព្ធឡើងជាមួយនឹងការតាំងពិព័រណ៍ចង្កៀងសិល្បៈទ្រង់ទ្រាយធំ ដែលរៀបចំឡើងយ៉ាងឧិឡារិក ។

រីករាយពិធីបុណ្យនាដើមឆ្នាំ - ảnh 3ពិធីបុណ្យពន្លឺ និងបេតិកភណ្ឌឆ្នាំ ២០២៦ ដែលមានប្រធានបទ "បំភ្លឺវប្បធម៌វៀតណាមតាមរយៈភាសានៃពន្លឺ និងបច្ចេកវិទ្យា" នឹងប្រព្រឹត្តទៅនៅកោះនៃការចងចាំក្នុងទីក្រុង ហូយ អាន ចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ ដល់ថ្ងៃទី ៣០ ខែមេសា (រូបថត៖ baovanhoa.vn)

ក្រោមពន្លឺចែងចាំង រឿងរ៉ាវនៃកំពង់ផែពាណិជ្ជកម្ម Faifo នៃសតវត្សរ៍ទី១៧ (ហូយអានបច្ចុប្បន្ន) ត្រូវបានរៀបរាប់ឡើងវិញតាមរយៈភាសានៃពន្លឺ និងលំហ ដោយនាំអ្នកទស្សនាចូលទៅក្នុងអាណាចក្រនៃការចងចាំដ៏រស់រវើក ដែលវប្បធម៌ផ្សេងៗគ្នាធ្លាប់ប្រសព្វគ្នា។ លោកស្រី ត្រឹន ធី ធូហួន នាយិកាប្រតិបត្តិនៃកោះអនុស្សាវរីយ៍ហូយអាន បានឲ្យដឹងថា៖  "ពិធីបុណ្យពន្លឺ និងបេតិកភណ្ឌគឺជាការរួមបញ្ចូលគ្នានៃសិល្បៈប្រពៃណី ដែលជាសិល្បៈនៃការធ្វើចង្កៀងគោម។ លើសពីនេះ យើងក៏បានបញ្ចូលបែបផែនបច្ចេកវិទ្យាថ្មីទាំងស្រុងផងដែរ ដូចជា៖ ចង្កៀងគោមនឹងត្រូវបានផលិតជាគំរូធំៗ ដែលបង្ហាញក្នុងទ្រង់ទ្រាយធំ និងរៀបរាប់រឿងរ៉ាវនៃប្រវត្តិសាស្ត្រវប្បធម៌។ យើងប្រើយន្តហោះដ្រូនដែលមានស្លាកសញ្ញាវប្បធម៌ ក៏ដូចជារូបភាពនិមិត្តរូបនៃនាគ ហោង និងយន្តហោះដ្រូនទាញអេក្រង់ LED ដែលនាំមកសេចក្តីជូនពរល្អសម្រាប់ឆ្នាំថ្មី"។

រីករាយពិធីបុណ្យនាដើមឆ្នាំ - ảnh 4ការសម្តែងឡើងវិញនូវពិធីប្រពៃណីនៅក្នុងកម្មវិធី "ឆ្នាំថ្មីវៀតណាម - ឆ្នាំថ្មីតាមដងផ្លូវ" (ហាណូយ) (រូបថត៖ VOV)

មិនដូចបរិយាកាសពិធីបុណ្យទំនើប និងរស់រវើកនៅភាគខាងត្បូង សកម្មភាពរបស់ទីក្រុងហាណូយក្នុងអំឡុងពេលបុណ្យតេតនាំមកនូវអារម្មណ៍អាឡោះអាល័យ។ ជាមួយនឹង បំណងប្រាថ្នា ចង់នាំយកបុណ្យតេតប្រពៃណីវិលត្រឡប់មកវិញ ជាកន្លែងវប្បធម៌ដ៏រស់រវើក "បុណ្យតេតវៀត ណាម - បុណ្យតេតតាមដងផ្លូវ" ផ្តល់ជូនអ្នកទេសចរនូវឱកាសដើម្បីទទួលបានបទពិសោធន៍នៃបរិយាកាសបុណ្យ ខណៈពេលដែលកំពុងសិក្សា និង កោតសរសើរចំពោះជម្រៅនៃវប្បធម៌បុណ្យតេតវៀតណាមតាមរយៈ ពិធី ទំនៀមទម្លាប់ និងសកម្មភាពប្រពៃណីផ្សាភ្ជាប់នឹងប្រព័ន្ធនៃទីតាំងប្រវត្តិសាស្ត្រ ប្រាសាទ ផ្ទះបុរាណ និងផ្លូវសិប្បកម្មនៃតំបន់បុរាណរបស់ទីក្រុងហាណូយ រួមជាមួយការតាំងពិព័រណ៍សិល្បៈសហសម័យប្រកបដោយភាពច្នៃប្រឌិត។ លោកស្រី ង្វៀន ហ៊ុង ត្រាង អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ ហ័ន គៀម ទីក្រុងហាណូយ បានឲ្យដឹងថា៖ “នៅតាមទីកន្លែងបេតិកភណ្ឌរបស់ទីក្រុងហាណូយ នៅក្នុងសង្កាត់ចាស់ ហ័ន គៀម យើងរៀបចំសកម្មភាពដ៏មានអត្ថន័យដូចជាទីកន្លែងតាំងពិព័រណ៍បុណ្យ តេតភាគខាងជើង និងផ្ទះបេតិកភណ្ឌនៅអាសយដ្ឋាន លេខ ៨៧ ផ្លូវ ម៉ាមី ដែលបង្កើតឡើងវិញនូវបរិយាកាសបុណ្យតេតប្រពៃណីរបស់ប្រជាជនហាណូយ។ យើងសង្ឃឹមថា តាមរយៈសកម្មភាពលើកកម្ពស់តម្លៃបេតិកភណ្ឌ ប្រជាជននឹងមិនត្រឹមតែរីករាយនឹងបរិយាកាសរីករាយនៃបុណ្យតេតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអារម្មណ៍មោទនភាពជាតិ និងការគោរពខ្លួនឯង និងស្រឡាញ់ប្រពៃណីវៀតណាមកាន់តែច្រើនថែមទៀត”។

រីករាយពិធីបុណ្យនាដើមឆ្នាំ - ảnh 5អ្នកទេសចរ និងពុទ្ធសាសនិកចូលរួមក្នុងពិធីអុជធូបក្នុងអំឡុងពេលពិធីបើកទ្វារក្លោងជើងមេឃនៅ Fansipan (រូបថត៖ Sun World)

និទាឃរដូវនៅភាគពាយ័ព្យវៀតណាម មិនត្រឹមតែត្រូវបានលាបពណ៌ក្រហមនៃផ្កាម៉ាកខៃ ឬពណ៌សដោយផ្កាសារីនិងផ្កាព្រូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសំឡេងខ្លុយ និងបទចម្រៀងរបស់ក្មេងស្រី និងក្មេងប្រុសជនជាតិភាគតិចដែលបន្លឺឡើងនៅក្នុងពិធីបុណ្យផងដែរ។ នៅក្នុងខេត្ត ឡាវ កាយ បុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦   នឹងបើកដំណើរទៅអំណរនិទាឃរដូវ ពោរពេញដោយអត្តសញ្ញាណ “បើកទ្វារឋានសួគ៌” នៅលើកំពូលភ្នំ Fansipan ហ្វានស៊ីប៉ាន។ ទន្ទឹមនឹងនោះ តាមភូមិៗ មានពិធីបុណ្យ សេន ប៉ាន និង សេន មឿង របស់ប្រជាជនថៃ និងពិធីបុណ្យ ហ្គោ តៅ របស់ជនជាតិម៉ុង។ ពិធីបុណ្យ ហ្គោ តៅ ប្រព្រឹត្តទៅចំថ្ងៃទី ៣ នៃបុណ្យតេត ជាមួយនឹងពិធីដំឡើងដើម នេវ និងពិធីសែនអរគុណដល់ឋានសួគ៌ និងផែនដី រួមជាមួយនឹងល្បែងប្រជាប្រិយដ៏រស់រវើក។ ទាំងនេះគឺជាពិធីបុណ្យដ៏ធំបំផុត និងសំខាន់បំផុតនៃឆ្នាំសម្រាប់ជនជាតិម៉ុង ដែលផ្សាភ្ជាប់នឹងសកម្មភាពខាងវិញ្ញាណ ដើម្បីថ្លែងអំណរគុណដល់ព្រះអាទិទេព្យ អធិស្ឋានសុំការប្រមូលផលល្អ និងអធិស្ឋានសុំពរជ័យ។ អ្នកស្រី លី ធី គួញ ជាភ្ញៀវទេសចរម្នាក់ បាននិយាយថា៖    “ខ្ញុំបានចូលរួមក្នុងពិធីបុណ្យនេះក្នុងគោលបំណងរីករាយ នឹងរដូវផ្ការីកនៅដើមឆ្នាំ ហើយខ្ញុំសង្ឃឹមថា នឹងមានរឿងល្អៗ ជាច្រើនទៀត និងជួបមិត្តភក្តិមកពីគ្រប់ខេត្ត និងក្រុងដែលបានមកចូលរួមពិធីបុណ្យ។ ខ្ញុំមានអារម្មណ៍ថា បរិយាកាសមានភាពរីករាយខ្លាំងណាស់”។ ពិធីបុណ្យដ៏រស់រវើកនៅទូទាំងប្រទេសមិនត្រឹមតែរក្សាតម្លៃប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពរស់រវើកថ្មី ខណៈពេលដែលនៅតែសម្បូរទៅដោយអត្តសញ្ញាណផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ