Ba Ria - Vung Tau ឆ្ពោះទៅ​រក​ទេសចរណ៍គុណភាពខ្ពស់

(VOVWORLD) - ពិតជាកម្រមានខេត្តណាមួយ ដែលមានកត្តាគ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញដូចជា Ba Ria - Vung Tau នោះទេ។ ខេត្តបាននិងកំពុងអនុវត្តន៍ដំណោះស្រាយទំលុះទំលាយជាច្រើន ដោយប្តេជ្ញាក្លាយជាគោលដៅទេសចរណ៍ឈានមុខគេក្នុងតំបន់។
 Ba Ria-Vung Tau ត្រូវបានធម្មជាតិប្រទានផលជាមួយនឹងឆ្នេរសមុទ្រដ៏វែងអន្លាយ វាលខ្សាច់ស្អាត និងទឹកសមុទ្រពណ៌ខៀវស្រងាត់។ ចំណុចលេចធ្លោគឺស្រុកកោះ Con Dao ដែលនៅតែរក្សាបាននូវសម្រស់ធម្មជាតិដ៏ស្រស់បំព្រង ស្រុក Xuyen Moc ជាមួយនឹងតំបន់អភិរក្សធម្មជាតិ Binh Chau - Phuoc Buu និងទឹកជ្រោះក្តៅ Binh Chau ។ នៅទីនេះ ក៏មានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដូចជា៖ ផ្លូវរូងក្រោមដី Long Phuoc និង Kim Long មូលដ្ឋាននៃការតស៊ូ Bau Sen, កំពង់ផែ Loc An ជាមួយផ្លូវ Ho Chi Minh នៅលើសមុទ្រ ទីបញ្ចុះសព Hang Duong, ពន្ធនាគារ Con Dao។ ក្រៅពីនោះ ក៏មានពិធីបុណ្យប្រពៃណីជាច្រើនដូចជា ៖ ពិធីបុណ្យ Nghinh Ong ពិធី Le Co ពិធី Via Ong ពិធីបុណ្យ Trung Cuu ។ លោក Trinh Hang ប្រធានមន្ទីរទេសចរណ៍ខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖ “ Ba Ria - Vung Tau គឺជាតំបន់មួយដែលមានទីតាំងភូមិសាស្ត្រដ៏ពិសេស ដែលអាចអភិវឌ្ឍទេសចរណ៍ក្នុងទិសដៅត្រឹមត្រូវ។ យើងខ្ញុំមានឆ្នេរសមុទ្រប្រវែងជាង ៣០០km ជាប់នឹងសមុទ្រ យើងមានភ្នំដ៏អស្ចារ្យជាច្រើន ព្រៃស្រោង និងតំបន់ Ramsa ជាតំបន់ព្រៃលិចទឹក Ramsa ដំបូងគេរបស់វៀតណាម ដែលត្រូវបានទទួលស្គាល់ដោយពិភពលោក។ យើងមានពិធីបុណ្យនិងភូមិសិប្បកម្មជាច្រើន ដែលធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍កក់ក្តៅដូចជាត្រលប់មកផ្ទះវិញអញ្ចឹង”។
Ba Ria - Vung Tau ឆ្ពោះទៅ​រក​ទេសចរណ៍គុណភាពខ្ពស់ - ảnh 1ជ្រុងមួយនៃទីក្រុង Vung Tau ។ រូបថត៖ TTXVN

ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ Ba Ria - Vung Tau បានកំណត់ទេសចរណ៍ជាវិស័យសេដ្ឋកិច្ចស្នូលដើម្បីអភិវឌ្ឍន៍។ ពីទំហំដំបូងដែលមានអង្គភាពអាជីវកម្មទេសចរណ៍តែ ១០ ជាមួយសណ្ឋាគារ និងផ្ទះវីឡាជាង ៥០ បច្ចុប្បន្ននេះ Ba Ria - Vung Tau មានគ្រឹះស្ថានស្នាក់នៅចំនួន ៧៧ ដែលត្រូវបានវាយតម្លៃពីផ្កាយ ១ ដល់ផ្កាយ ៥ ជាមួយនឹងបន្ទប់ស្នាក់នៅដែលបំពេញតាមស្តង់ដារចំនួន ៤,២៤៥។ ជាមធ្យមក្នុងមួយឆ្នាំៗ ខេត្ត Ba Ria - Vung Tau បានទាក់ទាញភ្ញៀវទាំងជាតិនិងអន្តរជាតិប្រមាណពី ១៥-១៦ លាននាក់។ ប្រាក់ចំណូលសរុបពីទេសចរណ៍សម្រេចបានជាង ៥ ទ្រីលានដុង/ឆ្នាំ កើនឡើងរាប់សិបដងបើធៀបនឹងសម័យដើមនៃការបង្កើតខេត្ត។

ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃវិស័យសេដ្ឋកិច្ចជាសសរស្តម្ភនោះ ខេត្ត Ba Ria - Vung Tau បានរៀបផែនការមេ និងកសាងតំបន់ទេសចរណ៍ដែលមានជាសសរស្តម្ភចំនួន៥ ៖ មជ្ឈមណ្ឌលទេសចរណ៍ទីក្រុង Vung Tau និងតំបន់ជុំវិញ; ចង្កោមទេសចរណ៍ Long Hai - Phuoc Hai; ចង្កោមទេសចរណ៍ Nui Dinh - Thi Vai; ចង្កោមទេសចរណ៍ Binh Chau - Ho Tram និងទេសចរណ៍ Con Dao ។ លោកស្រី Le Thi Trang Dai ប្រធានគណៈកម្មាធិការប្រជាជនស្រុក Xuyen Moc បានឲ្យដឹងថា ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍នេះ តំបន់ឆ្នេរសមុទ្រ Xuyen Moc នឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ចម្រុះពណ៌ សម្បូរទៅដោយទម្រងនិងកំរិតស្តង់ដា ប្រែក្លាយតំបន់ Ho Tram - Binh Chau ទៅជាតំបន់ គោលដៅទេសចរណ៍ដែលមានគុណភាពខ្ពស់។ ក្រៅពីការអភិវឌ្ឍន៍ទេសចរណ៍លំដាប់ខ្ពស់តាមបណ្តោយឆ្នេរសមុទ្រ ស្រុកនឹងពិនិត្យមើលផែនការសម្រាប់តំបន់ដែលមានសក្តានុពលទេសចរណ៍សហគមន៍នៅ Binh Chau, Hoa Binh និងឃុំ Phuoc Thuan ផងដែរ៖ “តាមបណ្តោយផ្លូវដែលមានទេសភាពស្អាត ស្រុកបានបង្កើតច្រករបៀងផ្លូវច្បាប់ តាមនោះឃុំនីមួយៗត្រូវពិនិត្យសក្ដានុពល ដើម្បីគួបផ្សំវិស័យទេសចរណ៍ជាមួយកសិកម្ម បង្កើតទីផ្សារទេសចរណ៍ដ៏សម្បូរបែប។ ត្រូវរៀបចំផែនការថ្នាក់ឃុំជាមុន ហើយចំពោះការរៀបចំផែនការថ្នាក់ស្រុក យើងក៏ដាក់បញ្ចូលដើម្បីសម្របសម្រួលគ្នាផងដែរ។ ការបង្កលក្ខខណ្ឌអំណោយផលសម្រាប់គ្រួសារនិងសហគ្រាសធុនតូចនិងមធ្យម នៅពេលដែលពួកគេបានរួមផ្សំផលិតកម្មកសិកម្មជាមួយទេសចរណ៍ នឹងទទួលបានច្រករបៀងផ្លូវច្បាប់ល្អប្រសើរ”។

Ba Ria - Vung Tau ឆ្ពោះទៅ​រក​ទេសចរណ៍គុណភាពខ្ពស់ - ảnh 2ការផលិតបាញ់ត្រាងនៅឃុំ An Ngai ស្រុក Long Dien ខេត្ត Ba Ria - Vung Tau។ រូបថត៖ laodong.vn

យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍របស់ Ba Ria - Vung Tau គឺយកប្រជាជន និងសហគមន៍ជាមជ្ឈភាព។ តាមនោះ ទីក្រុង Ba Ria និងទីក្រុង Vung Tau ផ្តោតសំខាន់លើការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ដែលតភ្ជាប់ជាមួយនឹងសេវាកម្មទេសចរណ៍តាមដងទន្លេ គោលដៅទេសចរណ៍ធម្មជាតិ ក៏ដូចជាការបង្កើនទំនាក់ទំនងនិងបទពិសោធន៍រវាងភ្ញៀវទេសចរនិងប្រជាជនក្នុងតំបន់តាមរយៈសកម្មភាពដែលផ្សារភ្ជាប់ជាមួយជីវភាពរស់នៅនិងផលិតកម្មរបស់ប្រជាជន។ ស្រុក Long Dien ផ្តោតលើការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ តភ្ជាប់ភ្ញៀវទេសចរជាមួយភូមិសិប្បកម្មប្រពៃណីដូចជា៖ របរធ្វើបាញ់ត្រាង និងអំបិលរបស់ឃុំ An Ngai របរធ្វើបាញ់ហ៊យ របស់ឃុំ An Nhut។ ទន្ទឹមនឹងនោះ ស្រុក Dat Do ផ្តោតលើការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ តភ្ជាប់ជាមួយគំរូអភិវឌ្ឍន៍កសិកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់ និងរីករាយជាមួយវប្បធម៌ប្រពៃណី។ លោក Trinh Hang ប្រធានមន្ទីរទេសចរណ៍ខេត្ត Ba Ria -Vung Tau បានឲ្យដឹងថា៖          “ក្នុងដំណើរការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ផ្នែកទេសចរណ៍ក៏បានកំណត់យ៉ាងច្បាស់ថា ផលិតផលស្នូលគឺ រមណីយដ្ឋានទេសចរណ៍ និងការកម្សាន្ត។ យើងកំណត់ប្រភេទផលិតផលបន្ថែមចំនួន៣ រួមមាន៖ ទេសចរណ៍ធម្មជាតិ ការថែទាំសុខភាព និងសកម្មភាពលេងកម្សាន្ត ។ យើងឃើញថា មានផលិតផលស្នូល និងផលិតផលទេសចរណ៍ឧបត្ថម្ភ តាមនោះបានកំណត់ថាផលិតផលណាបម្រើទីផ្សារ និងផលិតផលណាដែលគាំទ្រដល់ការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ Ba Ria - Vung Tau”។

ជាមួយនឹងការរៀបចំផែនការរួមនៃទេសចរណ៍ដែលជាប់ទាក់ទងនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់ភាគអាគ្នេយ៍ Ba Ria - Vung Tau ត្រូវបានរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលនៃទេសចរណ៍គុណភាពខ្ពស់នៅក្នុងតំបន់ភាគខាងត្បូង។គោលដៅទាក់ទាញ ដែលជារមណីយដ្ឋានទេសចរណ៍ឈានមុខគេក្នុងតំបន់ និងទ្វីបអាស៊ីនាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ