ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួនជាង ៤១៩ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១២។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសនិងប្រជាជនវៀតណាម។

ព្រឹត្តិការណ៍មួយដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងច្រើនបំផុតពីមិត្តអ្នកស្តាប់ក្នុងសប្តាហ៍កន្លងទៅ គឺជាការតាំងពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (C-L-V) ឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅនៅខេត្ត Attapeu ភាគខាងត្បូងប្រទេសឡាវ។ មិត្តអ្នកស្តាប់ ផល ផានិត បានចែករំលែកថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំនិញវៀតណាមដែលត្រូបានដាក់លក់នៅទីនេះ ជាពិសេសផលិតផលសិប្បកម្មប្រចាំតំបន់នានាដែលមានគុណភាពខ្ពស់។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!  ពិព័រណ៍ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍និងការសម្តែងសិល្បៈនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនក្នុងក្របខ័ណ្ឌនៃសន្និសីទគណៈកម្មាធិការសម្របសម្រួលលើកទី ១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នៅខេត្ត Attapeu ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមីនា។

ដោយប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមីនា ពិព័រណ៍នេះបានទាក់ទាញស្តង់ទំនិញចំនួន១១៨ ដោយឧទ្ទេសនាមទំនិញប្រើប្រាស់ឆ្នើមៗពីខេត្តក្រុងនានាក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ហើយបានបង្ហាញនិងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃខេត្តក្រុងនានានៅតំបន់ CLV។ ភាពទាក់ទាញនៃផលិតផលទាំងនេះ បានទាក់ទាញអ្នកស្រុក និងភ្ញៀវទេសចរណ៍មួយចំនួនធំ ឱ្យមកពិសោធន៍ប្រើប្រាស់ផលិតផល ហើយអ្នកទាំងអស់ពិតជាពេញចិត្តចំពោះគុណភាពនិងរសជាតិនៃផលិតផល។ នៅរាត្រីបើក ការតាំងពិព័រណ៍នេះបានទាក់ទាញប្រជាជនក្នុងស្រុកនិងភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់មកទស្សនា ទិញទំនិញ និងរីករាយជាមួយការសម្តែងសិល្បៈដែលកោតសរសើរប្រទេស ប្រជាជន វប្បធម៌ និងសាមគ្គីភាពរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1មនុស្សជាច្រើនបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅឯពិធីបុណ្យនិទាឃរដូវពណ៌ក្រហមឆ្នាំ ២០២៤។

ក្នុងសប្តាហ៍កន្លងទៅ យើងក៏បានទទួលសំបុត្រមួយរបស់អ្នកស្តាប់ សុខ ឡាយ មកពីទីក្រុងភ្នំពេញ កម្ពុជា ដែលបច្ចុប្បន្នកំពុងសិក្សានៅសកលវិទ្យាល័យជាតិហាណូយ ដែលបានចែករំលែកអំពីសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅដើមឆ្នាំថ្មី ក្នុងកម្មវិធី ពិធីបុណ្យនិទាឃរដូវពណ៌ក្រហម នៅទីក្រុងហាណូយ។ មិត្តបានចែករំលែក៖ «ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ដូច្នេះខ្ញុំបានចូលរួមបរិច្ចាគឈាមចំនួន ៣ ដងហើយ។ នៅទីនេះខ្ញុំបានឃើញមិនត្រឹមតែមនុស្សពេញវ័យប៉ុណ្ណោះទេ ប៉ុន្តែក៏មានសិស្សានុសិស្សជាច្រើនដែលទើបតែមានអាយុ១៨ឆ្នាំចូលរួមបរិច្ចាកឈាមដែររ»។

បាទ សូមអរគុណអ្នកស្តាប់ សុខ ឡាយ ដែលបានចែករំលែកអំពីសកម្មភាពដ៏មានអត្ថន័យនេះ។ លោកអ្នកនាងជាទីមេត្រី ដោយប្រធានបទ  "បរិច្ចាគឈាមនៅដើមនិទាឃរដូវ - ជាសុភមង្គលទ្វេដង" ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨-២៥ខែកុម្ភៈ បានប្រមូលឈាមជិត ៩.០០០ឯកតា ដើម្បីបម្រើដល់ការងារសង្គ្រោះនិងព្យាបាល។ ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមបានកើតចេញពីកង្វះឈាមដែលជារឿយៗកើតឡើងក្នុងអំឡុងពេលបុណ្យតេតនៅតាមបណ្តាមន្ទីរពេទ្យ។ កម្មវិធីត្រូវបានរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៨ បានប្រមូលឈាមចំនួន ២.៦១០ឯកតា ដោយបង្កើតកំណត់ត្រាសម្រាប់ចំនួនឈាមដែលទទួលបានក្នុងមួយថ្ងៃនៅពេលនោះ។ បន្ទាប់ពីត្រូវបានរៀបចំឡើងចំនួន ១៧ដង (ពីឆ្នាំ ២០០៨ ដល់បច្ចុប្បន្ន) ពិធីបុណ្យនិទាឃរដូវពណ៌ក្រហម បានទាក់ទាញអ្នកចូលរួមរាប់សែននាក់ និងទទួលបានឈាមជាង ១២១.០០០ឯកតា។

ជាមួយនឹងអត្ថន័យនិងគុណតម្លៃនៃកម្មវិធី ចាប់ពីឆ្នាំ២០១០ ដល់បច្ចុប្បន្ន គណៈកម្មាធិការជាតិដឹកនាំការបរិច្ចាកឈាមដោយស្ម័គ្រចិត្តបានដឹកនាំ ចម្លង និងរៀបចំពិធីបុណ្យនិទាឃរដូវនៅទូទាំងប្រទេស។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2ទេសភាព Hang Rai នៃខេត្ត Ninh Thuan។

ជាបន្តកម្មវិធី សូមអញ្ជើញលោកអ្នកនាងទៅទស្សនា និងស្វែងយល់អំពី វាលផ្កាថ្មនិងល្បាក់ទឹកនៅលើសមុទ្រនៅ Hang Rai ខេត្ត Ninh Thuan នេះក៏ជាគោលដៅដែលអ្នកស្តាប់ ជា សុខចាន់ មានបំណងចង់ស្វែងយល់ផងដែរ។

មិត្តអ្នកស្ដាប់ ជា សុខចាន់ និងប្រិយមិត្តជាទីមេត្រី! Hang Rai គឺជាគោលដៅដ៏គួរឲ្យទាក់ទាញដែលមានទីតាំងនៅក្នុងតំបន់អភិរក្សសមុទ្រនៃសួនឧទ្យានជាតិ Nui Chua ក្នុងស្រុក Ninh Hai ខេត្ត Ninh Thuan។ នេះត្រូវបានប្រៀបប្រដូចទៅនឹង "ឋានសួគ៌" ដ៏កម្រមួយដែលមានសម្រស់ធម្មជាតិដ៏គួរអោយទាក់ទាញនិងអស្ចារ្យណាស់។ Hang Rai ត្រូវបានបង្កើតឡើងពីថ្មផ្កាថ្មបុរាណ មានទីតាំងនៅជិតមាត់សមុទ្រ ដោយមានផ្កាថ្មអណ្តែតលើផ្ទៃទឹក ដូចបន្ទះថ្មយក្ស។ ផ្កាថ្មបុរាណមានអាយុកាលរាប់ពាន់ឆ្នាំហើយ និងមានតម្លៃភូគព្ភសាស្ត្រពិសេស បានរួមចំណែកបង្កើតសម្រស់ធម្មជាតិដ៏អស្ចារ្យ និងសោភ័ណភាពពិសេសនៅទីនេះ។

Hang Rai ក៏ត្រូវបានគេស្គាល់ដល់ជាល្បាក់ទឹកនៅលើសមុទ្រ។ ផ្ទាំងថ្មដែលរងសំណឹកដោយរលកសមុទ្រ បង្កើតជារនាំងនៅកណ្តាលសមុទ្រ។ ពេលរលកសមុទ្របោកបក់មក មើលទៅដូចជាទឹកធ្លាក់ពណ៌ប្រាក់ ចែងចាំងពន្លឺថ្ងៃយ៉ាងស្រស់ស្អាតបំផុត។ Hang Rai ក៏ជាកន្លែងដែលធ្លាប់ស្គាល់សម្រាប់អ្នកថតរូបជាច្រើន ដើម្បីថតយកពេលវេលាដ៏ស្រស់ស្អាតទាំងថ្ម និងសមុទ្រនៅពេលថ្ងៃរះ ឬថ្ងៃលិចផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ