ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ក្នុងសប្តាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ នាយកដ្ឋានផ្សាយជាភាសារបរទេសនៃវិទ្យុសំឡេងវៀតណាម VOV5 បានទទួលសំបុត្រ និងទូរស័ព្ទចំនួន ៣៩២ ពីមិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៣ ក្នុងនោះកម្មវិធីភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។

យើងក៏បន្តទទួលបានសារជូនពរយ៉ាងកក់ក្តៅក្នុងឱកាសឆ្នាំថ្មីសកល ២០២៦ ពីមិត្តអ្នកស្តាប់ផងដែរ។ ក្នុងនោះ មិត្តអ្នកស្តាប់ លឹម មករា មកពីភ្នំពេញ កម្ពុជា បានសរសេរថា៖ “សួស្តីឆ្នាំថ្មី ២០២៦។ សូមជូនពរអ្នកផ្សាយសំឡេងនៃកម្មវិធីឲ្យមានឆ្នាំថ្មីពោរពេញដោយសុខភាពល្អ និងជោគជ័យថ្មី ជាមួយនឹងខ្លឹមសារគួរឱ្យចាប់អារម្មណ៍កាន់តែច្រើន។ ឆ្នាំថ្មីនេះ ខ្ញុំពិតជានឹងបន្តអំដំណើរជាមួយកម្មវិធី”។ មិត្តអ្នកស្តាប់ ស៊ូ ស្រីនាង មកពីខេត្តតាកែវ កម្ពុជា បានចែករំលែកថា៖ «សូមជូនពរអ្នកទាំងអស់គ្នាឲ្យទទួលបានជោគជ័យក្នុងការងារ និងសុភមង្គលក្នុងឆ្នាំថ្មី។ សង្ឃឹមថា នៅឆ្នាំថ្មីនេះ កម្មវិធីនឹងបន្តអមដំណើរនិងនាំមកជូនអ្នកស្តាប់នូវខ្លឹមសារដ៏មានអត្ថន័យជាច្រើន»។

ក្នុងនាមកម្មវិធី យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសារជូនពរឆ្នាំថ្មីដ៏ល្អប្រសើរពីមិត្តអ្នកស្តាប់ទាំងអស់។ ចំណាប់អារម្មណ៍របស់អ្នក គឺជាការលើកទឹកចិត្តសម្រាប់យើងបន្តច្នៃប្រឌិត និងនាំមកជូនមិត្តអ្នកស្តាប់នូវកម្មវិធីដែលមានគុណភាពកាន់តែខ្ពស់។

នាសប្តាហ៍កន្លងទៅ ក្រៅពីសារជូនពរឆ្នាំថ្មី យើងខ្ញុំក៏ទទួលបានសំណួរពីមិត្តអ្នកស្តាប់ ដែលចង់ស្វែងយល់អំពីវប្បធម៌ ប្រទេសជាតិ និងប្រជាជនវៀតណាម។ ក្នុងនោះ មិត្តអ្នកស្តាប់ ផល ផានិត ពីរាជធានីភ្នំពេញ ចង់ស្វែងយល់អំពីភូមិ Bao La ដែលជាភូមិ ត្បាញឫស្សីដ៏ល្បីល្បាញ មានអាយុកាលជាង ៦០០ ឆ្នាំនៅអតីតរាជធានី Hue។

 ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ក្នុងសប្តាហ៍កន្លងទៅ - ảnh 1
ផលិតផលត្បាញឫស្សីរបស់ភូមិ Bao La។ រូបថត៖ Thanh Giang/VNP

មិត្តអ្នកស្តាប់ ផល ផានិត និងប្រិយមិត្តជាទីមេត្រី។ ស្ថិតនៅចម្ងាយ ១៥ គីឡូម៉ែត្រភាគខាងជើងនៃកណ្តាលទីក្រុង Hue ភូមិត្បាញឫស្សី Bao La ក្នុងឃុំ Dan Dien ទីក្រុង Hue មានអាយុកាលជាង ៦០០ ឆ្នាំមកហើយ។ ទោះបីកាលពីដើម នេះជាការងារបន្ទាប់បន្សំ នៅពេលទំនេរពីការធ្វើស្រែចំការ ក៏ដោយ មុខរបរត្បាញឫស្សីក៏ត្រូវបានអ្នកស្រុកថែរក្សា និងអភិវឌ្ឍពីជំនាន់មួយទៅជំនាន់មួយ។ ចាប់ពីផលិតផលដែលធ្លាប់ស្គាល់ដូចជាកន្ត្រក និងល្អី សិប្បករសព្វថ្ងៃនេះ បានច្នៃប្រឌិតឥតឈប់ឈរ ដោយបង្កើតរបស់របរថ្មីៗជាច្រើនដូចជាចង្កៀង ថាសស្ករគ្រាប់ និងគ្រឿងអលង្ក័ត ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី។

ក្រៅពីផលិតកម្ម ភូមិត្បាញឫស្សី Bao La ក៏បានអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញផងដែរ។ មកទីនេះភ្ញៀវទេសចរណ៍អាចទស្សនានិងពិសោធន៍ការត្បាញដោយផ្ទាល់ក្រោមការណែនាំរបស់សិប្បករ និងជ្រើសរើសវត្ថុអនុស្សាវរីយ៍ធ្វើពីឫស្សី ដ៏វិសេសវិសាល។ Bao La សព្វថ្ងៃនេះមិនត្រឹមតែជាកន្លែងដែលរក្សាតម្លៃសិប្បកម្មប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពដ៏រស់រវើកនៃកម្លាំងរស់របស់ភូមិសិប្បកម្មវៀតណាមក្នុងសម័យទំនើបផងដែរ។

បន្តកម្មវិធីគឺសំបុត្រពីមិត្តអ្នកស្តាប់ ឡាយ ដារិទ្ធ មកពីកម្ពុជា ដែលចង់ឲ្យកម្មវិធី ឧទ្ទេសនាមអំពីគោលដៅដ៏ទាក់ទាញមួយចំនួននៅទីក្រុងហាណូយក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៦។

មិត្តអ្នកស្តាប់ ឡាយ ដារិទ្ធ និងប្រិយមិត្តជាទីមេត្រី! បុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៦ ចំនឹងពាក់កណ្តាលខែកុម្ភៈ។ ប្រសិនបើអ្នកមកទស្សនាទីក្រុងហាណូយនៅពេលនេះ អ្នកនឹងមានឱកាសទទួលបានបទពិសោធន៍នៃបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមយ៉ាងរស់រវើកបំផុត។ មុនថ្ងៃឆ្លងឆ្នាំ (ថ្ងៃទី ១៦ ខែកុម្ភៈ) អ្នកអាចទៅទស្សនាវិថី Hang Ma ដ៏ភ្លឺចិញ្ចាច ឬផ្សារផ្កា Hang Luoc - ផ្សារផ្កាបុណ្យចូលឆ្នាំថ្មីចាស់ជាងគេរបស់ទីក្រុងហាណូយ - ដើម្បីទស្សនាសកម្មភាពដ៏មមាញឹករបស់ប្រជាជនដែលកំពុងរៀបចំដើម្បីស្វាគមន៍ឆ្នាំថ្មី។ ក្រៅពីនេះ ភូមិផ្កា Nhat Tan ដែលមានផ្កាម៉ាក់ខៃរីកស្គុះស្គាយ ក៏ជាគោលដៅដ៏ល្អមួយដើម្បីទទួលបានបទពិសោធន៍នៃនិទាឃរដូវបស់ភាគខាងជើងវៀតណាមផងដែរ។

ប្រសិនបើអ្នកចូលចិត្តសកម្មភាពវប្បធម៌ អ្នកគួរតែទៅទស្សនាកេរ្តិ៍ដំណែលវប្បធម៌ Van Mieu-Quoc Tu Giam ជាកន្លែងដែលគ្រូសរសេរអក្សរផ្ចង់បានសរសេរសារស្វាគមន៍ឆ្នាំថ្មីនៅលើក្រដាសក្រហម ដោយជូនពរឱ្យមានសំណាងល្អ និងសុខសាន្តត្រាន្ត។ លើសពីនេះ អ្នកក៏អាចដើរលេងកម្សាន្តជុំវិញតំបន់វិថីបុរាណ នៅព្រឹកថ្ងៃដំបូងនៃបុណ្យតេត ជាពេលដែលទីក្រុងហាណូយមានភាពស្ងប់ស្ងាត់និងសុខសាន្តបំផុត ដើម្បីគយគន់ផ្កាម៉ាក់ខៃបុរមបុរាណ និងរីករាយជាមួយកាហ្វេស៊ុតក្តៅៗមួយកែវ។ ទាំងអស់នេះនឹងផ្តល់ឱ្យអ្នកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានអំពីទីក្រុងហាណូយដ៏សុខសាន្ត និងសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌។

មិត្តអ្នកស្តាប់ជាទីមេត្រី! រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu សង្កាត់ Cua Nam រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ