ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅនេះ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន ១១ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួន ៣៧០ ដែលត្រូវបានផ្ញើមកកម្មវិធីផ្សាយសម្លេងនានានៃប៉ូស្តិ៍ VOV5។ សូមអរគុណប្រិយមិត្តដែលបានផ្ដល់មនោសញ្ចេតនាដ៏កក់ក្ដៅនិងមតិយោបល់ដ៏មានតម្លៃដល់យើងខ្ញុំ។
ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន - ảnh 1រូបភាពនៃការប្រណាំងទូកងខេត្តសុកត្រាំងឆ្នាំ២០២៣។ (រូបថត៖ VOV)

ពីរាជធានីភ្នំពេញ មិត្តអ្នកអាន ជ័យ ម៉ាលី បានផ្ញើសំណួរមកកម្មវិធីថា៖ «តើការប្រណាំងទូកងរបស់
សហគមន៍ជនជាតិខ្មែរណាមបូ ត្រូវបានរៀបចំឡើងក្នុងកម្រិតណា? នៅកម្ពុជា ពិធីបុណ្យអុំទូកទើបតែបានដំណើរការឡើងវិញក្នុងទ្រង់ទ្រាយធំបំផុតតាំងពីមុនមក បន្ទាប់ពីបានផ្អាករយៈពេលបីឆ្នាំ ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃមេរោគ Covid-១៩។

លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! ការប្រណាំងទូកងក្នុងឱកាសពិធីបុណ្យអកអំបុកតាំងពីយូរណាស់មកហើយ បានក្លាយជាសកម្មភាពវប្បធម៌ និងកីឡាសហគមន៍ មានអត្ថន័យមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅរបស់បងប្អូនជនជាតិខ្មែរណាមបូ រួមចំណែកអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណី ព្រមទាំងពង្រឹង និងពង្រីកផែនមហាសាមគ្គីជនជាតិទាំងមូល។ ពិធីបុណ្យអកអំបុក-ប្រណាំងទូកង ក៏ជាមោទនភាពរបស់ប្រជាជននៅតំបន់ណាមបូខាងលិចផងដែរ នៅពេលដែលវាត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិក្នុងឆ្នាំ ២០១៥។ ពិធីបុណ្យនេះតែងតែប្រារព្ធឡើងនៅកម្រិតខេត្តបើកទូលាយ ប៉ុន្តែពិធីបុណ្យអកអំបុក-ប្រណាំងទូកងដោយមានភាពគគ្រឹកគគ្រេងបំផុត ហើយទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់បំផុតនោះ គឺពិធីបុណ្យនៅខេត្តសុកត្រាំង ដែលធ្លាប់បានបង្កើតកំណត់ត្រាវៀតណាមតាំងពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ន ដោយមានចំនួនទូក និងអត្តពលិកចូលរួមច្រើនជាងគេ។ ក្នុងឆ្នាំលេខគូ ពិធីបុណ្យអកអំបុក-ប្រណាំងទូកង នៅខេត្តសុកត្រាំងត្រូវបានរៀបចំក្នុងកម្រិតតំបន់ ឬរៀបចំក្នុងក្របខណ្ឌនៃមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់ជនរួមជាតិខ្មែរណាមបូ។ ក្រៅពីនោះ ក្នុងប៉ុន្មានថ្ងៃនៃពិធីបុណ្យអកអំបុកប្រពៃណីរបស់ជនជាតិខ្មែរ នៅតាមខេត្តក្រុងនានាក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ក៏រៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងម្ហូបអាហារដ៏ទាក់ទាញជាច្រើនទៀតផង។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន - ảnh 2ដំណើរកំសាន្តរាត្រីនៅ Van Mieu - Quoc Tu Giam។ (រូបថត៖ qdnd.vn)

ក្រៅពីពិធីបុណ្យអកអំបុក សកម្មភាពវប្បធម៌ និងទេសចរណ៍មួយផ្សេងទៀតនៅរដ្ឋធានីហាណូយ ក៏ទទួលបានការយកចិត្តទុកដាក់ជាច្រើនពីមិត្តអ្នកស្ដាប់និងមិត្តអ្នកអានផងដែរ។ លោក ស៊ុន ផល អតីតនិស្សិតកម្ពុជានៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ បានធ្វើអត្ថាធិប្បាយថា៖ “ខ្ញុំបានឮថា នាពេលថ្មីៗនេះនៅទីក្រុងហាណូយ បានបើកដំណើរកម្សាន្តរាត្រីជាច្រើន។ សូមផ្ទៀងស្ដាប់ការចែករំលែកបន្ថែមទៀតពីកម្មវិធី”។ ចំណែកមិត្តអ្នកស្តាប់ វុទ្ធី នៅទីក្រុងភ្នំពេញ ក៏បានសម្ដែងនូវបំណងចង់ស្តាប់ការណែនាំអំពីផលិតផលទេសចរណ៍រាត្រីដែលទើបនឹងបានបង្ហាញមុខនៅទីក្រុង
ហាណូយ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នាពេលថ្មីៗនេះ មន្ទីរទេសចរណ៍ទីក្រុងហាណូយបានរៀបចំពិធីបង្ហាញមុខផលិតផលទេសចរណ៍រាត្រីហាណូយ រួមមានផលិតផលចំនួន ១៥ ដែលទើបនឹងបានវិនិយោគសាងសង់ ឬមានការផ្លាស់ប្ដូរខាងខ្លឹមសារ ទម្រង់ ដើម្បីឧទ្ទេសនាមដល់ភ្ញៀវទេសចរ។ បញ្ជីឈ្មោះផលិតផលទេសចរណ៍រាត្រីហាណូយទាំង ១៥ រួមមាន៖ កម្មវិធីសម្ដែង “Tonkin Show” នៅស្រុក Quoc Oai; ដំណើរកំសាន្តរាត្រីនៅពន្ធនាគារ Hoa Lo ខ័ណ្ឌ Hoan Kiem; កន្លែងដើរថ្មើជើងនៅខ័ណ្ឌ Hoan Kiem, Tay Ho, Ba Dinh, កំពែងបុរាណ Son Tay; កម្មវិធីសម្ដែងអាយ៉ងទឹក Thang Long; ដំណើរកំសាន្តរាត្រីនៅព្រះបរមរាជវាំង Thang Long; ដំណើរកំសាន្តរាត្រីនៅសារមន្ទីរអក្សរសិល្ប៍វៀតណាម; ដំណើរម្ហូបអាហារនៅវិថី Tong Duy Tan - Ta Hien - ផ្សារ Dong Xuan; ដំណើរកម្សាន្តរាត្រីដោយរថយន្តក្រុងពីរជាន់;ខ្សែរថយន្តអគ្គីសនី Dong Xuan នៅខ័ណ្ឌ Hoan Kiem; បទពិសោធន៍ជិះស៊ីក្លូ នៅខ័ណ្ឌ Hoan Kiem; ពិធីបង្ហូតទង់ជាតិចុះនៅប្រាង្គតម្កល់សពលោកប្រធានហូជីមិញ; វិថីសៀវភៅហាណូយ; កម្មវិធីសិល្បៈនៅសារមន្ទីរស្ត្រីវៀតណាម; ដំណើរកំសាន្តដោយកង់ថាំងឡុង-ហាណូយ; ដំណើរកំសាន្តរាត្រីនៅ Van Mieu – Quoc Tu Giam។ ទីក្រុងហាណូយមានបំណងចង់ពង្រីកប្រៀបខ្លាំងនៃសេវាកម្មរាត្រីនៅលើភូមិសាស្ត្រខ័ណ្ឌ Hoan Kiem និយាយដោយឡែក និងរដ្ឋធានីហាណូយនិយាយរួម ដើម្បីអភិវឌ្ឍន៍ផលិតផលទេសចរណ៍រាត្រីឲ្យកាន់តែសម្បូរបែប និងវិសេសវិសាល នាំមកជូនប្រជាជន និងភ្ញៀវទេសចរនូវកន្លែងវប្បធម៌ប្រកបដោយភាពច្នៃប្រឌិត និងផលិតផលទេសចរណ៍ប្រកបដោយគុណភាព និងមានតម្លៃ។

មិនត្រឹមតែធម្មជាតិ វប្បធម៌ និងមនុស្សប៉ុណ្ណោះទេ... ប៉ុន្តែវៀតណាមសព្វថ្ងៃមានប្រការជាច្រើនទៀត ដែលទោះជាតូចតាចក៏ដោយ ក៏អាចបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ។ លោក រតនៈ នៅទីក្រុងភ្នំពេញបានផ្ញើសំបុត្រចែករំលែកថា៖ «ខ្ញុំទើបតែមានដំណើរទស្សនកិច្ចការងារលើកដំបូងនៅហាណូយ។ អាកាសធាតុល្អណាស់។ ហើយរសជាតិកាហ្វេវៀតណាមក៏អស្ចារ្យដែរ។ ហាងកាហ្វេតែងតែមានមនុស្សច្រើន ហើយពេលខ្ញុំទៅផ្សារទំនើបធំៗ ខ្ញុំឃើញអតិថិជនបរទេសមកទិញកាហ្វេច្រើន។ ខ្ញុំចង់ដឹងថា តើកាហ្វេវៀតណាមបច្ចុប្បន្នត្រូវបាននាំចេញទៅកាន់ប្រទេសប៉ុន្មាន?

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន - ảnh 3ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការឆុងកាហ្វេតាមបែបប្រពៃណីវៀតណាមកាន់តែពេញនិយមនៅប្រទេសជាច្រើនទៀត។ 

លោក រតនៈ និងមិត្តអ្នកស្តាប់ជាទីគោរព វៀតណាមបច្ចុប្បន្នជាប្រទេសនាំចេញកាហ្វេធំទីពីរលើពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល)។ កាហ្វេវៀតណាមបច្ចុប្បន្នមានវត្តមាននៅក្នុងប្រទេសជាង ៨០ ជុំវិញពិភពលោក ជាមួយនឹងទីផ្សារឈានមុខគេដូចជា អ៊ីតាលី សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ រុស្ស៊ី ម៉ិកស៊ិក... បរិមាណកាហ្វេនាំចេញក្នុងឆ្នាំ២០២៣ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១,៧ លានតោន ដោយមានតម្លៃ ៤,២ ពាន់លានដុល្លារអាមេរិក - ដែលជាកំណត់ត្រាថ្មីសម្រាប់ផ្នែកកាហ្វេវៀតណាម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការឆុងកាហ្វេតាមបែបប្រពៃណីវៀតណាមកាន់តែពេញនិយមនៅប្រទេសជាច្រើនទៀត។ ដំណើរការផលិតដ៏ប្លែកពីគេ និងរសជាតិដ៏ទាក់ទាញនៃគ្រាប់កាហ្វេ Robusta បានទាក់ទាញអ្នកចូលចិត្តកាហ្វេលើទូទាំងពិភពលោក។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់និងសំណួររបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអានដែលយើងខ្ញុំបានសរុបមកក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានមនោសញ្ចេតនា និងមតិយោបល់ជាច្រើនពីប្រិយមិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ