ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួន ៦៣០ ដែលត្រូវបានផ្ញើមកកាន់ប៉ូស្តិ៍ VOV5។ សូមអរគុណចំពោះមនោសញ្ចេតនានិងការផ្ដល់មតិយោបល់របស់ប្រិយមិត្តទាំងអស់។

ក្នុងសប្តាហ៍មុន ព្រឹត្តិការណ៍រំលឹកខួបលើកទី ៤៥ នៃជ័យជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានការយកចិត្តទុកដាក់យ៉ាងច្រើនពីសំណាក់មិត្តអ្នកអាននិងមិត្តអ្នកស្តាប់។ លោក សូវ សម្បត្តិ នៅរាជធានីភ្នំពេញ បានផ្ញើរសំបុត្រចែករំលែកថា៖ “ជ័យជម្នះថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានចាត់ទុកជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដោយបើកយុគសម័យថ្មីនៃសន្តិភាពជូនប្រទេសជាតិ។ ជ័យជម្នះនេះមានការជួយឧបត្ថម្ភគាំទ្រដ៏ធំធេងពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ នោះគឺជាសច្ចធម៌ប្រវត្តិសាស្ត្រ”។ លោក ស៊ុន ផល អតីតនិស្សិតកម្ពុជានៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ បានសម្តែងថា៖ “ក្នុងនាមជាយុវជនជំនាន់ក្រោយដែលទទួលបានផលពីតម្លៃសន្តិភាព និងការអភិវឌ្ឍនោះ ខ្ញុំចងចាំជានិច្ចថា ទទួលបានសមិទ្ធផលដូចសព្វថ្ងៃនេះ គឺអាស្រ័យដោយមានការលះបង់សាច់ស្រស់ឈាមស្រស់របស់ប្រជាជន យុទ្ធជននៃរណសិរ្សរំដោះជាតិកម្ពុជា ក៏ដូចជាយុទ្ធជនស្ម័គ្រចិត្តវៀតណាម។ ខ្ញុំសង្ឃឹមថា ជំនាន់យុវជននៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើន ហើយត្រូវយល់ច្បាស់អំពីបេសកកម្មរបស់ខ្លួនក្នុងការរួមដៃគ្នាដើម្បីពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាមឲ្យកាន់តែរឹងមាំ”។

លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! ជ័យជំនះ ៧ មករា ១៩៧៩ ពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ភ្លឺស្វាង ដែលបង្ហាញពីស្មារតីដ៏បរិសុទ្ធនៃសាមគ្គីភាពអន្តរជាតិ ក៏ដូចជាចំណងមិត្តភាពពិសេសរវាងប្រជាជនទាំងពីរវៀតណាមនិងកម្ពុជា។ ក្នុងពិធីរំលឹកខួបលើកទី៤៥ នៃជ័យជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឡើងនៅថ្ងៃទី៧ ខែមករា នៅរាជធានីភ្នំពេញ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីម្ដងទៀតនូវគុណូបការៈដ៏ធំធេងរបស់យុទ្ធជនរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរៈយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីតស៊ូរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍។ សព្វថ្ងៃនេះ ដោយមានការប្តេជ្ញាចិត្ត និងទំនុកចិត្តនយោបាយដ៏ស៊ីជម្រៅ បណ្ដាជំនាន់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម-កម្ពុជាបាននិងកំពុងពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពដ៏រឹងមាំ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាលើគ្រប់វិស័យផងដែរ។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន - ảnh 1វៀតណាមកំពុងក្លាយទៅជាតំណភ្ជាប់ដ៏សំខាន់មួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្ម semiconductor ដោយមានឱកាសទាក់ទាញធនធានដ៏ធំពីវិនិយោគិនបរទេស។

ដោយសម្ដែងនូវចំណាប់អារម្មណ៍ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការទាក់ទាញការវិនិយោគអភិវឌ្ឍន៍ មិត្តអ្នកស្តាប់ ហ៊ាន សុភ័ក្រ នៅទីក្រុងភ្នំពេញ បានសរសេរក្នុងសំបុត្រថា៖ “ខ្ញុំពិតជាចូលចិត្តកម្មវិធីវិទ្យុពិសេសរបស់ VOV នៅថ្ងៃទី ១ មករា។ អាស្រ័យហេតុនោះ ខ្ញុំមានការយល់ដឹងកាន់តែច្រើនអំពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឧស្សាហកម្ម semiconductor រវាងវៀតណាមនិងពិភពលោក។ ខ្ញុំចង់សួរថា រហូតមកដល់ពេលនេះ តើមានដៃគូប៉ុន្មានដែលបានវិនិយោគនៅវៀតណាមលើវិស័យនេះ ហើយតើគម្រោងនេះមានទំហំប៉ុនណា”?

មិត្តអ្នកស្តាប់ជាទីគោរព! ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមកំពុងក្លាយទៅជាតំណភ្ជាប់ដ៏សំខាន់មួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្ម semiconductor ដោយមានឱកាសទាក់ទាញធនធានដ៏ធំពីវិនិយោគិនបរទេស។ Intel (សហរដ្ឋអាមេរិក) - ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីប semiconductor ឈានមុខគេទាំង ៣ នៅលើពិភពលោក បានចាប់ផ្តើមអភិវឌ្ឍរោងចក្រនៅប្រទេសវៀតណាមតាំងពីឆ្នាំ ២០០៦ មក។ នៅឆ្នាំ ២០២១ Intel បានប្រកាសបង្កើនទុនវិនិយោគនៅវៀតណាមឡើងដល់ ១,៥ ពាន់លានដុល្លារ។ រោងចក្រ Intel Products Vietnam (IPV) បច្ចុប្បន្នគឺជារោងចក្រដំឡើង និងសាកល្បងដ៏ធំបំផុតនៅក្នុងបណ្តាញរបស់ Intel ដែលប៉ាន់ស្មានថា ស្រូបយកជាង ៥០% នៃទិន្នផលសកលលោកសរុបរបស់ Intel។ ក្រៅពីសហរដ្ឋអាមេរិក ដៃគូមកពីកូរ៉េក៏ជំរុញយ៉ាងសកម្មនូវប្រតិបត្តិការវិនិយោគនៅវៀតណាមផងដែរ។ សម្ព័ន្ធក្រុមហ៊ុន Samsung បានផលិតជាផ្លូវការនូវបន្ទះឈីប BGA នៅរោងចក្រ Samsung ក្នុងខេត្ត Thai Nguyen ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៣ តទៅ។ ក្រុមហ៊ុន Hana Micron Vina (កូរ៉េ) បានសម្ពោធគម្រោងផលិតសារធាតុ semiconductor ដំបូងគេនៅតំបន់ភាគខាងជើងវៀតណាម ដែលមានតម្លៃជិត ៦០០ លានដុល្លារនៅ Bac Giang។ នៅឆ្នាំ ២០២៥ Hana Micron Vina គ្រោងនឹងបង្កើនទុនវិនិយោគសរុបដល់ជាង ១ ពាន់លានដុល្លារ។ ថ្មីៗនេះ នៅខែតុលា ឆ្នាំ ២០២៣ រោងចក្រ semiconductor របស់សម្ព័ន្ធក្រុមហ៊ុន Amkor (កូរ៉េ) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅខេត្ត Bac Ninh ជាមួយនឹងទុនវិនិយោគសរុបចំនួន ១,៦ ពាន់លានដុល្លារអាមេរិក បង្កើតការងារឱ្យកម្មករកម្មការិនីប្រមាណ ២០០០ នាក់។ ក្នុងពេលខាងមុខនេះ វៀតណាមត្រូវបានគេរំពឹងថា នឹងបន្តទាក់ទាញក្រុមហ៊ុនធំៗជាច្រើននៅក្នុងឧស្សាហកម្ម semiconductor ដូចជា NVDIA, Qualcom, Marvell...

ហើយនៅក្នុងផ្នែកបន្ទាប់នៃនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ប្រចាំសប្តាហ៍នេះ យើងខ្ញុំសូមណែនាំអំពីទីកន្លែង "ប្រមាញ់ពពក" ដ៏ល្អមួយចំនួននៅតំបន់ភាគខាងជើងប្រទេសវៀតណាម តាមសំណើរបស់កញ្ញា ច័ន្ថាវី និស្សិតកម្ពុជានៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ Thai Binh។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន - ảnh 2ទេសភាពគួរឲ្យចាប់អារម្មណ៍នៅពេល "ប្រមាញ់ពពក" នៅ Ta Xua។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! "ការប្រមាញ់ពពក" គឺជាបទពិសោធន៍ទេសចរណ៍ដ៏ថ្មីថ្មោងមួយ ដែលទទួលបានការពេញនិយមពីសំណាក់យុវជនជាច្រើន។ មូលហេតុដែលត្រូវបានគេហៅថា "ការប្រមាញ់ពពក" គឺដោយសារតែមនុស្សម្នាក់ៗត្រូវរត់ប្រណាំងប្រជែងនឹងពេលវេលាដើម្បីឡើងដល់កំពូលភ្នំឲ្យទាន់ពេលវេលា ដែលព្រះអាទិត្យមិនទាន់រះនៅឡើយ។ សមុទ្រពពកសក្បុសលេចឡើងតែមួយរយៈខ្លីប៉ុណ្ណោះ បន្ទាប់មករលាយជាអ័ព្ទ។ Lao Cai ត្រូវបានគេស្គាល់ដល់ជាខេត្តមួយក្នុងចំណោមខេត្តដែលមានកន្លែងប្រមាញ់ពពកដ៏ស្រស់ស្អាតបំផុតនៅតំបន់ភ្នំភាគខាងជើង ដែលល្បីល្បាញបំផុតគឺកំពូលភ្នំ Fansipan ដែលគេប្រសិទ្ធនាមថា "ដំបូលឥណ្ឌូចិន" ស្ថិតនៅរយៈកំពស់ជាង ៣១០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ Lao Cai ក៏មានកន្លែងប្រមាញ់ពពកដ៏ល្បីល្បាញផ្សេងទៀតដូចជា "ឋានសួគ៍ពពក Y Ty" (ឃុំ Y Ty) ស្ថិតនៅរយៈកំពស់ ២០០០ ម៉ែត្រ និងជម្រាលភ្នំ O Quy Ho ដែលជាខ្សែផ្លូវតភ្ជាប់ខេត្ត Lao Cai និង Lai Chau។ ស្ថិតនៅរយៈកំពស់ ១៥០០ - ១៨០០ ម៉ែត្រ ឃុំ Ta Xua ស្រុក Bac Yen (ខេត្ត Son La) គឺជាកន្លែងដែលបានមនុស្សជាច្រើនជ្រើសរើសដោយមានជ្រលងពពកដ៏ធំល្វឹងល្វើយ។ នៅខេត្ត Ha Giang កន្លែងប្រមាញ់ពពកដ៏ល្បីល្បាញគឺជម្រាលភ្នំ Ma Pi Leng ដែលជាខ្សែផ្លូវតភ្ជាប់ទីរួមខេត្ត Dong Van និងស្រុក Meo Vac។ រដូវរងាត្រូវបានចាត់ទុកថា ជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរដែលចង់ទទួលបទពិសោធន៍នៃការគយគន់សមុទ្រពពកគ្របដណ្តប់លើកំពូលភ្នំ ផ្លូវក្រវិចក្រវៀនតាមចង្កេះភ្នំ និងវាលស្រែកាំជណ្ដើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ