ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែលចំនួន ៣៨៦ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១០។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមបាន ឈ្នះពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០២២

ក្នុងសប្ដាហ៍កន្លងទៅយើងខ្ញុំទទួលបានការចែករំលែកជាច្រើនពីមិត្តអ្នកស្ដាប់កម្ពុជា។ ក្នុងសំបុត្រដែលផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្តាប់ ឡាយ ដារិទ្ធមកពី កម្ពុជា បានចែករំលែកថា៖ “ការស្តាប់កម្មវិធីនៃវិទ្យុ VOV ជាមួយគ្នាបានក្លាយទៅជាទម្លាប់របស់គ្រួសារខ្ញុំតាំងពីឆ្នាំ ២០១០ រហូតមកដល់បច្ចុប្បន្ន។ VOV បាននាំមកនូវទស្សនៈ ជាច្រើន ដែលកំពុងលេចធ្លោនៅវៀតណាម។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រធានបទអំពីសិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ នយោបាយ និងរចនាបទរស់នៅរបស់ប្រជាជនវៀតណាម។ ខ្ញុំក៏ស្តាប់ VOVWorld នៅលើបណ្ដាញអ៊ីនធឺណិតផងដែរ។ គេហទំព័ររបស់ VOV ពិតជាគួរឲ្យទាក់ទាញ ហើយបានផ្សាយព័ត៌មានច្រើនណាស់។ នាបច្ចុប្បន្ននេះ វាបានក្លាយទៅជាផ្នែកមួយនៃជីវភាពរស់នៅរបស់ខ្ញុំហើយ។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ជាច្រើនពីមិត្តអ្នកស្ដាប់ ដែលបានអបអរសាទរជូនចំពោះក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម ដោយបានឈ្នះពានរង្វាន់ជើងឯក អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២។ ក្នុងសំបុត្រដែលផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់នួន ស៊ីណា បានសរសេរថា៖ ជ័យជំនះនេះមានអត្ថន័យពិសេសនៅពេលដែលវៀតណាមបានជំនះលើការលំបាកដោយសារផលប៉ះពាល់នៃជម្ងឺរាតត្បាតកូវីដ-១៩ហើយបង្ហាញពីឆន្ទៈ និង ស្មារតីដ៏អស្ចារ្យរបស់ប្រជាជនវៀតណាម”។

មិត្តអ្នកស្ដាប់នួន ស៊ីណា និងប្រិយមិត្តជាទីមេត្រី។ ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមបាន ឈ្នះពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ នៅពេលដណ្ដើមបានជ័យជម្នះ ១-០ លើក្រុម U23 ថៃក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃទី ២៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ កម្ពុជា។ នេះគឺជាសមិទ្ធិផលគួរឲ្យមានមោទនភាព ព្រោះថាក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមត្រូវប្រឈមនឹងការលំបាកជាច្រើនទាំងអំពីកម្លាំងមនុស្សដោយសារការវិវឌ្ឍដ៏ស្មុគស្មាញនៃជម្ងឺកូវីដ-១៩។ ប៉ុន្តែដោយមានឫទ្ធានុភាព ឆន្ទះមោះមុត ស្មារតីដ៏អង់អាចក្លាហាន ស្មារតីវៀតណាម រួមទាំងការជួយឧបត្ថម្ភរបស់គ្រូពេទ្យ កម្ពុជានោះ គណៈគ្រូបង្វឹក និងកីឡាករគ្រប់រូបបានជំនះលើស្ថានភាពលំបាក ប្ដេជ្ញាចិត្តអស់ពីសមត្ថភាព ដើម្បីមោទនភាពជាតិនិងជំនឿជឿជាក់របស់អ្នកគាំទ្រ ដើម្បីត្រៀមលក្ខណៈចូលប្រកួតដ៏ល្អឥតខ្ចោះ ដែលនាំមកនូវក្ដីសប្បាយរីករាយ មោទនភាពជូនដល់មាតុភូមិ ប្រជាជន និងអ្នកគាំទ្រនៅទូទាំងប្រទេស។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ភូមិ Da Bia ឃុំ Tien Phong ស្រុក Da Bac ខេត្ត Hoa Binh (រូបថត៖ hanoimoi.com)

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ “ភូមិ Da Bia” ។ នេះក៏ជាគោលដៅ ដែលមិត្តអ្នកស្ដាប់ គុង សាវីនមានបំណងចង់ស្វែងយល់ផងដែរ។ មិត្ត គង់ សាវីននិងប្រិយមិត្តជាទីមេត្រី។ ភូមិ Da Bia ឃុំ Tien Phong ស្រុក Da Bac ខេត្ត Hoa Binh នៅតែរក្សាបានទេសភាពរហោស្ថានធម្មជាតិដដែល ហើយជាគោលដៅគួរឲ្យទាក់ទាញពិសេស ចំពោះភ្ញៀវទេសចរ។ មកដល់ទីនេះ ភ្ញៀវទេសចរអាចទទួលបានអារម្មណ៍ស្ងប់ស្ងាត់ សុខសាន្ត ពោលគឺមិនអ៊ូអរ គគ្រីកគគ្រេងដូចជានៅទីក្រុងឡើយ។ លើសពីនេះទៅទៀត ភ្ញៀវទេសចរអាច ក្រេបយកខ្យល់អាកាសស្រស់បរិសុទ្ធ នៅតំបន់ព្រៃភ្នំដ៏រហោស្ថាន គយគន់ពពករសាត់អណ្ដែតលើវេហា។ មកដល់ Da Bia ភ្ញៀវទេសចរក៏បានចូលរួមសកម្មភាពនានា ដូចជា៖ ជិះកង់ឬធ្វើដំណើរថ្មើរជើង ទស្សនា ស្វែងយល់ផ្ទះឈើផុតពីដីបុរមបុរាណ។ ទន្ទឹមនេះ ភ្ញៀវទេសចរក៏បានចូលរួមលេងល្បែងកំសាន្តនៅលើផ្ទៃទឹក ដូចជាចែវទូក kayak ងូតទឹកជ្រោះ លុយទឹកជ្រោះ និងស្វែងយល់ល្អាងភ្នំគួរឲ្យចាប់អារម្មណ៍។ បន្ទាប់ពីចូលរួមសកម្មភាពទាំងនេះ ភ្ញៀវទេសចរបានសម្រាកលំហែកាយ ក្រោមទឹកត្រជាក់ថ្លា ពិសាម្ហូបសាមញ្ញពិសេសប្រចាំតំបន់ទៀតផង។ រាត្រីនៅលើភូមិ Da Bia មិនសូវមានចង្កៀងបំភ្លឺឡើយ ភ្ញៀវទេសចរអាចគយគន់តារារះលើផ្ទៃមេឃ សម្របខ្លួននឹងបទចម្រៀង ទំនុកច្រៀងក្បាច់រាំ ដែលត្រូវបានប្រជាជននៅទីនេះសម្ដែងផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ