ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី!ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន ២៣១ មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៦ នៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ១៣ របស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ញើសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1

មិត្តអ្នកស្ដាប់ជាទីរាប់អាន! ពីរដ្ឋធានីហាណូយ និស្សិតកម្ពុជាឈ្មោះ ហ៊ីមលេង បានផ្ញើសំបុត្រដោយបង្ហាញនូវការចាប់អារម្មណ៍ដ៏ពិសេសចំពោះនាទីតន្ត្រីនៃកម្មវិធីផ្សាយជាភាសាខ្មែរ។ មិត្តអ្នកស្តាប់រូបនេះបានឲ្យដឹងថា « នាបច្ចុប្បន្នខ្ញុំកំពុងជានិស្សិតដែលសិក្សាជំនាញផ្នែកទេសចរណ៍នៅវៀតណាម ហេតុដូច្នេះហើយខ្ញុំមានចំណាប់អារម្មន៍យ៉ាងខ្លាំងក្នុងការស្វែងយល់អំពីវប្បធម៍ សិល្បៈ ម្ហូបអាហារក៏ដូចជាទំនៀបទំលាប់របស់វៀតណាមផងដែរ។ ជាពិសេសគឺតាមយៈនាទីតន្ត្រីរបស់កម្មវិធីនេះ ខ្ញុំបានយល់ច្បាស់ថែមទៀតអំពីឃ្លាំងតន្រ្តីនិងបទចម្រៀងដ៏សម្បូរបែបរបស់ វៀតណាម។ លើសពីនេះទៅទៀតនៅនាទីតន្រី្តនេះ ខាងកម្មវិធីក៏មានពិធីករឧទ្ទេសនាមនិងបកស្រាយគួរឲ្យទាក់ទាញអំពីខ្លឹមសារនិងអត្ថន័យរបស់បទចម្រៀង ក៏ដូចជាអំពីតន្ត្រីករ អ្នកច្រៀង និងស្ថានភាពនិពន្ធបទចម្រៀងនិមួយៗទាំងនោះផងដែរ។ ប្រការនេះបានជួយខ្ញុំអាចក្តាប់ជាប់យ៉ាងច្បាស់អំពីព័ត៌មានក៏ដូជជាទំនុបច្រៀងនិងចង្វាន់ភ្លេងរបស់បទ ចម្រៀងទាំងនោះទៀតផង»។  កម្មវិធីយើងខ្ញុំសូមថ្លែងអំណរគុណចំពោះការចែករំលែករបស់មិត្ត ហើយសង្ឃឹមថានាពេលខាងមុខកម្មវិធីនឹងទទួលបាននូវការគាំទ្រជាច្រើនថែមទៀតពីមិត្តអ្នកស្តាប់ទាំងអស់ដើម្បីលើកកំពស់គុណភាពនៃកម្មវិធីឲ្យកាន់តែល្អប្រសើរផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ភូមិរបរឈើ Dong Ky ទីរួមស្រុក Tu Son ខេត្ត Bac Ninh 

ពីប្រទេសកម្ពុជា មិត្តអ្នកស្តាប់ឈ្មោះ ងែត សុធានី មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីភូមិរបរឈើប្រពៃណីរបស់វៀតណាម។ មិត្តអ្នកស្ដាប់ជាទីមេត្រី!នាពេលបច្ចុប្បន្ននៅវៀតណាមមានភូមិរបរឈើប្រពៃណីជាច្រើនណាស់ ក៏ប៉ុន្តែភូមិ Dong Ky ទីរួមស្រុក Tu Son ខេត្ត Bac Ninh ជាភូមិរបរឈើដ៏ល្បីឈ្មោះបំផុតតាំងយូរណាស់មកហើយនៅទូទាំងប្រទេសវៀតណាម ដោយសារនៅទីនេះនៅតែរក្សាបាននូវវប្បធម៍ជាប្រពៃណី និងរបរផលិតផលិតផលសិប្បកម្មដែលធ្វើពីឈើនោះផងដែរ។ យោងតាមឯកសារមួយចំនួនបានបង្ហាញថារបរចម្លាក់ឈើនិងផលិតឈើសិប្បកម្មរបស់ភូមិ Dong Ky  មានអាយុកាលប្រមាណ ៣០០ឆ្នាំ ហើយត្រូវបានគេទទួលស្គាល់ជាពាណិជ្ជសញ្ញាឈើដ៏ល្បីល្បាញបំផុតនៅទីផ្សារវៀតណាមផងដែរ។ ភូមិរបរឈើនេះមានក្រុមគ្រួសារចំនួន ៣៥០០ គ្រួសារ ក្នុងនោះមានក្រុមគ្រួសារដែលចូលរួមរបរឈើមានចំនួន ៣០០0 គ្រួសាររាប់ទាំងពីការជួញដូរ ដឹកជញ្ជូន ដល់ការកែឆ្នៃនិងផ្គត់ផ្គង់ឈើផងដែរ។ ផលិតផលឈើ  Dong Ky  ភាគច្រើនធ្វើតាមគំរូរបៀបបុរាណដូចជា គ្រែ ទូ តុ និងកៅអីជាដើម ហេតុនេះហើយផលិតផលទាំងនេះមានការទាក់ទាញ់យ៉ាងខ្លាំងក្លាចំពោះអតិថិជនដោយសារមានគុណភាពខ្ពស់ សោភណភាព និងមានតម្លៃខាងវិចិត្រដ៏វិសេសវិសាលទៀតផងដែរ។ នាពេលបច្ចុប្បន្នផលិតផលភូមិរបរឈើនេះមិនត្រឹមតែផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ ថែមទាំងបាននាំចេញទៅកាន់ទីផ្សារបរទេសជាច្រើនទៀត ដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អាមេរិកនិងបណ្តាប្រទេសនៅអឺរ៉ុបខាងកើតជាដើម។ អតិថិជនទាំងមូលបានវាយតម្លៃខ្ពស់ចំពោះគុណភាពនិងគំរូរបស់ផលិតផលឈើ Dong Ky  ហើយចំណុចនេះបានចាត់ទុកជាកម្លាំងចលករដ៏ល្អមួយដើម្បីលើកទឹកចិត្តនិស្មារតីដល់អ្នកជាងឈើនៅ Dong Ky  ផងដែរ។ យើងអាចនិយាយថា ភូមិរបរឈើនៅ Dong Ky  ពិតប្រាកដជាបេតិកភ័ណ្ឌវប្បធម៍ដ៏វិសេសវិសាលមួយដែលគ្មានតំបន់ណាមួយនៅទូទាំងប្រទេសវៀតណាមធ្លាប់មានតាំងពីមុនមកម្ល៉េះផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 3 ទេសភាពដ៏ស្រស់ស្អាតនៅ Mui Ke Ga ភូមិ Thuan Quy ស្រុក Ham Thuan Nam ខេត្ត Binh Thuan

មិត្តអ្នកស្តាប់ឈ្មោះ Thach Sambo បានផ្ញើសំបុត្រដោយបង្ហាញបំណងចង់ឲ្យកម្មវិធីឧទ្ទេសនាមអំពីទេសភាពនៅ Mui Ke Ga (វៀតណាម)។ មិត្តអ្នកស្ដាប់ជាទីរាប់អាន! Mui Ke Ga គឺជាកោះតូចមួយដែលមានចម្ងាយពីដីគោកប្រមាណ ៥០០ ម៉ែត្រ និងស្ថិតនៅភូមិ Thuan Quy ស្រុក Ham Thuan Nam ខេត្ត Binh Thuan ។ Mui Ke Ga ទទួលស្គាល់ជាទីកន្លែងទេសចរណ៍ដ៏ស្អាតមួយដែលមិនអាចរំលោងបានសំរាប់ភ្ញៀវទេសចរនោះទេ ដោយសារនៅទីនេះមិនត្រឹមតែមានឆ្នេរសមុទ្ររហោស្ថានដ៏ស្រស់ស្អាតតែប៉ុណោះទេ ថែមទាំងមានការទាក់ទាញយ៉ាងខ្លាំង   ដោយមានដុំថ្មគ្រប់ទំហំនិងរូបរាងដ៏ចំឡែកៗ ដែលលយចេញផុតពីផ្ទៃសមុទ្រទៀតផង។ នៅពេលដែលទឹកជោរ នោះ Mui Ke Ga ហាក់ដូចជាកោះតូចមួយ រីឯនៅពេលដែលទឹកនាចវិញ នឹងមានឆ្នេរខ្សាច់មួយតភ្ជាប់រវាង Mui Ke Ga និងដីគោកផងដែរ។ លើកពីនេះទៅទៀត ភ្ញៀវទេសចរក៏នឹងទាក់ចិត្តនៅពេលដែលគុយគន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅទីនេះតាមរយៈការធ្វើដំណើរទៅកាន់ Mui Ke Ga។ ទេសភាពបានផ្លាស់ប្តូរដោយឥតឈប់ឈររាប់ទាំងពីដើមឈើដ៏ត្រសុំត្រសាយដល់គុម្ភដើមស្រការនាគដែលដុះតាមលំដាលំដោយ នៅជំវិញចង្កេះភ្នំផងដែរ។ ប្រការពិសេសមួយទៀតនៅទីនេះគឺយើងបានគុយគន់ទេសភាពពីប៉មបំភ្លឺ Mui Ke Ga។ នេះគឺជាប៉មបំភ្លឺខ្ពស់បំផុតដែលបញ្ចាំងភ្លើងឲ្យនាវាអាចធ្វើចរាចរយ៉ាងងាយស្រួលក្នងតំបន់ ហើយប៉មបំភ្លឺនេះត្រូវបានមជ្ឈមណ្ឌលសៀវភៅឯទត្តកម្មវៀតណាមទទួលស្គាល់ជាប៉ុមបំភ្លឺខ្ពស់និងមានលក្ខណៈចាស់បុរាណបំផុតរបស់វៀតណាមក៏ដូចជានៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com ឬ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ