ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៣៩៦ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ប្រជាជនចូលគោរពវិញ្ញានក្ខ័ន្ធលោកអ៊ុំហូជីមិញ នៅវិមានតំកល់សព

មិត្តអ្នកស្ដាប់ជាច្រើននាក់បានផ្ញើសំបុត្រមកកាន់កម្មវិធីផ្សាយសម្លេងជាច្រើន ដែលបានសម្ដែងនូវមនោសញ្ចេតនាអំពីសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបលើកទី ១៣១ ទិវាកំណើតរបស់លោកប្រធានហូជីមិញ(ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០-ថ្ងៃទី ១៩ ឧសភា ឆ្នាំ២០២១) ។ មិត្តអ្នកស្ដាប់ គឹមសំនាង អតីតនិស្សិតកម្ពុជានៅមហាវិទ្យាល័យពហុបច្ចេកទេសហាណូយបានសរសេរថា៖ “នៅពេលដែលបាន សិក្សារៀនសូត្រនៅវៀតណាម ខ្ញុំមានឱកាសចូលគោរពវិញ្ញានក្ខ័ន្ធលោកអ៊ុំហូជីមិញ នៅវិមានតំកល់សព ទស្សនាវិមានប្រធានរដ្ឋ ផ្ទះឈើផុតពីដី និងបន្ទប់ធ្វើការរបស់លោកអ៊ុំ។ នៅពេលទស្សនាទីកន្លែងស្នាក់នៅ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ៊ុំ ទើបខ្ញុំដឹងថា៖ ក្នុងឆាកជីវិតធ្វើសកម្មភាពបដិវត្ត ដើម្បីប្រទេសជាតិ ដើម្បីប្រជាជននោះ លោកអ៊ុំជានិច្ចកាលបានរក្សានូវរបៀបរស់នៅដ៏សាមញ្ញ សន្សំសំចៃ និងឧស្សាហ៍ព្យាយាម។ នេះគឺជាចំណុចលេចធ្លោក្នុងរចនាបទរបស់លោកអ៊ុំ”។ មិតអ្នកស្តាប់ កែវរិទ្ធីបានផ្តល់យោបល់ថា៖ “ប្រអប់សំបុត្រមិត្តអ្នកស្ដាប់ និងបទចម្រៀងវៀតណាម នៅតែជានាទី ដែលខ្ញុំចូលចិត្ត នៅពេលស្ដាប់វិទ្យុសម្លេងវៀតណាម។ ទន្តឹមនឹងនេះ ខ្ញុំក៏ចូលចិត្តស្ដាប់បទចម្រៀង ដែលស្ងើចសរសើលោកប្រធានហូជីមិញផងដែរ”។  មិត្តអ្នកស្ដាប់ជាទីមេត្រី។ ឆាកជីវិតរបស់លោកអ៊ុំហូ គឺជា“ និទាឃរដូវចំនួន ៧៩” ដ៏ស្រស់ស្អាត ដែលបានបូជាសម្រាប់ប្រជាជាតិ និងប្រទេសជាតិ។ អស់រយៈពេលជាងកន្លះសតវត្សរ៍ លោកអ៊ុំបានប្រយុទ្ធ លះបង់ ដើម្បីនាំមកនូវឯករាជ្យ និងសេរីភាពជូនប្រជាជាតិ ហើយនាំមកនូវជីវភាពរស់នៅប្រកបដោយសន្តិភាព សម្បូរធូធារ សុភមង្គលដល់ប្រជាជន។ ក្នុងកម្មវិធីផ្សាយថ្ងៃនេះ ក្រោយពីនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ និងដំបូលអាស៊ាន សូមអញ្ជើញប្រិយមិត្តស្ដាប់កំសាន្តបទចម្រៀងល្បីឈ្មោះមួយចំនួនអំពីអគ្គមគ្គុទេសក៏មហិមារបស់ប្រជាជាតិវៀតណាមក្នុងនាទីតន្ត្រីផងណា។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ជាច្រើនពីប្រិយមិត្ត។ ហើយប្រធានបទ COVID – 19 នៅតែជាប្រធានបទមួយ ដែលទទួលបានចំណាប់អារម្មណ៍ច្រើនបំផុត។ មិត្តអ្នកស្តាប់ គឹមដារ៉េត និស្សិតកម្ពុជានៅមហាវិទ្យាល័យជាតិហាណូយបានអបអរសាទរដល់ប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ។  ក្នុងសំបុទ្រដែលបានផ្ញើមកកាន់កម្មវិធី មិត្តបានសួរថា“ តើទីក្រុងហាណូយមានផែនការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនប្រជាជន នៅ ទីក្រុងដែរឬទេ ហើយប្រជាជនទទួលបានការជួយឧបត្ថម្ភថវិកាចាក់វ៉ាក់សាំង ១០០% ដែរឬទេ?” មិត្ត គឹមដារ៉េត និងប្រិយមិត្តជាទីមេត្រី។ នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំទីក្រុងហាណូយបានចុះហត្ថលេខាលើផែនការស្ដីពីដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជូនប្រជាជន ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៦៥ ឆ្នាំ នៅភូមិសាស្ត្រទីក្រុងសម្រាប់ដំណាក់កាល ២០២១-២០២២ ។ ថវិកាសម្រាប់ការចាក់វ៉ាក់សាំងត្រូវបានយកពីប្រភពថវិកាមជ្ឈឹម ប្រភពថវិកាទីក្រុង និងប្រភពថវិកាស្ម័គ្រចិត្ត និងជំនួយរបស់អង្គការ បុគ្គលទាំងជាតិនិងអន្តរជាតិផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ម្ហូប បាញ់ត្រាងមូរសាច់គោ (រូបថត៖ TTXVN)

តទៅនេះ សូមអញ្ជើញប្រិយមិត្តស្តាប់ការចែករំលែករបស់មិត្តអ្នកស្តាប់ថាច់សំបូរមកពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្នុងសំបុត្រ មិត្តបានសម្តែងបំណងចង់ស្តាប់ការណែនាំអំពីអាហារសម្រន់មួយចំនួនរបស់វៀតណាមដែលមានរូបមន្តសាមញ្ញដើម្បីរៀនធ្វើតាម។ មិត្តអ្នកស្ដាប់ជាទីមេត្រី។ នៅពេលរដូវក្ដៅមកដល់ម្ដងៗនោះ ប្រជាជនវៀតណាមបានជ្រើសរើសអាហារសម្រន់ដ៏ឆ្ងាញ់ពិសារមួយចំនួន ក្នុងនោះមានម្ហូប បាញ់ត្រាងមូរសាច់គោ។ ម្ហូបនេះត្រូវបានកែច្នៃពីការជ្រើសរើសសាច់គោបីជាន់ស្រស់ៗ ហាន់តាមសរសៃ ហើយចងអំបោះ រួចយកទៅស្ងោរប្រហែល ៣០ នាទី ដើម្បីឱ្យសាច់ទន់តែមិនស្វិត។ នៅពេលដែលសាច់គោឆ្អិនហើយ ហាន់ជាចំណិតស្តើងៗ។ យើងយកបាញ់ត្រាងមួយសន្លឹកហើយដាក់ជី ម្នាស់ ការ៉ុត ត្រសក់ និងចំណិតសាច់គោស្តើងៗ ១ឬ២ ចំណិតទៅលើ រួចហើយមូរជាការស្រេច។ អ្នកពិសារជាច្រើននាក់បានសន្និដ្ឋានថា នៅក្នុងពិភពមុខម្ហូបដែលធ្វើពីសាច់គោ មានមុខម្ហូបមួយដែលឆ្ងាញ់បំផុតនោះគឺរបាញ់ត្រាងមូរសាច់គោ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ