ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជា ភាសារបរ ទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ និងអ៊ីម៉ែលមួយចំនួនរបស់មិត្តអ្នកស្ដាប់មកពីប្រទេសកម្ពុជា។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះមិត្តអ្នកស្តាប់ទាំងអស់ដែលបានបង្ហាញយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនដោយមានខ្លឹមសរនិងការយល់ដឹងដ៏សម្បូរបែបអំពីព័ត៌មាន ប្រទេសជាតិនិងប្រជាជនវៀតណាម។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1 អបអរសារទរទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី២ ខែកញ្ញា) របស់វៀតណាម

ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក មិត្តអ្នកស្តាប់ឈ្មោះ Kunthea Lean មកពីប្រទេសកម្ពុជា បានផ្ញើសំបុត្រមកកាន់កម្មវិធី ដោយសំដែងក្តីសប្បាយរីករាយដោយបានដឹងថាវៀតណាមបានបា្ររព្វធ្វើឡើងពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិដ៏ត្រេតអរសប្បាយ ប៉ុន្តែក៏មិនបំភ្លេចការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ បានយ៉ាងហ្មត់ចត់ផងដែរ។ ក្នុងសំបុត្រ មិត្តអ្នកស្តាប់រូបនេះបានសរសេរថា៖ «  ទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី២ ខែកញ្ញា) របស់វៀតណាម តែងតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមានអត្ថន័យដ៏ពិសិដ្ឋ ក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់រូប។ ឧត្តមគតិ និងសេចក្តីប្រាថ្នាអំពីឯករាជ្យភាព សេរីភាព និងសុភមង្គល បានក្លាយទៅជាកម្លាំងដ៏ធំធេងក្នុងការជួយឲ្យប្រទេសវៀតណាម អាចជំនះពុះពារលើរាល់ការលំបាកឧបសគ្គ ដើម្បីយកឈ្នះលើការតស៊ូប្រយុទ្ធនឹងសង្គ្រាមឈ្លានពានរបស់ពួកបរទេសព្រមទាំងជាប្រភពនៃការលើកទឹកចិត្តមិនចេះចប់ សម្រាប់ប្រជាជាតិនានា ដែលកំពុង   តស៊ូប្រយុទ្ធ ដើម្បីដណ្តើមឯករាជ្យភាពនិងសេរីភាព។ ខ្ញុំសូមជូនពរដល់ប្រទេសវៀតណាមនឹងទទួលបានជោគជ័យបន្ថែមទៀតក្នុងបុព្វហេតុអភិវឌ្ឍន៍និងភាពរុងរឿងរបស់ប្រទេសជាតិ»។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអ្នកស្តាប់ដែលបានចែករំលែកអំពីអារម្មណ៍របស់ខ្លួនចំពោះពិធីរំលឹក ខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិ របស់វៀតណាម។ អាចនិយាយបានថា សមិទ្ធិផលគួរឱ្យកោតសរសើរក្នុងរយៈពេលជិត ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី បានធ្វើឲ្យប្រទេសវៀតណាមប្រែក្លាយទៅជាចំណុចភ្លឺស្វាង មួយនៅក្នុងតំបន់ និងជាសក្ខីភាពយ៉ាងច្បាស់លាស់នៃគោលមាគ៌ាអភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់វៀតណាម។ ការធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយ និងភាពម្ចាស់ការបានគូសសញ្ញានូវការខ្នះខ្នែងដ៏គួរឲ្យចាប់អារម្មណ៍របស់វៀតណាមនៅលើ ឆាកអន្តរជាតិដោយមានការរួមចំណែកជាវិជ្ជមានរបស់ខ្លួនចំពោះបុព្វហេតុសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោកផងដែរ។

មិត្តអ្នកស្តាប់ជាទីរាប់អាន! ថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២០ ជាទិវាដែលវិទ្យុសំឡេងវៀតណាម ប្រារព្វឡើងពិធីរំលឹកខួបលើកទី ៧៥ នៃការបង្កើតឡើង (ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩) ក្នុងឱកាសនេះ មិត្តអ្នកស្តាប់ឈ្មោះ Chan Kanha ក៏បានផ្ញើមកកាន់សំបុត្រទៅកាន់កម្មវិធីដោយសំដែងថា នាងខ្ញុំពិតជាសប្បាយរីករាយនិងអបអរសាទរវិទ្យុសំឡេងវៀតណាមដែលត្រូវបានបង្កើតឡើងអស់រយៈពេល ៧៥ ឆ្នាំមកហើយ។ អាចនិយាយបានថាវិទ្យុសម្លេងវៀតណាមជាស្ពានតភ្ជាប់នូវគុណតម្លៃខាងស្មារតីនិងវប្បធម៌របស់ប្រជាជនវៀតណាមទៅកាន់ពិភពលោក ក៏ដូចជាផ្សារភ្ជាប់រវាងមិត្តភក្តិអន្តរជាតិជាមួយវៀតណាមផងដែរ។ ខ្ញុំតែងតែតាមដានព័ត៌មានដែលមានប្រយោជន៍នៅលើវិទ្យុសំឡេងវៀតណាម ពីព្រោះថានេះគឺជាស្ថាប័នផ្សាយព័ត៌មានដែលមានមានព័ត៌មានត្រឹមត្រូវ ទាន់ហេតុការណ៍និងអំពីបញ្ហានយោបាយ សេដ្ឋកិច្ច- សង្គម និងកិច្ចការបរទេស ព្រមទាំងបញ្ជាក់ពីតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានឈានមុខគេរបស់ប្រទេសវៀតណាមផងដែរ។ "

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2  អបអរសារទរខួបលើកទី៧៥នៃទិវាបង្កើតវិទ្យុសម្លេងវៀតណាម (ថ្ងៃទី៧ ខែកញ្ញា)

លោកអ្នកនាងជាទីស្រឡាញ់! ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក វិទ្យុសំឡេងវៀតណាម ជានិច្ចកាលរួមដំណើរជួយប្រទេសជាតិ ដោយផ្សារភ្ជាប់ប្រជាជនវៀតណាមរាប់លាននាក់ក្នុងការតស៊ូប្រយុទ្ធសង្គ្រោះជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ចាប់តាំងពីរយៈពេល ៩០ នាទីនៃការចាក់ផ្សាយនៅថ្ងៃដំបូងរហូតមកទល់ពេលនេះ វិទ្យុសំឡេងវៀតណាម បានក្លាយជាទីភ្នាក់ងារសារព័ត៌មានជាតិដែលមានសារព័ត៌មានទាំងបួនប្រភេទរួមមានការផ្សាយសំឡេង ទូរទស្សន៍ កាសែតអេឡិចត្រូនិក និងកាសែតបោះពុម្ភ ព្រមទាំងបានផ្សាយគ្របដណ្តប់នៅទូទាំងប្រទេសនិងអន្តរជាតិផងដែរ។ នាបច្ចុប្បន្ននេះ វិទ្យុសំឡេងវៀតណាម បន្តដំណើរការទំនើបកម្មពហុមេឌា ដើម្បីបង្កើតកិត្យានុភាពនិងកម្លាំងចលករថ្មីក្នុងការបម្រើប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិក្នុងសម័យការធ្វើសមាហរណកម្មអន្តរជាតិផងដែរ។

ងាកមកប្រធានបទទេសចរណ៍វិញ កម្មវិធីថ្ងៃនេះ យើងខ្ញុំសូមណែនាំដល់មិត្តអ្នកស្តាប់ទាំងអស់គ្នាអំពីគោលដៅទេសចរណ៍មួយដែលទាក់ទាញភ្ញៀវទេសចរគ្រប់ពេលដែលលោកអ្នកធ្វើដំណើរកំសាន្តទៅវៀតណាម។ នេះគឺជារមនីយដ្ឋាននានាដ៏ល្បីល្បាញរបស់ខេត្ត Lam Dong ។ តោះយើង! រួមគ្នាស្វែងរកតំបន់នេះណា៎!

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3 ទិដ្ឋភាពខេត្ត Lam Dong មើលពីអាកស (រូបថត៖ vietnamnet.vn)

ប្រីយមិត្តជាទីគោរព!  ខេត្ត Lam Dong មានទីតាំងស្ថិតនៅខាងត្បូងនៃតំបន់ Tay Nguyen ដែលជាប់នឹងតំបន់សេដ្ឋកិច្ចសំខាន់ខាងត្បូងនៃប្រទេសវៀតណាម។ ខេត្ត Lam Dong គឺជាប្រភពដើមនៃប្រព័ន្ធទន្លេ Dong Nai ដែលជាទន្លេមួយមានប្រវែងវេងបំផុតនៅប្រទេសវៀតណាម។ ទន្ទឹមនឹងនេះលក្ខណៈអំណោយផលពីធម្មជាតិបានធ្វើឱ្យខេត្ត Lam Dong ក្លាយទៅជាតំបន់មានដំណាំចិញ្ចឹមដង្កូវនាងនិងត្បាញសូត្រធំបំផុតនៅទូទាំងប្រទេសផងដែរ។ ផលិតផលតម្បាញសូត្រដែលមានគុណភាពខ្ពស់របស់ក្រុង Bao Loc ខេត្ត Lam Dong ត្រូវបាននាំចេញភាគច្រើនទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបនិងអាមេរិកផងដែរ។ ក្រៅពីនេះ ទីក្រុង Da Lat គឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះ មួយ ដែលមិនគួរឱ្យខកខាននៅពេលដែលលោកអ្នកមកលេងកំសាន្តនៅខេត្ត Lam Dong ពីព្រោះថាអស់រយៈពេលជាយូរមកហើយ ទីនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកលេងកំសាន្តនិងសម្រាកលំហែកាយផងដែរ។ ទីក្រុង Da Lat ត្រូវបានគេស្គាល់ថាជា ទីក្រុងនៃក្តីសុបិន្ត ដោយសារតែមានទេសភាពស្រស់ស្អាតនិងមាន     ភូមិគ្រឹះដែលស្ថាបត្យកម្មបែបបារាំងដ៏គួរចាប់អារម្មណ៍ផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះព័ត៌មាន ខាងលើនេះ រាល់សំនួរនិងយោបល់របស់លោកអ្នកសូមអញ្ជើញផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com។

ប្រតិកម្មទៅវិញ

ផ្សេងៗ