ទេសចរណ៍នៅ​តំបន់ Tay Nguyen - "ដាស់ដំណេក" ជំរុញ​​​​អត្តសញ្ញាណសហគមន៍

(VOVWORLD) - ទេសចរណ៍នៅតំបន់ Tay Nguyen កំពុងមានការរីកចម្រើនជាច្រើន។ ដោយមានសកម្មភាពវប្បធម៌ កីឡានិងទេសចរណ៍ជាច្រើនដែលត្រូវបានរៀបចំឡើងពីថ្នាក់តំបន់រហូតដល់ថ្នាក់មូលដ្ឋាន ទេសចរណ៍មិនត្រឹមតែរួមចំណែកជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កើតសន្ទុះដើម្បី "ដាស់ដំណេក" ជំរុញអត្តសញ្ញាណវប្បធម៌របស់សហគមន៍ជនជាតិភាគតិចនៅទីនេះផងដែរ។

ទទួលបទពិសោធន៍ដោយផ្ទាល់ពីសកម្មភាពធ្វើសិប្បកម្មកុលាលភាជន៍របស់ជនជាតិ Mnong Rlam នៅឃុំ Yang Tao ស្រុក Lak ខេត្ត Dak Lak ក្នុងដំណើរទេសចរណ៍នៅវៀតណាម លោកស្រី Catherine Salois ភ្ញៀវទេសចរមកពីកាណាដា មានចំណាប់អារម្មណ៍ខ្លាំងណាស់។ លោកស្រីបានចែករំលែកថានេះជាលើកដំបូងហើយ ដែលលោកស្រីបានឃើញសិប្បករធ្វើសិប្បកម្មកុលាលភាជន៍ ដោយមានភាពរលូន ល្អិតល្អន់យ៉ាងដូច្នេះ។ មិនត្រឹមតែប៉ុណ្ណោះទេ លោកស្រីក៏បានចូលរួមក្នុងដំណើរការសុក្រិតផលិតផល ហើយបាននាំយកផលិតផលនោះទៅផ្ទះផងដែរ៖ “ខ្ញុំមិនដែលឃើញនោះទេ ខ្ញុំក៏មិនដែលធ្វើនោះដែរ ប៉ុន្តែវាជាបទពិសោធន៍ដ៏សម្បូរបែប ដើម្បីយល់ដឹងពីរបៀបរស់នៅរបស់ជនជាតិភាគតិច នៅពេលបង្កើតផលិតផលកុលាលភាជន៍។ សម្រាប់យើងខ្ញុំ វិធីនេះគឺពិសេស ខុសប្លែក និងថ្មីថ្មោងណាស់ ពួកគេដូចជាកំពុងរាំរបាំមួយនៅពេលដែលពួកគេដើរជុំវិញដើម្បីបង្កើតរូបរាង។ ប្រសិនបើមានតន្ត្រីបន្តិច វានឹងមានលក្ខណៈដូចជារបាំដ៏ពិសេសមួយ”។

ទេសចរណ៍នៅ​តំបន់ Tay Nguyen - ភ្ញៀវទេសចរទទួលបទពិសោធន៍របរធ្វើសិប្បកម្មកុលាលភាជន៍របស់ជនជាតិ Mnong។ រូបថត៖ VOV

ជាមុខរបរសិប្បកម្មប្រពៃណីរបស់បងប្អូនជនជាតិ Mnong និង Ede នៅខេត្ត Dak Lak ប៉ុន្តែបច្ចុប្បន្ននេះ របរសិប្បកម្មកុលាលភាជន៍នៅសល់តែក្នុងភូមិ Dong Bak ឃុំ Yang Tao ស្រុក Lak ប៉ុណ្ណោះ។ ចំនួនសិប្បករមានតែជាង១០នាក់ប៉ុណ្ណោះ ហើយចំនួនអ្នកប្រកបរបរកាន់តែតិចតួចជាង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងការអភិវឌ្ឍនៃសកម្មភាពទេសចរណ៍ឆ្លងកាត់បទពិសោធន៍ សិប្បកម្មកុលាលភាជន៍បានស្តារឡើងវិញជាជំហានៗ។ សិប្បករ H Phiet Uong នៅភូមិ Duong Bak បានឲ្យដឹងថា ដោយសារតែវិស័យទេសចរណ៍មានការរីកចម្រើន មនុស្សកាន់តែច្រើនឡើងបានស្គាល់ដល់មុខរបរធ្វើសិប្បកម្មកុលាលភាជន៍។ តាមនោះ យុវវ័យជាច្រើនបានចាប់ផ្តើមស្វែងយល់ ហើយសិក្សាអាជីព។ សិប្បករ H Phiet Uong  បានឲ្យដឹងថា៖ “ ទាំងនេះគឺជាគុណតម្លៃដែលជីដូនជីតាបានបន្សល់ទុកមក។ ក្នុងអតីតកាល គ្រាន់តែធ្វើចាន ចានចង្កេះ ចង្ក្រាន ឆ្នាំ ឬពាងដាក់អង្ករតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះក៏មានរូបរាងសហសម័យបន្ថែមទៀតដូចជាសត្វដំរី គោ ជ្រូក និងរូបរាងថ្មីៗជាច្រើនដែលខ្ញុំអាចគិតដល់ និងបង្កើតរូបរាងបាន។ អាស្រ័យដោយមានទេសចរណ៍ ភ្ញៀវទេសចរមកទស្សនា ហើយមានតម្រូវការ យើងនឹងបង្កើតផលិតផលដូចដែលពួកគេចង់បាន”។

នៅតំបន់ Tay Nguyen ការអភិវឌ្ឍទេសចរណ៍ផ្សាភ្ជាប់នឹងការអភិរក្សវប្បធម៌ បច្ចុប្បន្នគឺជាទិសដៅត្រូវបានភូមិឃុំជាច្រើនយកចិត្តទុកដាក់។ ដំណោះស្រាយជាច្រើនដើម្បីជួយឧបត្ថម្ភប្រជាជនអភិរក្សគងឃ្មោះ និងបេតិកភណ្ឌវប្បធម៌ត្រូវបានអនុវត្ត។ លោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានឲ្យដឹងថា៖  “ខេត្ត Gia Lai មានយន្តការនិងគោលការណ៍ជាក់លាក់ ដើម្បីគាំទ្រដល់គំរូនេះឱ្យកាន់តែរីកចម្រើន ជាពិសេសការអភិវឌ្ឍយ៉ាងស៊ីជម្រៅដែលផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌។ ក្នុងនោះ សហគមន៍ជនជាតិភាគតិចនៅភូមិទាំងនេះ គឺជាអ្នកដែលរួមចំណែកបង្កើតផលិតផលទេសចរណ៍ល្អបំផុត ផ្សាភ្ជាប់ជាមួយការរក្សាអត្តសញ្ញាណវប្បធម៌របស់សហគមន៍ជនជាតិភាគតិច”។

ទេសចរណ៍នៅ​តំបន់ Tay Nguyen - សិប្បករឆ្នើម A Biu ឧទ្ទេសនាមការសម្តែងឧបករណ៍តន្ត្រីដល់ភ្ញៀវទេសចរណ៍។ រូបថត៖ VOV

ក្រៅពីគំរូឆ្លងកាត់បទពិសោធន៍ សកម្មភាពជាច្រើនដូចជា៖ ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍បណ្ដាជនជាតិនៅតំបន់ Tay Nguyen លើកទី១ នៅខេត្ត Kon Tum; សប្តាហ៍វប្បធម៌ ទេសចរណ៍ខេត្ត Gia Lai; ទិវាបុណ្យវប្បធម៌បណ្ដាជនជាតិភាគតិចខេត្ត Dak Lak; ពិធីបុណ្យកាហ្វេ Buon Ma Thuot ត្រូវបានរៀបចំឡើង ដោយបានទាក់ទាញភ្ញៀវទេសចររាប់សែននាក់មកចូលរួម។ តំបន់ទាំងបីខាងលើក្នុងឆ្នាំ២០២៣ សុទ្ធតែទទួលភ្ញៀវទេសចរជាង ១,២ លាននាក់ កើនឡើងពី ១៦% ដល់ជាង ២២% បើប្រៀបធៀបនឹងឆ្នាំ ២០២២។ រួមជាមួយពិធីបុណ្យវប្បធម៌ ប្រជាជននៅតំបន់នានាបានវិនិយោគយ៉ាងក្លាហានក្នុងការកសាងផលិតផលទេសចរណ៍ថ្មី ពីលក្ខណៈវប្បធម៌សហគមន៍ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង។ សិប្បករឆ្នើម A Biu នៅ ភូមិ Klech ឃុំ Ngoc Bay ទីក្រុង Kon Tum ខេត្ត Kon Tum បាន ចែក រំលែកថា៖ “ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌តំបន់ Tay Nguyen គ្រួសារខ្ញុំបានកសាងទៅជាកន្លែងទេសចរណ៍មួយ។ កម្លាំងចលករសំខាន់គឺដោយមានបងប្អូន ញាតិមិត្ត ជាពិសេសភ្ញៀវទេសចរ។ នៅពេលដែលភ្ញៀវទេសចរមកដល់ ក្រុមគ្រួសារទាំងមូលបានវាយគងឃ្មោះ ច្រៀងនិងរាំ។ ទីពីរគឺស្ដារគងខ្មោះឡើងវិញ។ ការអភិរក្សវប្បធម៌ដែលផ្សាភ្ជាប់ទៅនឹងទេសចរណ៍ គឺមិនត្រឹមតែជាការងាររបស់មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងមានការគាំទ្រពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងស្រុកទៀតផង បរទេសក៏ចូលចិត្តយ៉ាងខ្លាំងផងដែរ”។

"ដាស់ដំណេក" អត្តសញ្ញាណសហគមន៍មិនត្រឹមតែបង្កើតឡើងខ្សែសង្វាក់ផលិតផលវប្បធម៌ពិសេសដែលទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សនិងលើកតម្កើងបេតិកភណ្ឌវប្បធម៌នៅតំបន់ Tay Nguyen ទៀតផង។ តាមនោះ បង្កើតភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍នៅតំបន់ Tay Nguyen កាន់តែអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ