នារីដែលចាប់ផ្តើមអាជីវកម្មដោយផលិតនូវផលិតផលទឹកដមផ្កាដូង

(VOVWORLD) - អ្នកនាង Thach Thi Chal Thi នាយិការក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Tra Vinh FARM (Sokfarm) គឺជាអ្នកដែលផ្តើមអាជីវកម្មដ៏ជោគជ័យមួយតាមរយៈការផលិតនូវផលិតផលពីទឹកដមផ្កាដូង។ មកដល់ពេលនេះ Sokfarm គឺជាសហគ្រាសតែមួយគត់នៅក្នុងប្រទេសវៀតណាម ដែលមានឯកទេសផលិតនូវផលិតផលពីទឹកដមផ្កាដូង ហើយផលិតផលនេះត្រូវបានលក់ចេញនៅតាមបណ្តាខេត្ត-ក្រុងជាច្រើននៅទូទាំងប្រទេស និងនាំចេញទៅកាន់ប្រទេសមួយចំនួនទៀត។

នារីដែលចាប់ផ្តើមអាជីវកម្មដោយផលិតនូវផលិតផលទឹកដមផ្កាដូង - ảnh 1ផលិតផលពីទឹកដមដូង (រូបថត៖ Ngoc Anh)

Thach Thi Chal Thi (ឈ្មោះហៅក្រៅគឺ Cathy ) ជាជនជាតិខ្មែរ កើតនៅឆ្នាំ ១៩៨៩ ក្នុងគ្រួសារកសិកម្មសុទ្ធសាធ នៅស្រុក  Tieu Can ខេត្ត Tra Vinh។ ក្នុងឆ្នាំ ២០១៨បន្ទាប់ពីបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកបច្ចេកវិទ្យាចំណីអាហារពីសាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ នាងបានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចាប់ផ្តើមអាជីវកម្មជាមួយនឹងមុខរបរប្រពៃណីគឺការប្រមូលទឹកដមពីផ្កាដូងរបស់ប្រជាពលរដ្ឋខ្មែរ ដែលស្ទើរតែកំពុងបាត់បង់។

នៅខែមិថុនា ឆ្នាំ ២០១៩ អ្នកស្រីនិងស្វាមីបានបង្កើតក្រុមហ៊ុនចំកាត់ Tra Vinh FARM  (Sokfarm) ដែលគូសសញ្ញាចំណុចចាប់ផ្តើមសម្រាប់ការធ្វើដំណើរនាំយកផលិតផលទឹកដមផ្កាដូងមកកាន់ទីផ្សារ។ Cathy មានសិទ្ធិទទួលបានកម្មវិធីឧបត្ថម្ ភពីគម្រោងអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម (គម្រោង SME របស់ខេត្ត Tra Vinh) ដែលឧបត្ថម្ភដោយរដ្ឋាភិបាលកាណាដា។ ក្នុងរយៈពេលពីរឆ្នាំ ២០១៩ និង ២០២១ Sokfarm ត្រូវបានគម្រោងឧបត្ថម្ភចំនួន ៨០០ លានដុង ដើម្បីទិញគ្រឿងចក្រទំនើបៗ។ ពីទឹកដមផ្កាដូងអាចត្រូវបានកែច្នៃទៅជាផលិតផលជាង ៣០ មុខ។ Sokfarm  បច្ចុប្បន្នមានផលិតផលចំនួន ៦ រួមមានៈ ភេសជ្ជៈទឹកដមផ្កាដូង ទឹកដមផ្កាដូងខាប់ស្ករផ្កាដូង ទឹកដមផ្កាដូង ទឹកខ្មះផ្កាដូង ទឹកស៊ីអ៊ីវផ្កាដូង។ អ្នកនាង Thach Thi Chal Thi បាននិយាយថា៖ “ក្នុងមួយឆ្នាំ  Sokfarm មានគោលបំណងចង់ផលិតបាននូវផលិតផលទឹកដមផ្កាដូង ១ ទៅ ២ មុខទៀត ដើម្បីលក់ទៅកាន់ទីផ្សារ។ Sorfarm ឥឡូវនេះមានកំណើន ២០០% ក្នុងមួយឆ្នាំ។ ក្នុងរយៈពេល ៣ ឆ្នាំដំបូង ផលិតផល ៩០% ត្រូវបានលក់នៅ លើទីផ្សារក្នុងប្រទេស ហើយ ១០% ត្រូវបាននាំចេញ។ បច្ចុប្បន្ននេះ រោងចក្រផលិតទឹកដមផ្កាដូងទទួលបានការបញ្ជាក់សរីរាង្គពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ផលិតផលភាគច្រើនសម្រេចបាន OCOP ផ្កាយ ៤ ជាពិសេសផលិតផលទឹកដមផ្កាដូងខាបកំពុងត្រូវបានវាយតម្លៃសម្រាប់ការរៀបចំណាត់ថ្នាក់គុណភាព OCOP ផ្កាយ ៥។ ផលិតផលដែលលក់ក្នុងប្រទេសតាមខេត្ត-ក្រុង ជាង ៣០ ហើយទីក្រុង ហាណូយ និងទីក្រុងហូជីមិញ គឺជាទីផ្សារដ៏ធំបំផុតពីររបស់ Sokfarm។ ផលិតផលត្រូវបាននាំចេញទៅប្រទេសជប៉ុន ហូឡង់ ហើយកំពុងចរចាកិច្ចសន្យាជាមួយកូរ៉េខាងត្បូង និងស្វែងរកទីផ្សារក្នុងប្រទេសអាល្លឺម៉ង់។ ទឹកដមផ្កាដូងជួយរក្សាលំនឹងសម្ពាធឈាម រក្សាលំនឹងជាតិស្ករក្នុងឈាម និងអាហារបំប៉នបន្ថែម។ ទឹកដមផ្កាដូងត្រូវបានវាយតម្លៃដោយអង្គការស្បៀងអាហារ និងកសិកម្មពិភពលោកថាជាផ្នែគមួយដែលមានសក្ដានុពលសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ នេះគឺជាផ្នែកដែលស័ក្តិសមសម្រាប់ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន ជាពិសេសស្ថានភាពនៃការជ្រៀតចូលទឹកប្រៃនៅក្នុងបណ្តាខេត្តភាគខាងលិចផងដែរ”។

ខេត្ត Tra Vinh ជាកន្លែងដាំដូងធំទីពីរក្នុងប្រទេស បន្ទាប់ពីខេត្ត Ben Tre។ ដោយចង់រួមចំណែកដល់មាតុភូមិរបស់ខ្លួន បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសកលវិទ្យា ល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហូជីមិញ ទោះបីជាកំពុងធ្វើការនៅទីក្រុង ហូជីមិញនៅសហគ្រាសបរទេសដ៏ធំដែលមានប្រាក់ចំណូលខ្ពស់ក៏ដោយ Cathy នៅតែសម្រេចចិត្តវិលត្រឡប់មករស់នៅ និងធ្វើការនៅស្រុកកំណើតវិញ។ ដោយភាពឧស្សាហ៍ព្យាយាម និងការច្នៃប្រឌិតរបស់ខ្លួន Cathy តែងតែទទួលបានការស្រឡាញ់រាប់អាននិងគោរពពីមិត្តភ័ក្តិ និងសហការី។ លោក Kim Hoang Huynh ដែលធ្វើការនៅផ្នែកទីផ្សារនៃក្រុមហ៊ុន Sokfarm បានឲ្យដឹងថា៖ “ខ្ញុំបានលឺរឿងរ៉ាវនៃការចាប់ផ្តើមអាជីវកម្មរបស់អ្នកនាង Cathy ក្នុងឆ្នាំ ២០១៨ដោយសារតែតម្លៃដូងនៅខេត្ត Tra Vinh ធ្លាក់ចុះយ៉ាងខ្លាំង ហើយគ្រួសាររបស់នាងក៏មានដើមដូងចំនួន ២ ហិកតាផងដែរ ដែលមានប្រាក់ចំណូលទាប។ នាងមានបំណងចង់រកការងារធ្វើដើម្បីបង្កើនប្រាក់ចំណូលជួយគ្រួសារ ប៉ុន្តែទន្ទឹមនឹងការសិក្សាអត្ថបទអន្តរជាតិអំពីរៀបធ្វើទឹកដមផ្កាដូង នាងបានតាំងចិត្តប្រកបមុខរបរផលិតទឹកដមផ្កាដូង ដើម្បីឲ្យអ្នកដាំដូងអាចបង្កើនប្រាក់ចំណូល។ នាងបានចំណាយពេលជាច្រើនក្នុងការស្រាវជ្រាវ និងសិក្សា ដោយបានចាកចេញពីការងាររបស់នាងនៅទីក្រុងហូជីមិញ ដើម្បីវិលត្រឡប់មកស្រុកកំណើតរបស់នាងដោយចាប់ផ្តើមអាជីវកម្ម។ នាងតែងតែគិតគូរពីសហគមន៍ និងគិតគូរពីមនុស្សចូលរួមក្នុងសកម្មភាពសប្បុរសធម៌”។

នារីដែលចាប់ផ្តើមអាជីវកម្មដោយផលិតនូវផលិតផលទឹកដមផ្កាដូង - ảnh 2អ្នកនាង Thach Thi Chal Thi នាយិការក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Tra Vinh FARM (Sokfarm)

គម្រោងផលិតនូវផលិតផលពីទឹកដមផ្កាដូង Sokfarm គឺជាចំណង់ចំណូលចិត្តរបស់ Cathy ដែលនាងបានវិលត្រឡប់មកស្រុកកំណើតវិញដើម្បីធ្វើកសិកម្មជាមួយនឹងវិធីធ្វើថ្មី បេសកកម្មថ្មី លើកកំពស់សេដ្ឋកិច្ចដាំដូង។ នៅឆ្នាំ ២០២១ សមាគមសហគ្រាសផលិតផលិតផលវៀតណាមគុណភាពខ្ពស់ បញ្ជាក់ថា ផលិតផលរបស់ Sokfarm ជាផលិតផលម្ហូបអាហារវៀតណាមគុណភាពខ្ពស់ - ស្តង់ដារសមាហរណកម្ម។ ទឹកដមផ្កាដូងក៏ជាផលិតផលឧស្សាហកម្មជនបទឆ្នើមចំនួន ៤ នៅថ្នាក់ជាតិក្នុងឆ្នាំ ២០២១របស់ខេត្ត Tra Vinh ដែលបានក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មទទួលស្គាល់។ Thach Thi Chal Thy កំពុងអនុវត្តន៍គំរូផ្ទេរបច្ចេកវិជ្ជាសម្រាប់កសិករ ដោយប្រើប្រាស់ចំការដូងដែលមានស្រាប់ ផ្ទេរទៅឱ្យប្រជាជនប្រមូលទឹកដម និងលក់នៅរោងចក្រ។ ជាលទ្ធផលកសិករដាំដូងបានបង្កើនប្រាក់ចំណូលយ៉ាងខ្លាំង បង្កើតការងារបន្ថែមដល់ប្រជាជនក្នុងមូលដ្ឋាន។  អ្នកស្រី Thach Thi Chal Thi បាននិយាយថា៖ “Sokfarm កំពុងតភ្ជាប់ទំនាក់ទំនងជាមួយកសិករដាំដូងចំនួន ៣០គ្រួនៅស្រុក Tieu Can។ Sokfarm ណែនាំកសិករពីរបៀបថែរក្សាផ្កាដូង បន្ទាប់មក គ្រួសារកសិករផ្តល់ទឹកដមដូង ហើយ Sokfarm ចុះកិច្ចសន្យាជាមួយគ្រួសារកសិករនីមួយៗ ដើម្បីធានាតម្លៃ និងអត្ថប្រយោជន៍រវាងភាគីទាំងពីរ។ នេះជាផ្នែកដែលជួយកសិករអាច ប្រមូលផលច្រើនជាងការដាំដូងសម្រាប់យកទឹកដមពី ៣ ទៅ ៥ ដង។ ឧទាហរណ៍ គ្រួសារកសិករមានដើមដូងចំនួន ៧ដើម បើដាំដើម្បីប្រមូលទឹកដម ពួកគេអាចរកចំណូលបានពី ២,៧លានដុង ទៅ ៣លានដុងក្នុង១ខែ ហើយប្រសិនបើពួកគេដាំដូងសម្រាប់យកផ្លែ ពួកគេអាចរកចំណូលបានត្រឹមតែ ៥០ម៉ឺនដុង/ខែ ប៉ុណ្ណោះ។ ពិភពលោកកំពុងប្រើប្រាស់ទឹកដមផ្កាដូងកាន់តែច្រើនឡើងៗ។ គម្រោងទឹកដមផ្កាដូងមានផលវិជ្ជមានក្នុងទឹកដីកំណើត ជួយកសិករទាំងធានាដល់ជីវភាពរស់នៅ និងការពារបរិស្ថាន។ នៅឆ្នាំ ២០២២ ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាចឈានដល់ ២៤ ពាន់លានដុង (ច្រើនជាង ១ លានដុល្លារ) ហើយគោលដៅនៅឆ្នាំ ២០២៥ គឺ សម្រេចបានចំណូល ១០០ ពាន់លានដុង (ជាង ៤,៣ លានដុល្លារអាមេរិក)។

គម្រោងទឹកដមផ្កាដូងរបស់ Thach Thi Chal Thi បានឈ្នះពានរង្វាន់ Luong Dinh Cua លើកទី ១៦ ក្នុងឆ្នាំ ២០២១ ដែលជាពានរង្វាន់ដ៏ថ្លៃថ្នូរបស់គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញសម្រាប់កសិករវ័យក្មេងឆ្នើម។ ក្នុងឆ្នាំ ២០២១នេះ អ្នកស្រីមានកិត្តិយសទទួលបានប័ណ្ឌសរសើពីលោកនាយករដ្ឋមន្ត្រីចំពោះស្នាដៃឆ្នើមក្នុងការសិក្សា និងអនុវត្តន៍តាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញក្នុងដំណាក់កាល ២០១៦-២០២១។ ជោគជ័យរបស់ Thach Thi Chal Thi បានបំផុសគំនិតសម្រាប់បងប្អូន ជនជាតិភាគតិចចង់ចាប់ផ្តើមអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ