កម្លាំង​ចលករ​ដើម្បីយុវជន Son La ចាប់ផ្តើមអាជីវកម្ម

(VOVWORLD) - ការចាប់ផ្តើមអាជីវកម្មមិនមែនជារឿងថ្មីក្នុងចំណោមសមាជិកសម្ព័ន្ធយុវជននោះទេ ប៉ុន្តែដើម្បីកសាងគំរូនៃការចាប់ផ្តើមអាជីវកម្មនោះ គឺដើមទុនដើរតួនាទីយ៉ាងសំខាន់។ នៅទីក្រុង Son La ជារៀងរាល់ឆ្នាំ គំរូនិងគំនិតច្នៃប្រឌិតថ្មីរាប់សិបនៃការចាប់ផ្តើមអាជីវកម្មត្រូវបានអនុវត្តន៍ជាក់ស្តែងដោយទទួលបានប្រាក់កម្ចីអនុគ្រោះពីកម្មវិធី “ទិវាបុណ្យសន្សំសំចៃ - ដើម្បីអនាគតបៃតង”។ តាមនោះ ជួយឲ្យយុវជនបង្កើតអាជីវកម្ម ចាប់ផ្តើមអាជីព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ស្ថេរភាពជីវភាពរស់នៅនិងរួមចំណែកអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព សុខុមាលភាពសង្គម និងកសាងជនបទថ្មីក្នុងមូលដ្ឋាន។
ប្រសូត្រចេញពីតំបន់ជនបទ ហើយក៏ជាអ្នករកស៊ីចិញ្ចឹមគ្រួសារ លោក Lo Van Duc អាយុ ៣៧ ឆ្នាំរស់នៅភូមិ Phieng Hua Na ឃុំ Muong Trai ស្រុក Muong La ខេត្ត Son La តែងតែយកចិត្តទុកដាក់ក្នុងការស្វែងរកមធ្យោបាយអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ជាសំណាងល្អដែលទទួលបានកម្ចីអនុគ្រោះចំនួន ១០០លានដុងពីកម្មវិធី “ទិវាបុណ្យសន្សំសំចៃ - ដើម្បីអនាគតបៃតង” របស់ធនាគារគោលនយោបាយសង្គម កាលពីខែសីហា ឆ្នាំ ២០២១ លោក Lo Van Duc បានវិនិយោគលើបែរដែកចិញ្ចឹមត្រី ចំនួន ៦ ជំនួសឲ្យបែឬស្សីវិញ៖ “កាលពីមុន ខ្ញុំធ្វើស្រែចំការតែដំឡូងមីប៉ុណ្ណោះ តែឥឡូវនេះ ដោយមានការគាំទ្រពីធនាគារគោលនយោបាយ ខ្ញុំបានខ្ចីប្រាក់ចំនួន ១០០លានដុង ហើយវិនិយោគលើការចិញ្ចឹមត្រីក្នុងបែរ។ មុននោះ ការចិញ្ចឹមត្រីក្នុងបែរឬស្សីមិនមានប្រសិទ្ធភាពច្រើនទេ ឥឡូវចិញ្ចឹមក្នុងបែរដែកមានប្រសិទ្ធភាពជាង។ សក្ដានុពលនៅទីនេះពិតជាអំណោយសម្រាប់ចិញ្ចឹមត្រី ពិព្រោះមានទឹកថ្លានិងបរិស្ថានស្អាតណាស់”។
កម្លាំង​ចលករ​ដើម្បីយុវជន Son La ចាប់ផ្តើមអាជីវកម្ម - ảnh 1គំរូចិញ្ចឹមត្រីក្នុងបែររបស់លោក Lo Van Duc។ រូបថត៖ VOV

ដើម្បីមានភាពងាយស្រួលក្នុងការថែទាំនិងបង្វិលដើមទុនបានឆាប់រហ័ស លោក Lo Van Duc បានជ្រើសរើសចិញ្ចឹមត្រីសុទ្ធ ដូចជា ត្រីទីឡាព្យា ត្រីឆ្កោក និងត្រីឆ្លាំង។ បើតាមលោក ការចិញ្ចឹមត្រីក្នុងបែរមិនទាមទារការថែទាំច្រើនទេ អាចយកសំណល់កសិកម្មធ្វើជាអាហារសម្រាប់ត្រីទៀតផង ហើយការការពារជំងឺក៏មិនស្មុគស្មាញដែរ ដូច្នេះអ្នកណាក៏អាចធ្វើបានដែរ៖ “យើងអាចឆ្លៀតប្រើដើមពោត ដើមចេក សំណល់កសិកម្ម អោយស៊ីចំនួនពីរដងក្នុងមួយថ្ងៃ ឆ្លៀតពេលទំនេរដើម្បីចិញ្ចឹមត្រី ជាចម្បងគឺនៅពេលព្រឹក និងពេលល្ងាច។ មានវិធីជាច្រើនក្នុងការការពារជំងឺត្រី ដូចជាការប្រោះកំបោរនៅជុំវិញបែរ ឬព្យួរថង់កំបោរនៅកណ្តាលបែរ ដើម្បីការពារជំងឺសម្រាប់ត្រី ឬប្រើថ្នាំអង់ទីប៊ីយោទិចលាយជាមួយកន្ទក់ដើម្បីចិញ្ចឹមត្រី”។

ដោយមានអាជីពចិញ្ចឹមត្រីពីមុនមកហើយ ជាមួយនឹងការឧស្សាហ៍ព្យាយាម លោក Duc បានរៀនពីបទពិសោធន៍នៅពេលធ្វើការ។ ក្នុងរយៈពេល ២០ ខែ ចាប់ពីថ្ងៃដែលលោកបានខ្ចីដើមទុន ដើម្បីចាប់ផ្តើមអាជីវកម្ម លោក Duc បានលក់ត្រីចំនួន ២ លើក ដោយមានទិន្នផលត្រីគ្រប់ប្រភេទជាង ១០ តោន ដែលមានតម្លៃសេដ្ឋកិច្ចជាង ១០០ លានដុង (ជាង ៤.២០០ដុល្លារ) ទទួលបានប្រាក់ចំណេញប្រហែល ៥០ លានដុង ( ២.១០០ ដុល្លារ) ។ បច្ចុប្បន្ន លោកកំពុងចាប់ផ្តើមរដូវនេសាទលើកទី៣ ជាមួយនឹងអនាគតនៃការយកដើមទុនមកវិញនៅមិនឆ្ងាយប៉ុន្មានឡើយ។ ដោយវាយតម្លៃគំរូអាជីវកម្មប្រកបដោយប្រសិទ្ធភាពរបស់លោក Lo Van Duc លោក Leo Van Binh លេខាសម្ព័ន្ធយុវជនឃុំ Muong Trai ស្រុក Muong La ខេត្ត Son La បានឲ្យដឹងថា៖ “លោក Lo Van Duc បានសកម្មនិងម្ចាស់ការវិនិយោគនិងខ្ចីដើមទុនពីកម្មវិធី ទិវាបុណ្យសន្សំសំចៃ - ដើម្បីអនាគតបៃតង ហើយជាជំហានដំបូង លោកបានបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។ គំរូនេះមានសក្ដានុពលខ្លាំង ហើយអាចពង្រីកទៅកាន់ភូមិឃុំនានា សម្រាប់យុវជនដើម្បីសិក្សា និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន”។

ឆ្លៀតយកផ្ទៃទឹកនៅបឹង ប្រជាជនឃុំ Muong Trai បច្ចុប្បន្ន បានជំរុញការចិញ្ចឹមត្រីដោយដាក់បែរ ត្រីគ្រប់ប្រភេទចំនួន ២២០ ក្បាល បើកឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកស្រី Quang Thi Viet នៅ Ban Phieng Hua Na ឃុំ Muong Trai ចែករំលែក៖ “Muong Trai មានសក្ដានុពលខ្លាំងសម្រាប់ការចិញ្ចឹមត្រីក្នុងទ្រុង យើងខ្ញុំបានទស្សនាគំរូរបស់លោក Lo Van Duc ដើម្បីរីកសាយភាយនិងអភិវឌ្ឍគំរូចិញ្ចឹមត្រីក្នុងបែរ សម្រាប់សមាជិកសហជីពយុវជន"។
កម្លាំង​ចលករ​ដើម្បីយុវជន Son La ចាប់ផ្តើមអាជីវកម្ម - ảnh 2ក្រៅពៅការចិញ្ចឹមត្រីក្នុងបែរ គ្រួសាររបស់លោក Lo Van Duc ក៏ចិញ្ចឹមសត្វបសុបក្សីទៀតផង។  រូបថត៖ VOV

ទន្ទឹមនឹងការចិញ្ចឹមត្រីក្នុងបែរ គ្រួសាររបស់លោក Lo Van Duc ក៏ដាំពោត និងដំឡូងមីជិត ២ ហិកតា រួមផ្សំនឹងការចិញ្ចឹមសត្វបសុបក្សី ដែលរកចំណូលបានជាង ១០០ លានដុង (៤ ២០០ ដុល្លារ) ក្នុងមួយឆ្នាំៗ។ សម្រាប់ជំនាន់យុវ័យដូចជា Lo Van Duc ការបង្កើតអាជីវកម្មចាប់ផ្តើមអាជីពនិងគំរូចាប់ផ្តើមអាជីព មានសារៈសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវភាពរស់នៅ។ ដើមទុនកម្ចីអនុគ្រោះគឺជាគន្លឹះ និងជាកម្លាំងចលករដើម្បីលើកកម្ពស់ស្មារតីចាប់ផ្តើមជាជីវកម្មនៅក្នុងចំណោមសមាជិកសម្ព័ន្ធយុវជននីមួយៗ៖ “ដើម្បីមានដើមទុនវិនិយោគ ១០០ លានគឺពិបាកណាស់ សម្រាប់ពួកយើង។ ឥឡូវនេះ យើងបានទទួលប្រាក់កម្ចីពីធនាគារគោលនយោបាយ ពិតជា អរគុណធនាគារខ្លាំងណាស់។ ប្រាក់កម្ចីនេះបានជួយគ្រួសារយើងខ្ញុំមានកម្លាំងចិត្តបន្ថែមទៀតក្នុងការអភិវឌ្ឍ”។

ទោះបីជាគំរូនៃការចាប់ផ្តើមអាជីវកម្មរបស់យុវជន Lo Van Duc នៅតែកំពុងអភិវឌ្ឍក្នុងកម្រិតតូចតាចក៏ដោយ ប៉ុន្តែជាជំហានដំបូងបានបញ្ជាក់ថាគោលនយោបាយឥណទានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងពង្រីកគំរូចាប់ផ្តើមអាជីវកម្មវ័យក្មេង។ គំរូចិញ្ចឹមត្រីក្នុងទ្រុងមិនត្រឹមតែលើកកំពស់សក្តានុពល និងគុណសម្បត្តិរបស់មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបើកទិសដៅសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅលើគ្រែបឹងទន្លេ Daទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ