ចងតុង (Tong) - ទំនៀមទំលាប់ពិសេស និងមនុស្សសាស្ត្ររបស់ជនជាតិ Tay

(VOVWORLD) - ជនរួមជាតិជាជនជាតិ Tay ភាគច្រើនរស់នៅប្រមូលផ្ដុំតាមភូមិតូចៗ នៅតំបន់ឆ្ងាយដាច់ស្រយាល ដូច្នេះហើយ សំណាក់យុវជនជនជាតិ Tay តែងតែចង់ស្វែងរកមិត្តភក្តិ ដើម្បីបង្កើនការជួបប្រាស្រ័យ និងរៀនសូត្រពីគ្នាទៅវិញទៅមក។ នៅពេលជួបគ្នា តាមរយៈការសំណេះសំណាលគ្នាជាច្រើនថ្ងៃ ឬច្រើនខែ ហើយទៅលេងផ្ទះរបស់គ្នាទៅវិញទៅមក ស្គាល់ឪពុកម្តាយ ក្រុមគ្រួសាររបស់គ្នាទៅវិញទៅមក ហើយឃើញថាមនុស្សទាំងពីរមានលក្ខណៈសម្បត្តិសមគ្នា គឺកំលោះ (ឬក្រមុំ) អាចសុំឲ្យចង តុង (Tong) ជាមួយមិត្តម្នាក់នោះ។ នេះជាទំនៀមទម្លាប់ដោយមានលក្ខណៈមនុស្សសាស្ត្រក្នុងជីវភាពរបស់ជនជាតិ Tay។

ចងតុង (Tong) - ទំនៀមទំលាប់ពិសេស និងមនុស្សសាស្ត្ររបស់ជនជាតិ Tay - ảnh 1ការចង Tong អាចប្រព្រឹត្តទៅរវាងបុរសនិងបុរស ស្ត្រីនិងស្ត្រី ចំណែកឯបុរសមិនអាចចង Tong ជាមួយស្ត្រីបានទេ។ (រូបថត៖ VOV)

"តុង" នៅក្នុងភាសា Tay មានន័យថា "សមគ្នា" "ស្រដៀងគ្នា"។ កំលោះនិងក្រមុំជនជាតិ Tay តែងតែចង់ស្វែងរកមនុស្សសមរម្យធ្វើជាមិត្ត “Tong” ដូចជាការចងភាតរភាពរបស់ជនជាតិ Kinh និងជនជាតិដទៃទៀត។ ការចង Tong អាចប្រព្រឹត្តទៅរវាងបុរសនិងបុរស ស្ត្រីនិងស្ត្រី ចំណែកឯបុរសមិនអាចចង Tong ជាមួយស្ត្រីទេ។ ជនជាតិ Tay អាចចង Tong ជាមួយជនជាតិផ្សេងទៀតដែលមានទំនៀមទម្លាប់ចង Tong ដូចគ្នាដូចជាជនជាតិ Nung ជនជាតិ Mong ជាដើម។ ការធ្វើជាមិត្ត Tong គឺអាចធ្វើទៅបានព្រោះមនុស្សពីរនាក់មានហេតុផលស្រដៀងគ្នាជាច្រើន៖ មិត្ត Tong មានឆ្នាំកំណើតដូចគ្នា ឈ្មោះដូចគ្នា គោលបំណងដូចគ្នាស្រុកកំណើតដូចគ្នា ចំណងចំណូលចិត្តដូចគ្នា ឬស្ថានភាពដូចគ្នា...

ក្រោយពីភាគីទាំងពីរបានប្រារព្ធពិធីចង Tong ក្នុងរាល់ថ្ងៃក្រោយមក ការងារទាំងអស់រវាងគ្រួសារទាំងពីរ សុទ្ធតែមានវត្តមានមិត្ត Tong ផងដែរ។ ជាពិសេសពេលមានការងារ និងព្រឹត្តិការណ៍សំខាន់ៗ មិនត្រឹមតែមិត្ត Tong ប៉ុណ្ណោះទេ ថែមទាំងកូនៗ សូម្បីតែញាតិមិត្តជិតស្និតរបស់មិត្ត Tong ក៏មកជួយគាំទ្រគ្នាទៅវិញទៅមក ចែករំលែកទាំងក្ដីសប្បាយរីករាយ និងទុក្ខព្រួយក្នុង
ជីវភាពប្រចាំថ្ងៃ។ លោក Loc Ninh Tan នៅទីរួមស្រុក Na Hang ខេត្ត Tuyen Quang បានឲ្យដឹងថា៖

“ពេលធ្វើពិធីចង Tong គឺសាមញ្ញណាស់។ ប៉ុន្តែក្នុងជីវភាព មិនថាពេលងាយស្រួលឬលំបាកទេ ពួកគេសុទ្ធតែប្រកៀកស្មាគ្នា ចែករំលែកក្ដីសប្បាយរីករាយ និងទុក្ខព្រួយ”។

តាមលោក Hoang Hung Chanh ប្រធានការិយាល័យជនជាតិស្រុក Na Hang បានឲ្យដឹងថា ពេលដែលចង "Tong" រួច មនោសញ្ចេតនា ឋានន្តរ របៀបនិយាយជាមួយឪពុកម្តាយបងប្អូនញាតិមិត្តរបស់មិត្ត ២ នាក់ត្រូវបានអនុវត្តន៍ដូចគ្នា។

“ឪពុកម្តាយ លោកតាលោកយាយ បងប្អូន... របស់ខ្លួននិងមិត្ត ត្រូវតែហៅដូចគ្នាទាំងស្រុង។ គ្រួសារទាំងសងខាងក៏ធ្វើដូចគ្នាដែរ។ យើងត្រូវតែធ្វើតាមទំនៀមទំលាប់របស់ដូនតាយើងពីអតីតកាលបន្សល់ទុកមក ព្រោះនេះជាអត្តសញ្ញាណរបស់ជនជាតិយើង”។

ប្រការដែលគួរឱ្យចាប់អារម្មណ៍បំផុតអំពីទំនាក់ទំនងនេះគឺថា វាមិនមានភាពស្មុគស្មាញ និងមិនកោតញញើតនោះទេ ផ្ទុយទៅវិញគឺសប្បាយ និងស្និទ្ធស្នាលណាស់។ តាមលោក Chau Minh Vi នៅខេត្ត Tuyen Quang ក្រោយពិធីចង Tong ប្រសិនបើទៅលេងផ្ទះគ្នា មិត្ត Tong តែងនាំអំណោយមកជូន។ អំណោយនោះច្រើនតែមានតម្លៃខាងស្មារតីជាជាងខាងសម្ភារៈ ដែលបង្ហាញពីការមនោសញ្ចេតនាដ៏ស្អិតរមួតរវាងមិត្តទាំងពីរ៖

“គេទៅលេងផ្ទះគ្នា តែងតែទិញកញ្ចប់ប៊ីចេង ស្ករស ឬស្ករគ្រាប់... អំណោយនេះបង្ហាញពីបំណងចង់ឲ្យមនោសញ្ចេតនារវាងមនុស្សទាំងពីរមានភាពផ្អែមល្អែមជានិច្ច”។

បើតាមលោក Loc Ninh Tan មិត្ត Tong នឹងជាមនុស្សដែលតែងតែទៅលេង សាកសួរសុខទុក្ខ លើកទឹកចិត្ត និងចែករំលែកជាមួយគ្នា ឬគ្រាន់តែជួបមុខគ្នាសុទ្ធសាធ មិនចាំបាច់មានការទើបជួបគ្នាទេ៖

“ការទៅសួរសុខទុក្ខគ្នាត្រូវបានអនុវត្តន៍យ៉ាងញឹកញាប់ មិនមែនមួយឆ្នាំពីរឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែពេញមួយជីវិត”។

ក្នុងអំឡុងពេលជាមិត្ត Tong របស់គ្នា មនុស្សទាំងពីរបានអប់រំ បង្ហាត់បង្រៀនកូនៗអំពីទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងមិត្តទាំងពីរ។ ពីនោះ កូនចៅនឹងយល់ ហើយមានការប្រព្រឹត្តដ៏ត្រឹមត្រូវជាមួយគ្រួសារមិត្ត Tong របស់ឪពុកខ្លួន។ សកម្មភាពទាំងនេះបង្ហាញយ៉ាងស៊ីជម្រៅនូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Tay មិនថាទៅទីណា ធ្វើអ្វី ឬមានស្ថានភាពយ៉ាងណាទេ ការស្រឡាញ់រាប់អានរបស់មិត្ត Tong គឺជាប្រការដ៏ថ្លៃថ្នូនិងពិសិដ្ឋ។ លោក Loc Ninh Tan បានឲ្យដឹងបន្ថែមទៀតថា៖

“ចាប់តាំងពីពេលក្លាយជាមិត្តភក្តិរបស់គ្នា យើងបានប្រាប់គ្រួសារយើងអំពីមិត្ត Tong រូបនេះ ហើយប្រៀនប្រដៅកូនចៅ អំពីទំនាក់ទំនងនេះ។ រហូតដល់ជំនាន់កូនចៅ ត្រូវដឹងនិងរក្សាទំនាក់ទំនងនេះ”។

ការអប់រំពីឪពុកម្តាយសម្រាប់កូនចៅអំពីទំនាក់ទំនងជាមួយមិត្ត Tong បានបង្កើតឡើងភាពរឹងមាំនៅក្នុងទំនាក់ទំនងរបស់មិត្តទាំងពីរ។ សូម្បីតែ នៅថ្ងៃក្រោយមក ពេលដែលមិត្ត Tong បានលាកចាកលោកទៅហើយក្ដី ប៉ុន្តែកូនចៅរបស់មិត្ត Tong ទាំងពីរ នៅតែទៅសួរសុខទុក្ខគ្នាទៅវិញទៅមក រាប់អានគ្នាដូចបងប្អូនអញ្ចឹង ហើយត្រៀមខ្លួនជាស្រេចជួយគាំទ្រការងារទាំងអស់នៃគ្រួសារទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ