តំបន់ពាយ័ព្យនៅរដូវផ្លែ nuc nac
(VOVWORLD) - នុកណាត (nuc nac) ជាដើមព្រៃព្រៃមួយប្រភេទ ភាគច្រើនដុះនៅតាមខេត្ត ព្រៃភ្នំតំបន់ពាយ័ព្យ ហើយកំពុងឈានចូលរដូវប្រមូលផល។ មិនត្រឹមតែជារុក្ខ ជាតិថ្នាំមួយប្រភេទដែលផ្ដល់នូវប្រយោជន៍ជាច្រើនប៉ុណ្ណោះទេ ផ្លែ nuc nac ថែម ទាំងត្រូវបានមាមីងបងប្អូនជនជាតិ Thai ភាគពាយ័ព្យ កែច្នៃទៅជាម្ហូបអាហារដ៏ ពិសេសដោយឡែកទៀតផង។
ផ្លែ nuc nac។ (រូបថត៖ VOV) |
ផ្លែ nuc nac មានរូបរាងសំប៉ែតនិងកោង ដែលមានប្រវែងចន្លោះពី៤០ដល់៨០ សាំងទីម៉ែត្រ ទទឹង ពី៥ដល់៧សាំងទីម៉ែត្រ ច្រើនតែជាប់ផ្លែនៅរដូវភ្លៀង។ ពីវត្ថុ ធាតុដើមផ្លែ nuc nac ជនរួមជាតិ Thai បានកែច្នៃទៅជាមុខម្ហូបដ៏សាមញ្ញាជា ច្រើន តែមានរសជាតិឈ្ងុយឆ្ងាញ់ និងប្លែកមាត់។
នៅរដូវផ្លែ nuc nac ជាធម្មតាចាប់ពីខែកក្កដាដល់ខែកញ្ញា ពោលគឺរដូវ ភ្លៀងធ្លាក់នៅតំបន់ពាយ័ព្យនោះ អ្នកស្រុកបានចូលទៅក្នុងព្រៃបេះយកផ្លែ nuc nac មកដុតលើធ្យូង អុស បន្ទាប់មកប្រើកាំបិត កោសសំបកដែលឆេះចេញ យកលាងឲ្យស្អាតរួច ហាន់ ជាបន្ទះតូចស្មើនឹងម្រាមដៃ។ ផ្លែ nuc nac អាចធ្វើញាំបន្លែ ស្ងោរញ៉ាំជាមួយ គ្រឿងទេស ឬឆាជាមួយសាច់ក្របី សាច់គោ ក៏សុទ្ធតែមានរសជាតិពិសេស ដោយឡែកដែរ។ លោកស្រី Tong Thi Bien ពលរដ្ឋម្នាក់នៅភូមិ Mong ឃុំ Hua La ទីក្រុង Son La ខេត្ត Son La ឲ្យដឹងថា ពេលវេលាដែលផ្លែ nuc nac ឆ្ងាញ់ បំផុតគឺពេលដែលវាមានប្រវែង ពី៤០ដល់៦០សាំងទីម៉ែត្រ ប្រសិនបើទុកឲ្យចាស់ ពេក ផ្លែនឹងស្វិតមិនឆ្ងាញ់ទេ។ របៀបកែច្នៃនឹងផ្អែកលើចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។
“មានអ្នកខ្លះចូលចិត្តធ្វើញាំ ប៉ុន្តែផ្លែត្រូវយកអាំងជាមុនសិនទើបឈ្ងុយឆ្ងាញ់។ មានអ្នកខ្លះទៀត យកស្ងោរ ហើយហាន់ជាបន្ទះៗ លាយជាមួយគ្រឿងទេស ជី ខ្ញី ស្លឹកគ្រៃ ខ្ទឹមស ម្ទេស រោយជាមួយល្ង សណ្ដែកដីដូចញាំបន្លែអញ្ចឹង។ ផ្លែ nuc nac ក៏អាចស្ងោរញ៉ាំជាមួយគ្រឿងទេស ឬហាន់ស្ដើងៗ យកឆាជាមួយសាច់ក្របី សាច់គោ ក៏មានរសជាតិឆ្ងាញ់ពិសារណាស់។ ជាទូទៅ ផ្លែ nuc nac អាចកែច្នៃបាន មុខម្ហូបជាច្រើន ហើយអ្នកណាក៏ចូលចិត្តពិសារដែរ”។
ម្ហូបមួយមុខកែច្នៃពីផ្លែ nuc nac។ |
តាមតម្រូវការរបស់អ្នកប្រើប្រាស់ នាបច្ចុប្បន្ន មាមីងបងប្អូនជនជាតិ Thai ភាគពាយ័ព្យមិនត្រឹមតែចូលព្រៃបេះផ្លែ nuc nac ប៉ុណ្ណោះទេ ថែមទាំងយកដើម nuc nac មកដាំនៅក្នុងសួនច្បារផ្ទះខ្លួន ដើម្បីមានបន្លែហូប ពីព្រោះប្រភេទដើមឈើនេះ ងាយដាំ ហើយមានភាពធន់ល្អចំពោះគ្រោះរាំងស្ងួតនិងកំដៅខ្ពស់។ ក្រៅពីធ្វើជា មុខម្ហូបសម្រាប់ក្រុមគ្រួសារ ពួកគេនៅដាក់លក់ផ្លែ nuc nac ទៀតផង ដូច្នេះនៅក្នុង រដូវផ្លែ nuc nac គ្រួសារជាច្រើនមានប្រភពចំណូលពីប្រភេទផ្លែនេះ។ លោកស្រី Quang Thi Lien អ្នកលក់ដូរផ្លែ nuc nac នៅទីក្រុង Son La ឲ្យដឹងថា៖
“កាលពីមុននេះ ផ្លែ nuc nac គ្មានអ្នកណាលក់ដូរឡើយ បងប្អូនទុកដើម្បី ពិសារតែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ មនុស្សជាច្រើនចូលចិត្តប្រភេទផ្លែនេះ បានជាបងប្អូននៅតាមភូមិឃុំ បានចេះយកផ្លែ nuc nac លក់ចេញ។ ក្នុងរដូវផ្លែ nuc nac ដូចបច្ចុប្បន្ន ខ្ញុំតែងតែប្រមូលទិញដើម្បីយកទៅលក់ដុំនៅតាមផ្សារ កសិផល ជាមធ្យមជារៀងរាល់ថ្ងៃលក់បានពី២០ដល់៣០គ្រាប់ ថ្ងៃលក់បានច្រើន បំផុត ពី៤០ដល់៥០គ្រាប់”។
ឡើងព្រៃភ្នំភាគពាយ័ព្យនៅរដូវប្រមូលផលផ្លែ nuc nac ភ្ញៀវទេសចរនឹង មើលឃើញប្រភេទផ្លែនេះ ត្រូវបានដាក់លក់នៅតាមផ្សារជាច្រើន។ ជាពិសេស មកដល់ភោជនីយដ្ឋានម្ហូបអាហារជនជាតិ ភ្ញៀវទេសចរនឹងមានឱកាសទទួល ទានម្ហូបអាហារប្រចាំតំបន់ដ៏ពិសេសជាច្រើន ក្នុងនោះមានមុខម្ហូបកែច្នៃពីផ្លែ nuc nac ផងដែរ។ លោក Nguyen Van Luong ជន Ha Tinh ម្នាក់ដែលកំពុងធ្វើការ នៅខេត្ត Son La ឲ្យដឹងថា៖
“មកដល់ Son La ខ្ញុំឃើញម្ហូបអាហារជនជាតិជាច្រើន ហើយបន្លែ ផ្លែឈើ ដ៏សម្បូរបែបត្រូវបានដាក់លក់នៅផ្សារ ក្នុងនោះ មានផ្លែ nuc nac ត្រូវបាន មនុស្សជាច្រើនទិញយកទៅផ្ទះ។ រូបខ្ញុំផ្ទាល់ក៏មានឱកាសទទួលទានផ្លែ nuc nac នេះហើយ វាមានរសជាតិជួរចត់បន្តិច ប៉ុន្តែឆ្ងាញ់ ហើយប្លែកមាត់ណាស់”។
ព្រៃភ្នំពាយ័ព្យកំពុងចូលក្នុងរដូវផ្លែ nuc nac។ នៅលើស្ពកបាយរបស់ គ្រួសារជនជាតិ Thai មុខម្ហូបដ៏សាមញ្ញពីផ្លែ nuc nac ត្រូវបានកែច្នៃពីបាតដៃបិន ប្រសពរបស់ស្ត្រីៗមេផ្ទះ នឹងធ្វើឲ្យពេលបាយគ្រួសារកាន់តែកក់ក្ដៅថែមទៀត៕