ធីធីបុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យតេត) របស់ជនជាតិ Ha Nhi នៅខេត្ត Lai Chau

(VOVWORLD) -  នៅក្នុងផ្ទាំងគំនូរដ៏ចម្រុះពណ៌នៃជនជាតិភាគតិចចំនួន ២០ នៅខេត្ត Lai Chau ជនជាតិ Ha Nhi ជាជនជាតិដែលត្រូវបានគេស្គាល់ដោយសារ មានភាពសម្បូរបែបខាងអត្តសញ្ញាណវប្បធម៌ និងចំណេះដឹងដ៏ទូ លាយអំពីព្រៃឈើ ក៏ដូចជាមានពិធីបុណ្យប្រពៃ ណីជាច្រើន។ ក្នុងចំណោមនោះ មិនអាចមិននិយាយពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីដែលតាមភាសាជនជាតិ Ha Nhi ហៅថា “Có nhè trà” ដែលជាធម្មតា ត្រូវបានប្រារព្ធឡើងនៅចុងខែតុលាឬដើមខែវិច្ឆិកាតាមច័ន្ទគតិ។

ធីធីបុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យតេត) របស់ជនជាតិ Ha Nhi នៅខេត្ត Lai Chau - ảnh 1ជនជាតិ Ha Nhi ក្នុងពិធីបុណ្យតេតប្រពៃណីរបស់ខ្លួន 

ក្នុងសំណេរសម័យបុរាណបានកត់ត្រានូវវត្តមានរបស់ជនជាតិ Ha Nhi នៅភាគពាយ័ព្យប្រទេសវៀតណាម គឺចាប់តាំងពីសតវត្សទី ៨ មកម្លេះ ប៉ុន្តែជនជាតិ Ha Nhi ភាគច្រើនជាជនចំណាកច្រុកមកកាន់ប្រទេស វៀតណាម កាលពី ៣០០ ឆ្នាំមុន ហើយបុណ្យតេត “Có nhè trà”  របស់ជនជាតិនេះ គឺជាអត្តសញ្ញាណវប្បធម៌មួយដែលនៅតែបានជនជាតិនេះរក្សាទុករហូតមកដល់សព្វថ្ងៃ។ បុណ្យតេតប្រពៃណីនេះ ជាឱកាសមួយសម្រាប់ជនជាតិ Ha Nhi សម្រាកលម្ហែកាយ កំសាន្តសប្បាយ រីករាយនិងជួបជុំក្រុមគ្រួសារ ដើម្បីជូនពរចូលឆ្នាំថ្មីជាមួយបងប្អូន សាច់ញាតិនិងអ្នកភូមិគ្រប់រូប បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការធ្វើពលកម្មនិងការប្រមូលផលផងដែរ។ ជាទូទៅ ក្រុមជនជាតិភាគតិច Ha Nhi នៅខេត្ត Lai Chau តែងតែទទួលបុណ្យតេតក្នុងរយៈពេល ៣ ថ្ងៃ ដោយចាប់ផ្តើម នាថ្ងៃនាគ (ដែលអ្នកភូមិកំណត់តាមប្រតិទិនរបស់ខ្លួន) ដោយមិនគិតពីដើមខែឬចុងខែឡើយ គ្រាន់តែអាស្រ័យលើភូមិនិមួយៗ ឬ ឃុំនីមួយៗបានរៀបចំពេលឆាប់ឬយូរតែប៉ុណ្ណោះ។

លោក Chu Xe Lu ជន ជាតិ Ha Nhi នៅស្រុក Muong Te ខេត្ត Lai Chau បានឲ្យដឹងថា៖ “បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ Ha Nhi តែងតែបានរៀបចំឡើងនាចុងខែតុលានិងដើមខែវិច្ឆិកាតាមច័ន្ទគតិ ពោលគឺចំនឹងខែវិច្ឆិកាសកល អ្នកភូមិនឹងជ្រើសរើសថ្ងៃនាគដើម្បីចាប់ផ្តើមប្រារព្ធពិធីបុណ្យតេតរបស់ខ្លួនតែម្តង”។

ធីធីបុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យតេត) របស់ជនជាតិ Ha Nhi នៅខេត្ត Lai Chau - ảnh 2តេតជាឱកាសសម្រាប់ស្ត្រីជនជាតិ Ha Nhi បង្ហាញថ្វីដៃរបស់ខ្លួនតាមរយៈការធ្វើនុំ

នៅប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំថ្មីប្រពៃណី អ្នកភូមិ Ha Nhi តែងតែនាំគ្នា បោកសម្អាតផ្ទះ សម្អាតផ្លូវថ្នល់ក្នុងភូមិ និងទីតាំងលេងកំសាន្ត ដែលជាទីកន្លែងសម្រាប់យុវជន យុវនារីនិងអ្នកភូមិគ្រប់រូបរៀបចំការលេងល្បែងប្រជាប្រិយ  រាំច្រៀងនូវចង្វាក់របាំប្រពៃណីរបស់ជនជាតិខ្លួន។ ហើយបុណ្យតេតនេះត្រូវបានជនជាតិ Ha Nhi រៀបចំយ៉ាងល្អណាស់ ពីសម្លៀកបំពាក់បែបប្រពៃណីទៅជាម្ហូបអាហារ នំ ផ្លែឈើ សុទ្ធតែបានត្រៀមយ៉ាង យកចិត្តទុកដាក់។ ជាពិសេស នំប្រពៃណីដូចជា នំអ៊ី នំ day នំអន្សម គឺតែងតែបានសមាជិកនៃក្រុមគ្រួសារជនជាតិ Ha Nhi ធ្វើច្រើន មិនត្រឹម តែសម្រាប់សែនជីដូនជីតាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ចែកឲ្យកុមារធ្វើជាលាភក្នុងថ្ងៃបុណ្យតេតក៏ដូចជាធ្វើជាអំណោយជូនភ្ញៀវជិតឆ្ងាយផង ដែរ។ ហើយក្នុងបុណ្យតេតរបស់ជនជាតិ Ha Nhi មិនអាចខ្វះបានសាច់ជ្រូកនៅឡើយ។

យោងទៅតាមទស្សនទានបុរាណថា គ្រួសារណាក្នុងភូមិ មានសាច់ជ្រូកជាច្រើនសម្រាប់ចម្អិនម្ហូបសែនជីដូនជីតាក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី គឺបង្ហាញថាក្រុមគ្រួសារនោះ ទទួលបានរដូវអំណោយផល រកស៊ីមានបាន។ គ្រឿងតង្វាយសម្រាប់សែនជីដូនជីតាគឺសុទ្ធតែជាផលិតផលដោយកូន ចៅក្នុងក្រុមគ្រួសារធ្វើដោយខ្លួនឯង។  ជាពិសេស ការគោរពបូជាជីដូនជីតានៅថ្ងៃចូលឆ្នាំថ្មីរបស់ជនជាតិ Ha Nhi គឺដោយស្ត្រីទទួលរាប់រង។ សម្រាប់ជនជាតិ Ha Nhi កន្លែងគោរពបូជាខាងប្តីត្រូវបាន ស្ថិតនៅពីលើគ្រែរបស់ប្តីប្រពន្ធម្ចាស់ផ្ទះ។ ហើយកន្លែងគោរពបូជានៅខាងប្រពន្ធមានទីតាំងស្ថិតនៅជ្រុងមួយនៃផ្ទះបាយ។ លោក Chu Po Chu អ្នកភូមិ Thu Lum ឃុំ Thu Liem ស្រុក Muong Te ខេត្ត Lai Chau បានឱ្យដឹងថា៖ “ការគោរពបូជា សែនជីដូនជីតា របស់ជនជាតិ Ha Nhi ភាគច្រើនដោយស្ត្រីទទួលរាប់រង ព្រោះថា ស្ត្រីតែងតែចាំផ្ទះនិងទទួលរាប់រងការងារផ្ទះ។ គ្រឿងដង្វាយក៏សាមញ្ញដែរ។  ក្រៅពីសាច់ជ្រូកដែលមិនអាចខ្វះបាននោះ គ្រួសារណាមានសាច់មាន់គឺសែនសាច់មាន់ ក្រៅពីនោះ មានបាយតិចៗនិងស្រាតិចៗផងដែរ”។

ធីធីបុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យតេត) របស់ជនជាតិ Ha Nhi នៅខេត្ត Lai Chau - ảnh 3នំអ៊ីជានំប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Lai Chau 

នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ Ha Nhi ពីមនុស្សចាស់ទៅកុមារតូចៗគ្រប់ៗគ្នាសុទ្ធតែស្លៀកពាក់ខោអាវថ្មី ដើម្បីទៅកំសាន្តសប្បាយក្នុងបុណ្យតេត។ ហើយក្នុងរយៈពេល ៥ ថ្ងៃដែលប្រព្រឹត្តទៅនូវពិធីបុណ្យចូលឆ្នាំប្រពៃណីនេះ អ្នកភូមិគ្រប់រូបបានចូលរួមការលេងកំសាន្តសប្បាយរីករាយនិងជូនពរគ្នាទៅវិញទៅមកនូវឆ្នាំថ្មីជួបតែសេចក្តីសុខនិងរដូវអំណោយផល ស្រូវ អង្ករពេញជម្រកហើយចញ្ចឹមសត្តពាហនៈទទួលបានផលល្អ។

នៅក្នុងសហគមន៍បណ្តាជនជាតិភាគតិចនៅវៀតណាម ក្រុមជនជាតិ ភាគតិចនីមួយៗសុទ្ធតែមានទំនៀមទម្លាប់ក្នុងការប្រារព្ធពិធីចូលឆ្នាំថ្មីតាមពេលវេលាខុសៗគ្នា ដែលស្របតាមប្រតិទិនរបស់ជនជាតិខ្លួន។ ថ្វីត្បិតដូច្នេះ ទំនៀមទម្លាប់ទទួលបុណ្យតេតប្រពៃណី  “Có nhè trà” របស់ជនជាតិHa Nhi បានបង្ហាញពីលក្ខណៈវិសេសវិសាលនៃវប្បធម៌ ដែលរួមចំណែកក្នុងផ្ទាំងគំនូរចម្រុះពណ៌ក្នុងអត្តសញ្ញាណវប្បធម៌នៃជនជាតិភាគតិចវៀតណាមចំនួន ៥៤ លើទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ