ប្រសិទ្ធភាពនៃទម្រង់ក្លឹបវប្បធម៌ជនជាតិនៅក្នុងសាលារៀននៃខេត្ត Lang Son

(VOVWORLD) - នៅក្នុងបរិយាកាសអប់រំ ការជួយឲ្យសិស្សានុសិស្សយល់ដឹងអំពីប្រពៃណី អត្តសញ្ញាណវប្បធម៌ជនជាតិ គោរព ថែរក្សានិងពង្រីកវប្បធម៌ប្រពៃណីវប្បធម៌របស់ជនជាតិខ្លួននោះ គឺភារកិច្ចដ៏សែនសំខាន់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សាលារៀនជាច្រើនបានដាក់ឲ្យដំណើរការនូវខ្លឹមសារនេះ ដោយរបៀបធ្វើដ៏ច្នៃប្រឌិត ជាក់ស្ដែង ដែលទាក់ទាញសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។

ប្រសិទ្ធភាពនៃទម្រង់ក្លឹបវប្បធម៌ជនជាតិនៅក្នុងសាលារៀននៃខេត្ត Lang Son - ảnh 1សិស្សានុសិស្សនៃវិទ្យាល័យជនជាតិអន្តេវាសិក Son La សម្ដែងការច្រៀង then ដែលបានអមដោយចាបី tinh នៅពិធីបូកសរុបឆ្នាំសិក្សា២០១៨-២០១៩។ (រូបថត៖ កាសែត Lang Son)

នៅវិទ្យាល័យជនជាតិភាគតិចអន្តេវាសិក Lang Son សូរសម្លេងសំណើចដ៏សប្បាយក្អាកក្អាយ រួមជាមួយសម្លេងចម្រៀង then និងចាបី tinh តែងតែលាន់លឺរំពងក្នុងម៉ោងសកម្មភាព។ នេះជាពេលវេលាដែលសិស្សានុសិស្សក្នុងសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Tay, Nung ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវប្បធម៌សិល្បៈ ដែលបានរៀបចំឡើងដោយក្លឹបវប្បធម៌ជនជាតិរបស់សាលា។ កញ្ញា Dam Thi Hinh សិស្សានុសិស្សថ្នាក់ ១២ នៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត Lang Son បានចែករំលែកថា៖

“ខ្ញុំចូលរួមក្លឹបជនជាតិ Nung របស់សាលា យើងតែងតែធ្វើសកម្មភាជារៀងរាល់ចុងសប្ដាហ៍។ នោះក៏ជាពេលដែលយើងអាចរៀនច្រៀង then ច្រៀង sli សម្ដែងបទចម្រៀងរបស់ជនជាតិខ្លួន រៀនធ្វើម្ហូបអាហារពិសេស ឬក៏ផ្លាស់ប្ដូរបទពិសោធន៍សិក្សារៀនសូត្រក្នុងសប្ដាហ៍កន្លងទៅ។ យើងនៅតែនិយាយគ្នាជាភាសាជនជាតិ ដើម្បីអាចសិក្សា ស្វែងយល់បន្ថែមទៀតអំពីភាសារបស់យើង។ ក្លឹប ជាទីកន្លែងសម្រាប់យើងលុបបំបាត់ភាពតានតឹងបន្ទាប់ពីម៉ោងសិក្សា ព្រមទាំងជាទីកន្លែងសម្រាប់ក្រេបយកចំណេះដឹង បំណិនទន់ជាច្រើនក្នុងជីវភាពផងដែរ”។

ចាប់ផ្ដើមពីសមាជិកចំនួនតែ២០នាក់ ប៉ុន្តែបន្ទាប់ពីតែ១ឆ្នាំប៉ុណ្ណោះ ចំនួនសមាជិកដែលចូលរួមក្លឹបវប្បធម៌បណ្ដាជនជាតិនៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត Lang Son បច្ចុប្បន្ននេះបានឡើងដល់៤០០នាក់។ ជារៀងរាល់សប្ដាហ៍ បណ្ដាក្លឹបនឹងប្រមូលផ្ដុំសមាជិកដើម្បីធ្វើសកម្មភាព។ ខ្លឹមសារនៃសកម្មភាពនៅក្លឹបបានជួយសិស្សានុសិស្សយល់ដឹងកាន់តែជ្រាលជ្រៅអំពីតម្លៃប្រពៃណីរបស់ជនជាតិខ្លួន។

សិស្សានុសិស្សជាច្រើនក៏បានសម្ដែងប្រកបដោយទំនុកចិត្តនូវបទចម្រៀង then sli នៅវិថីដើរថ្មើជើង Ky Lua នៅទីក្រុង Lang Son នៅចំពោះមុខប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករផងដែរ។ អ្នកគ្រូ Duong Thi Nhuyen នៅវិទ្យាល័យអន្តេវាសិករបស់ខេត្ត និងជាប្រធានក្លឹបជនជាតិ Tay បានឲ្យដឹងថា៖

“សិស្សានុសិស្សនៃសាលាអន្តេវាសិកទោះបីជាមានការលំបាកច្រើនជាងមិត្តភក្តិក៏ដោយ ប៉ុន្តែប្អូនៗមិនត្រឹមតែឧស្សាហ៍ព្យាយាម មានវិន័យក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែប្អូនៗថែមទាំងមានវិន័យ មានភាពសកម្ម ច្នៃប្រឌិតនិងគំនិតថ្មីថ្មោងជាច្រើនក្នុងសកម្មភាពវប្បធម៌ អក្សរសិល្ប កីឡាទៀតផង។ លើសពីនេះទៅទៀត ប្អូនៗក៏ឧស្សាហ៍ព្យយាមសិក្សា ស្វែងយល់អំពីបច្ចេកវិទ្យាព័ត៌មានដើម្បីផ្សព្វផ្សាយ ឧទ្ទេសនាមសកម្មភាពដល់មនុស្សគ្រប់គ្នាផងដែរ”។

ទម្រង់ក្លឹបវប្បធម៌បណ្ដាជនជាតិនៅក្នុងសាលារៀន គឺជាទីលានលេងដ៏មានប្រយោជន៍ រួមចំណែកកសាងស្មារតីសាមគ្គីភាព ការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការសិក្សារៀនសូត្រ ឆ្ពោះទៅរកគោលដៅបណ្ដុះបណ្ដាលជំនាន់សិស្សានុសិស្សដែលមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយទាំងខាងបញ្ញា លក្ខណៈសម្បត្តិ ជំនាញ សមត្ថភាពត្រិះរិះនិងច្នៃប្រឌិត។ អ្នកគ្រូ Vuong Xuan Thuan នាយិកានៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត Lang Son បានចែករំលែកថា សិស្សានុសិស្សម្នាក់ៗក្នុងសាលា គឺជាតំណាងវប្បធម៌នៃតំបន់ជនបទមួយ ជនជាតិមួយ ដូច្នេះ សាលាតែងតែបង្កលក្ខណៈងាយស្រួលដើម្បីឲ្យប្អូនៗចូលរួមប្រាស្រ័យ សិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ពីនោះជួយឲ្យលំហូរវប្បធម៌ត្រូវបានចិញ្ចឹមបីបាច់និងរីកធំធាត់ដោយឥតឈប់ឈរ។ អ្នកគ្រូ Thuan បានឲ្យដឹងថែមទៀតថា៖

“សកម្មភាពរបស់បណ្ដាក្លឹបគឺសំដៅថែរក្សា ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ តាមរយៈសកម្មភាពប្រចាំថ្ងៃរបស់សិស្សានុសិស្ស ព្រមទាំងជួយឲ្យប្អូនៗមិនចំណាយពេលវេលាច្រើនលើសលុបលើការលេងវីដេអូហ្គេម ឬលេង facebook zalo ជាដើម។ ប្រតិបត្តិការបានមួយរយៈ សិស្សានុសិស្សសុទ្ធតែមានការច្នៃប្រឌិត ជាមួយនឹងគំនិតថ្មីថ្មោង ហើយកសាងឡើងកម្មវិធីដ៏វិសេសវិសាល។ មិនត្រឹមតែប៉ុណ្ណោះទេ ប្អូនៗថែមទាំងតភ្ជាប់ជាមួយមិត្តភក្តិនៅតាមសាលាផ្សេងៗក្នុងខេត្ត ឬតភ្ជាប់ជាមួយមិត្តភក្តិនៅខេត្តជុំវិញទៀតផង។ តាមរយៈការតភ្ជាប់បែបនេះ ប្អូនៗបានលើកកំពស់ការយល់ដឹងអំពីវប្បធម៌រវាងបណ្ដាជនជាតិក្នុងទូទាំងប្រទេស រួមចំណែកដល់ការការពារ រក្សាវប្បធម៌ជនជាតិ ដើម្បីក្រោយ មក នៅពេលវិលត្រឡប់មកមូលដ្ឋាន និងក្រុមគ្រួសារ ប្អូនៗនឹងជា “គ្រាប់ពូជ” ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយថែមទៀតនូវប្រពៃណីវប្បធម៌របស់ជនជាតិខ្លួន”។

ទម្រង់ក្លឹបវប្បធម៌បណ្ដាជនជាតិនៅក្នុងសាលារៀន គឺជាទីលានលេងដ៏មានប្រយោជន៍ រួមចំណែកកសាងស្មារតីសាមគ្គីភាព ការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការសិក្សារៀនសូត្រ ឆ្ពោះទៅរកគោលដៅបណ្ដុះបណ្ដាលជំនាន់សិស្សានុសិស្សដែលមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយទាំងខាងបញ្ញា លក្ខណៈសម្បត្តិ ជំនាញ សមត្ថភាពត្រិះរិះនិងច្នៃប្រឌិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ