ផ្ទះប្រពៃណីតាមរបបមាតាធិបតេយ្យរបស់ជនជាតិចាម
(VOVWORLD) - ជនជាតិចាមធ្វើតាមរបបមាតាធិបតេយ្យ នៅពេលដែលកូនស្រីរៀបការ នាងនៅតែរស់នៅក្នុងផ្ទះឪពុកម្តាយបង្កើត។ ប្តីតាមប្រពន្ធទៅរស់នៅជាមួយគ្រួសារនាង។ ក្នុងគ្រួសារជនជាតិចាម គូស្វាមីភរិយាមួយគូមានផ្ទះរៀងៗខ្លួន ដូច្នេះតំបន់លំនៅដ្ឋានប្រពៃណីជន ជាតិចាមនីមួយៗ មិនមានផ្ទះតែមួយទេ ប៉ុន្តែចំនួនផ្ទះក្នុងតំបន់អាស្រ័យថា តើមានស្ត្រីរៀបការប៉ុន្មាននាក់ក្នុងគ្រួសារ។
បង្ហាញឡើងវិញផ្ទះជនជាតិចាមនៅសារមន្ទីជាតិវិទ្យា (ហាណូយ) |
ផ្ទះប្រៃពណីរបស់ជនជាតិចាមមានទំហំធំទូលាយ ជាមួយនឹងស្ថាបត្យកម្មពិសេសដែលមានចង្កោមពី ៥ ទៅ ៧ ផ្ទះក្នុងរចនាបទរាងអក្សរ I ដើរតាមអ័ក្សខាងកើត-ខាងលិច ជួយឱ្យផ្ទះទទួលបានខ្យល់និងពន្លឺធម្មជាតិ។ ទីតាំងផ្ទះត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ដើម្បីអំណោយផលតាមហុងស៊ុយ និងស្របតាមជំនឿ។ លោក Dang Chi Quyet លេខាសាខាបក្ស ប្រធានសង្កាត់ Bau Truc ទីរួមស្រុក Phuoc Dan ស្រុក Ninh Phuoc ខេត្ត Ninh Thuan បានឲ្យដឹងថា៖ “ដើមដំបូង ជនជាតិចាមរកប្រភពទឹកមុនពេលសាងសង់ផ្ទះ។ អណ្តូងតែងតែស្ថិតនៅភាគឦសាន។ ផ្ទះបាយបែរមុខទៅទិសពាយព្យ។ រាល់ពេលដែលមនុស្សសង់ផ្ទះ គេដឹកឈើមកសង់ផ្ទះ។ ជញ្ជាំងផ្ទះប្រជាជនធ្វើពីភក់ និងចំបើងលាយនឹងទឹក រួចលាបលើជញ្ជាំងផ្ទះ”។
តាមទំនៀមទម្លាប់ជនជាតិចាម មុននឹងចាប់ផ្តើមសាងសង់ផ្ទះថ្មី ម្ចាស់ផ្ទះត្រូវជ្រើសរើសថ្ងៃល្អ ខែល្អ និងម៉ោងល្អ។ ចំនួនផ្ទះនៅក្នុងបរិវេណក៏អាស្រ័យលើស្រទាប់សង្គមនៃគ្រួសារនោះផងដែរ។ ក្នុងគ្រួសារវណ្ណៈអភិជន បរិវេណទីធ្លានឹងមាន ៧ ផ្ទះ ចំណែកវណ្ណៈធម្មតាមានតែ ៥ ផ្ទះប៉ុណ្ណោះ។ ផ្ទះទាំង ៥ របស់ជនជាតិចាមត្រូវបានគេប្រដូចទៅនឹងម្រាមដៃ ៥ នៅលើដៃមួយ ឬតំណាងឱ្យទ្រឹស្តីនៃធាតុទាំងប្រាំ។ ប្រសិនបើបាត់មួយក្នុងចំណោមប្រាំនោះ គឺវត្ថុធាតុក្នុងលោកមិនអាចគងវង្សបានឡើយ។
ទីមួយគឺផ្ទះបាយ, ផ្ទះរួម ជាកន្លែងសម្រាប់គូស្វាមីភរិយាថ្មីថ្មោងរស់នៅ។ នេះជាផ្ទះដ៏សំខាន់បំផុតរបស់ជនជាតិចាម ពីព្រោះរាល់ពិធីបុណ្យគ្រួសារ (ពិធីបុណ្យសព ពិធីមង្គលការ។ល។) ធ្វើឡើងនៅទីនេះ។ បន្ទាប់មកគឺផ្ទះកណ្តាល ដែលឪពុកម្ដាយ និងបងប្អូនមិនទាន់រៀបការរស់នៅ។ ផ្ទះនេះធំទូលាយជាងផ្ទះដទៃ។ នៅពីក្រោយផ្ទះកណ្តាលគឺជាផ្ទះដែលបងស្រីច្បង និងប្តីនឹងរស់នៅ ពេលបងស្រីទីពីររៀបការ ដោយទុកផ្ទះតាមប្រពៃណីទៅប្អូនស្រី និងប្តី។ ទីបំផុតយើងមកដល់ផ្ទះខ្ពស់ ជាផ្ទះសម្រាប់មនុស្សចាស់ និងឥស្សរជន។ សម្រាប់វណ្ណៈអភិជន មានផ្ទះពីរខ្នងទៀត គឺផ្ទះសម្រាប់ទុកឧបករណ៍ភ្ជួររាស់ ចបកាប់ និងប៉ែល និងផ្ទះសម្រាប់ទុកម៉ាស៊ីនកិន និងបាយអ។ លោក Ka Phiu ជាជនជាតិចាមនៅខេត្ត Ninh Thuan បានឲ្យដឹងថា៖ “នៅពេលដែលជនជាតិចាមសង់ផ្ទះដំបូងគេនឹងធ្វើផ្ទះបាយ។ បន្ទាប់មក គេនឹងសង់ផ្ទះបែបប្រពៃណីមួយ ដែលជាកន្លែងប្រើសម្រាប់ដាក់ដង្វាយ និងពិធីមង្គលការ។ ផ្ទះមួយទៀត គឺសម្រាប់តែអភិជននិងអ្នកមានមុខមានមាត់ ដែលមានលុយសង់ផ្ទះនេះប៉ុណ្ណោះ។ ផ្ទះនេះមានទ្រព្យសម្បត្តិ គ្រឿងអលង្ការ លុយកាក់។ ខាងវិញ្ញាណ ផ្ទះចាមតំណាងឱ្យមនុស្ស។ មើលពីលើផ្ទះជនជាតិចាម ហាក់ដូចជាមនុស្សដេកផ្កាប់មុខអញ្ជឹង”។
ការសម្តែងតន្ត្រី និងរបាំជនជាតិចាម |
ជនជាតិចាមជឿថា ការសាងសង់សសរផ្ទះ គឺជាជំហានដ៏សំខាន់បំផុត ដែលជានិមិត្តរូបនៃទំនាក់ទំនងរវាងមេឃ ផែនដី និងមនុស្ស។ ពិធីតម្លើងសសរផ្ទះធ្វើឡើងនៅព្រឹកព្រលឹមប្រហែលម៉ោង៦។ សម្ភារៈសម្រាប់សាងសង់ផ្ទះជនជាតិចាម ភាគច្រើនធ្វើពីឈើ ដំបូលប្រក់គ្បឿងស្លឹក។ លោក Camry ជាជនជាតិចាមនៅខេត្ត Ninh Thuan បានឲ្យដឹងថា៖ “ត្រូវតែជាអ្នកសម្បូរធូធារ មានប្រាក់ច្រើន ដូច្នេះស្ថាបត្យកម្មផ្ទះថ្មីធ្វើពីឈើ។ ផ្ទះរបស់ជនជាតិចាមគឺធ្វើពីដី ឫស្សី និងឈើ។ ផ្ទះរបស់ជនជាតិចាមមានភាពកក់ក្តៅក្នុងរដូវរងា និងត្រជាក់នៅរដូវក្តៅ”។
ការងារសាងសង់ផ្ទះរបស់ជនជាតិចាម ត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ និងល្អិតល្អន់ តាំងពីការបោះបង្គោល ការជ្រើសរើសរបង រហូតដល់ការជ្រើសរើសឈើ។ បច្ចេកទេសសាងសង់ផ្ទះពិតជាប្លែកពីមួយជំនាន់ទៅមួយជំនាន់។
ផ្ទះជនជាតិចាមតែងតែមានរបងព័ទ្ធជុំវិញ។ អ្វីដែលពិសេសនោះគឺរបងរវាងផ្ទះមួយទៅផ្ទះមួយមិនឲ្យជាប់គ្នាទេ តែត្រូវនៅឆ្ងាយប្រហែលមួយជំហាន។ នៅតាមផ្ទះនីមួយៗតែងតែដាំដើមអម្ពិល។ លោក Ka Phiu ជាជនជាតិចាមនៅខេត្ត Ninh Thuan បានឲ្យដឹងថា៖ “ជនជាតិចាមចូលចិត្តដាំដើមអម្ពិលនៅក្នុងទីធ្លារបស់ខ្លួន ព្រោះដើមអម្ពិលមានភាពធន់នឹងគ្រោះរាំងស្ងួត និងអាចទប់ទល់នឹងអាកាសធាតុដ៏អាក្រក់។ ដើមអម្ពិលក៏ជារុក្ខជាតិដែលអាចបរិភោគបានដែរ ឧទាហរណ៍ ស្លឹកអម្ពិលអាចយកទៅធ្វើសម្លម្ជូរ ដែលមានប្រសិទ្ធិភាពត្រជាក់។ ដើមអម្ពិលជាដើមឈើខាងវិញ្ញាណ បើជនជាតិចាមពិបាកក្នុងការមានគភ៌ គេធ្វើពិធីមួយឈ្មោះថា សែនដើមអម្ពិល ដើម្បីបួងសួងសូមឲ្យមានកូន។ ក្នុងពិធីបូជាសពជនជាតិចាម ក៏ត្រូវមានមែកដើមអម្ពិល ដែលមានអត្ថន័យខាងវិញ្ញាណថា ជនជាតិចាមរស់នៅជាមួយដើមអម្ពិល ហើយនៅពេលដែលពួកគេស្លាប់ ដើមអម្ពិលនឹងទៅតាមព្រលឹងរបស់ពួកគេ”។
ក្រោយពីសង់ផ្ទះរួច ជនជាតិចាមធ្វើពិធីឡើងផ្ទះ។ ក្នុងឱកាសនេះ ក្មេងប្រុសស្រីជនជាតិចាមស្លៀកសំលៀកបំពាក់ប្រពៃណីសម្តែងបទចម្រៀងនិងរបាំប្រជាប្រិយប្លែកពីគេបង្កើតបរិយាកាសសប្បាយរីករាយ។ ជនជាតិចាមគោរពផ្ទះសម្បែង ព្រោះនេះជាកន្លែងរក្សា និងបន្តប្រពៃណីវប្បធម៌របស់គ្រួសារ និងវង្សត្រកូល៕