ពិធីចម្រើនអាយុ - ទំនៀមទម្លាប់ដ៏មានអត្ថន័យរបស់ជនជាតិ M'Nong Rlam

(VOVWORLD) - ជនជាតិ Mnong Rlam នៅស្រុក Lak ខេត្ត Dak Lak ផ្សាភ្ជាប់នឹងធម្មជាតិ ដូច្នេះក្នុងជំនឿខាងវិញ្ញាណ ពួកគេតែងតែគោរពបូជាព្រះគីរី ព្រះគង្គារ ហើយត្រូវបានព្រះអាទិទេពជួយការពារនិងប្រទានពរ។ ក្នុងជីវភាពរបស់ពួកគេ ជានិច្ចកាលមានការផ្សាភ្ជាប់រវាងសមាជិកគ្រួសារ; រវាងគ្រួសារ និងវង្សត្រកូល ហើយរវាងត្រកូលនិងភូមិផងដែរ។ ជាពិសេសក្នុងពិធីវប្បធម៌និងជំនឿជាច្រើនក្នុងឆាកជីវិតរបស់ជនជាតិ Mnong នៅតែត្រូវបានរៀបចំឡើងជាប្រចាំ ក្នុងនោះមានពិធីចម្រើនអាយុប្រកបដោយអត្ថន័យមនុស្សសាស្ត្រ ដែលពង្រឹងចំណងសាមគ្គីភាពរវាងក្រុមគ្រួសារជាមួយភូមិឃុំ។

ពិធីចម្រើនអាយុ - ទំនៀមទម្លាប់ដ៏មានអត្ថន័យរបស់ជនជាតិ M'Nong Rlam - ảnh 1លោកគ្រូសែន Y-Krai Čil ធ្វើពិធីសែនចម្រើនអាយុ។ (រូបថត៖ VOV)

ជនជាតិ Mnong Rlam តែងតែប្រារព្ធពិធីចម្រើនអាយុនៅពេលដែលឪពុកម្តាយ មានអាយុ លើសពី ៦០ ឆ្នាំដើម្បីបង្ហាញពីទឹកចិត្តកត្តាញ្ញូ។ ពិធីចម្រើនអាយុត្រូវបានប្រារព្ធធ្វើឡើង ក្នុងចន្លោះពីខែមករាដល់ខែកុម្ភៈជារៀងរាល់ឆ្នាំបន្ទាប់ពីរដូវធ្វើស្រែចម្ការចប់។ យោងតាមលោកគ្រូសែន Y-Krai Cil នៅភូមិ Jie Yuk ឃុំ Dak Phoi ស្រុក Lak កាលពីអតីតកាល មានតែកូនស្រីច្បងក្នុងគ្រួសារប៉ុណ្ណោះដែលអាចរៀបចំពិធីចម្រើនអាយុឪពុកម្តាយបាន ប៉ុន្តែសព្វថ្ងៃនេះ កូនៗទាំងអស់សុទ្ធតែអាចធ្វើបាន។ ជាធម្មតា ពិធីចម្រើនអាយុរបស់ជនជាតិ Mnong Rlam ផ្សាភ្ជាប់នឹងពិធីសែន Yang (ពពួកទេវតា)។ លោកគ្រូសែន Y-Krai Čil បានឲ្យដឹងថា៖

“ជាធម្មតា មនុស្សដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ត្រូវបានរៀបចំពិធីចម្រើនអាយុ។ នៅពេលដែលគ្រឿងសំណែនទាំងអស់ត្រូវបានរៀបចំយ៉ាងពេញលេញ គ្រូសែនចាប់ផ្ដើមធ្វើពិធី។ គ្រូសែននឹងសូមគោរពអញ្ជើញពពួកទេវតា រួមទាំងព្រះគីរី ព្រះព្រៃ និងព្រះគង្គារ ដើម្បីសុំការអនុញ្ញាតឲ្យធ្វើពិធីចម្រើនអាយុ”។

គ្រឿសំណែនសម្រាប់ធ្វើពិធីចម្រើនអាយុ រួមមានជ្រូកមួយក្បាល បាយ ៣ ចាន ផ្លែឃ្លោកស្ងួតផ្ទុកទឹកមួយ ជាពិសេសស្រា ៣ ពាងតូច។ តាមទស្សនៈទានរបស់ជនជាតិ M'nong ស្រាពាងគឺជាទឹកផឹករបស់ព្រះ។ ព្រះបានបញ្ជូនអ្នកនាំសារមកណែនាំប្រជាជនឲ្យចេះរបៀបបិតស្រា ដូច្នេះ ក្រៅពីតម្លៃខាងសម្ភារៈ ស្រាពាងក៏បង្កប់នូវតម្លៃខាងវប្បធម៌និងស្មារតីដ៏ជ្រាលជ្រៅទៀតផង។ អ្នកធ្វើស្រាពាងខ្លួនឯងក៏ត្រូវ “បរិសុទ្ធ” ទើបស្រាមានរសជាតិឆ្ងាញ់ ហើយមិនមានកំហុសនឹងព្រះ។

នៅពេលដែលគ្រឿងសំណែនទាំងអស់ត្រូវបានរៀបចំយ៉ាងពេញលេញ ពិធីសែនចម្រើនអាយុនឹងចាប់ផ្ដើម។ គ្រូសែននឹងគោរពអញ្ជើញ Yang ដែលរួមមានព្រះគីរី ព្រះព្រៃ និងព្រះគង្គារ ដោយបួងសួងសុំទេវតាប្រទានពរឲ្យអ្នកដែលត្រូវបានចម្រើនអាយុ មានសុខភាពមាំមួន អាយុយឺនយូររស់នៅជាមួយនឹងកូនចៅ។ បន្ទាប់មក គ្រូសែននឹងអញ្ជើញឪពុកម្ដាយផឹកស្រាពាង ហើយបន្តបួងសួង ដោយប្រគល់កងដៃមួយដូចជាសញ្ញាសម្គាល់របស់ទេវតា ដើម្បីបង្ហាញពីការផ្សាភ្ជាប់រវាងមនុស្សនិងទេវតា សង្ឃឹមថា ទេវតានឹងនៅក្បែរខ្លួនជានិច្ចដើម្បីការពារនិងប្រទានពរ។ បន្ទាប់នោះ សមាជិកក្រុមគ្រួសារក៏ឆ្លាស់គ្នាអញ្ជើញឪពុកម្តាយផឹកស្រាពាង រើសអាហារ និងជូនពរឪពុកម្តាយ។ កំលោះក្រមុំក្នុងភូមិក៏នឹងមកចម្រើនអាយុជនចាស់ជរា នាំគ្នាច្រៀងរាំ ហើយផឹកស្រា។ លោកគ្រូសែន Y-Krai Čil បានឲ្យដឹងបន្ថែមទៀតថា៖

“ពេលប្រារព្ធធ្វើពិធីចម្រើនអាយុ បងប្អូនជនរួមជាតិបួងសួងឲ្យអ្នកដែលត្រូវបានចម្រើនអាយុនោះ មានសុខភាពល្អបរិបូរណ៍ រស់នៅប្រកបដោយសុភមង្គលជាមួយកូនចៅ ព្រមទាំងធ្វើជាគំរូដើម្បីណែនាំកូនចៅក្នុងការប្រកបការងាររកស៊ីផងដែរ។ អ្នកដែលត្រូវបានចម្រើនអាយុ ក៏ប្រៀនប្រដៅកូនចៅឲ្យឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ ដើម្បីជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួមគ្នាកសាងភូមិឱ្យកាន់តែសម្បូរធូធារផងដែរ”។

ពិធីចម្រើនអាយុ - ទំនៀមទម្លាប់ដ៏មានអត្ថន័យរបស់ជនជាតិ M'Nong Rlam - ảnh 2ការសម្ដែងពិធីចម្រើនអាយុនៅមហោស្រពវប្បធម៌គងឃ្មោះ Dak Lak ឆ្នាំ២០២២។

ពិធីចម្រើនអាយុរបស់ជនជាតិ M'Nong Rlam នៅស្រុក Lak ត្រូវបានរៀបចំយ៉ាងសាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅជាច្រើន។ នេះជាឱកាសសម្រាប់កូនចៅ ដើម្បីបង្ហាញពីទឹកចិត្តកតញ្ញូចំពោះលោកតាលោកយាយនិងឪពុកម្តាយ។ ពិធីនេះក៏ជាឱកាសសម្រាប់អ្នកទាំងអស់គ្នាបានជួបជុំគ្នា ផ្លាស់ប្ដូរបទពិសោធន៍ក្នុងការធ្វើផលិតកម្ម លើកទឹកចិត្តគ្នាឲ្យរួបរួមគ្នា ថែរក្សាលក្ខណៈស្រស់ស្អាតរបស់ជនជាតិខ្លួន ណែនាំគ្នាឲ្យរស់នៅតាមច្បាប់របស់រដ្ឋ ហើយជូនពរគ្រួសារដែលប្រារព្ធពិធីឲ្យជួបតែសំណាងល្អ។ នេះជាពិធីដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ជនជាតិ Mnong ដែលជាប្រពៃណីដ៏ល្អប្រសើររបស់សហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ