ពិធីសងគុណឪពុកម្តាយក្មេកខាងប្រពន្ធរបស់ជនជាតិ Co Tu

(VOVWORLD) - ជាជនជាតិមួយក្នុងចំណោមជនជាតិទាំង ៥៤ នៅវៀតណាម ជនជាតិ Co Tu មានពិធីការនិងទំនៀមទំលាប់ពិសេសៗជាច្រើន ក្នុងនោះមានពិធី “សងគុណឪពុកម្តាយក្មេកខាងប្រពន្ធ”។ ពិធី “សងគុណឪពុកម្ដាយក្មេកខាងប្រពន្ធ” មានអត្ថន័យដ៏ធំធេងក្នុងការអប់រំពីរបៀបប្រព្រឹត្ត កសាងបទដ្ឋានសីលធម៌ក្នុងក្រុមគ្រួសារ ភូមិ និងសហគមន៍នីមួយៗ បង្ហាញពីកតញ្ញូតាធម៌របស់កូនកំលោះចំពោះគ្រួសារខាងប្រពន្ធ។

ពិធីសងគុណឪពុកម្តាយក្មេកខាងប្រពន្ធរបស់ជនជាតិ Co Tu - ảnh 1គ្រួសារកូនក្រមុំចូលរួមពិធីសងគុណឪពុកម្ដាយក្មេកខាងប្រពន្ធរបស់កូនកំលោះជនជាតិ
Co Tu។ (រូបថត៖ Dang Nguyen)

ជនជាតិ Co Tu ហៅពិធីសងគុណឪពុកម្ដាយក្មេកខាងប្រពន្ធថា pa’đăh។ Pa’đăh មានន័យថា ពិធីសងគុណរបស់កូនកំលោះចំពោះឪពុកម្តាយ និងញាតិសន្ដានរបស់ប្រពន្ធ។ នេះត្រូវបានគេចាត់ទុកថាជា "ពិធីអាពាហ៍ពិពាហ៍លើកទីពីរ" ដែលច្រើនតែធ្វើឡើងបន្ទាប់ពីគូស្វាមីភរិយារស់នៅដោយឡែកពីគ្នាបានប៉ុន្មានឆ្នាំ ហើយគ្មាននរណាបង្ខំពួកគេឡើយ។ នៅពេលដែលជីវភាពរបស់គូស្វាមីភរិយាវ័យក្មេងមានស្ថេរភាពហើយ កូនកំលោះជនជាតិ Co Tu ចាប់ផ្តើមរៀបចំផែនការសម្ដែងកតញូតាធម៌ចំពោះឪពុកម្តាយក្មេកខាងប្រពន្ធ ដោយសងគុណផ្តល់កំណើត និងចិញ្ចឹមបីបាច់របស់ឪពុកម្ដាយសម្រាប់អ្នកដែលខ្លួនបានរៀបការ។ ដោយសារតែពេលមកផ្ទះកូនកំលោះ កូនក្រមុំមិនសូវមានពេលបង្ហាញកតញ្ញូតាធម៌ចំពោះឪពុកម្តាយបង្កើតរបស់នាងទេ ជំនួសមកវិញ នាងចំណាយពេលវេលានិងយកចិត្តទុកដាក់បន្ថែមទៀតដល់គ្រួសាររបស់ប្តី។ ព្រឹទ្ធាចារ្យភូមិ Briu Po ជាជនជាតិ Co Tu រស់នៅឃុំ Lang ស្រុក Tay Giang ខេត្ត Quang Nam បានឲ្យដឹងថា៖

“នៅពេលដែលបុរសរៀបការហើយមានកូនរួចហើយ គាត់នឹងធ្វើពិធីសងគុណដល់ឪពុកម្តាយក្មេកខាងប្រពន្ធដែលបានផ្តល់កំណើតដល់ភរិយាដ៏ឆ្នើមនិងស្លូតបូតម្នាក់ដែលគាត់បានរៀបការ។ សងគុណដោយជូនក្របីដល់គ្រួសារកូនក្រមុំ ហើយរៀបចំវាយស្គរ និងឃ្មោះពេញមួយយប់។ គ្រួសារកូនក្រមុំក៏រៀបចំអាហារអញ្ជើញគ្រួសារកូនកំលោះទទួលទាន ហើយវាយគងឃ្មោះនិងស្គររយៈពេល៣ថ្ងៃជាប់ៗគ្នាផងដែរ។ ក្នុងពិធីសងគុណនោះ ពួកគេមិនភ្លេចអស់សែនពពួកទេវតានោះទេ ដើម្បីបួងសួងសុំឲ្យពពួកទេវតាប្រទានពរជ័យដល់ក្រុមគ្រួសារទាំងសងខាង ជួបតែសំណាងល្អ អ្នកភូមិមានរដូវអំណោយផល សុខភាពល្អ គ្មានអ្នកណាឈឺថ្កាត់នោះឡើយ”។

ជាធម្មតា ថ្ងៃដំបូងនៃពិធីសងគុណ គឺត្រឹមតែមានការចូលរួមពីក្រុមគ្រួសារនិងសាច់ញាតិប៉ុណ្ណោះ។ នៅថ្ងៃបន្ទាប់ ទើបគេអញ្ជើញញាតិមិត្តជិតខាង និងមិត្តភក្តិជិតឆ្ងាយមកចូលរួមរីករាយ។ ហើយប្រសិនបើមានលទ្ធភាព គេនឹងរៀបចំការរាំរបាំ tung tung da da ជាប្រពៃណីរបស់ជនជាតិ Co Tu។

ក្នុងពិធី pa’đăh ប្រសិនបើជំនូនជាជ្រូក ត្រឹមតែអញ្ជើញក្រុមគ្រួសារនិងវង្សត្រកូលខាងកូនក្រមុំ ហើយរៀបចំពិធីក្នុងរយៈពេលមួយថ្ងៃមួយយប់តែប៉ុណ្ណោះ។ សម្រាប់ពិធីដែលមានក្របី ឬគោ ឪពុកម្តាយកូនក្រមុំតែងតែអញ្ជើញអ្នកភូមិមកចូលរួម ហើយពិធីបុណ្យអូសបន្លាយរយៈពេលប៉ុន្មានថ្ងៃ។ អ្នកស្រី Bhling Thi Trou ជនជាតិ Co Tu នៅខេត្ត Quang Nam បានឲ្យដឹងថា៖

“ខាងកូនកំលោះសងគុណឪពុកម្ដាយកូនក្រមុំដោយក្របី គោ ជ្រូក មាន់ ទា ឃ្មោះ អង្កាំ ឬវត្ថុដ៏ថ្លៃថ្លាណាមួយដែលខាងកូនកំលោះមាន។ ពួកគេសងគុណពីព្រោះមានប្រពន្ធ ហើយចង់តបស្នងសងគុណឪពុកម្តាយក្មេកខាងប្រពន្ធចំពោះការខិតខំចិញ្ចឹមបីបាច់ ថែទាំកូនស្រី។ គោលបំណងនៃពិធីសងគុណឪពុកម្តាយក្មេកខាងប្រពន្ធគឺដើម្បីកសាងគ្រួសារប្រកបដោយក្ដីសុភមង្គល”។

លក្ខណៈពិសេសនៃពិធី pa’đăh គឺក្រៅពីពិធីជប់លៀង នៅតែមានពិធីដើម្បីគ្រួសារកូនកំលោះអញ្ជើញគ្រួសារកូនក្រមុំបរិភោគសាច់ ដែលបង្ហាញពីមនោសញ្ចេតនានិងការគោរពរបស់គ្រួសារកូនកំលោះចំពោះគ្រួសារកូនក្រមុំ។ បន្ទះសាច់ដ៏ឈ្ងុយឆ្ងាញ់បំផុតត្រូវបានជ្រើសរើសជាស្រាប់ដោយកូនកំលោះ រួមជាមួយស្រាពេញកែវ សម្រាប់អញ្ជើញសមាជិកម្នាក់ៗនៃគ្រួសារកូនក្រមុំ។ នៅពេលផឹកស្រា និងបរិភោគសាច់រួច ជនជាតិ Co Tu ជឿថា មនោសញ្ចេតនារបស់ភាគីទាំងសងខាងពិតជាចុះសម្រុងគ្នា និងផ្សាភ្ជាប់គ្នា។ លោក Abing Lam ជនជាតិ Co Tu រស់នៅស្រុក Tay Giang ខេត្ត Quang Nam បានឲ្យដឹងថា៖

“គេអញ្ជើញមិត្តភក្តិទាំងជិតឆ្ងាយ អ្នកណាដែលគេស្គាល់ក៏អញ្ជើញ ហើយក៏អញ្ជើញអ្នកភូមិទាំងមូលមកចូលរួមពិធី។ មនុស្ស ៣០០ ទៅ ៤០០ នាក់ កាប់ក្របី គោ និងជ្រូកអបអរសាទរ។ មានមនុស្សជាច្រើនជួយគ្រួសារធ្វើអាហារ។ ជនជាតិ Co Tu សងគុណឪពុកម្តាយក្មេក ដោយជំនូនជាច្រើនដូចជា៖ គង ឃ្មោះ ចានគោម ក្របី គោ មាន់ ទា ស្រា មាស ប្រាក់ជាដើម”។

ពិធីសងគុណឪពុកម្ដាយក្មេកខាងប្រពន្ធរបស់ជនជាតិ Co Tu គឺជាទំនៀមទម្លាប់ដ៏យូរលង់មក ដែលពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ។ ទំនៀមទម្លាប់នេះគឺមានបំណងចង់ឲ្យឪពុកម្តាយរីករាយនឹងភាពចាស់ជរា រីករាយជាមួយកូនចៅ ក៏ដូចជាមានមោទនភាពចំពោះអ្នកភូមិផងដែរ។ នេះក៏ជាឱកាសដើម្បីឲ្យគ្រួសារទាំងសងខាងបានជួបគ្នា រឹតបន្តឹងមនោសញ្ចេតនាដ៏ជិតស្និទ្ធរវាងគ្រួសារទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ