IMF បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក

(VOVWORLD) - មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី ៣១ ខែមករា បានចេញផ្សាយរបាយការណ៍ថ្មីបំផុតស្តីពី យថាទស្សន៍សេដ្ឋកិច្ចពិភពលោក ដែលបានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ ២០២៤ ដល់កម្រិត ៣,១% ។

ដោយពន្យល់ពីការបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ IMF បានឲ្យដឹងថា កត្តាចម្បងគឺជាការស្ទុះងើបឡើងវិញដែលមិននឹកស្មានដល់នៅក្នុងប្រទេសអភិវឌ្ឍន៍និងកំពុងរីកចម្រើនជុំវិញពិភពលោក រួមទាំងអាមេរិក និងចិន។ ការព្យាករណ៍ថ្មីរបស់ IMF គឺ ០,២% ខ្ពស់ជាងការព្យាករណ៍របស់អង្គការនេះ កាលពីខែតុលាឆ្នាំមុន។

IMF បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក - ảnh 1និមិត្តរូប IMF នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ រូបភាព៖ AFP/TTXVN

ទោះជាយ៉ាងណាក៏ដោយ ប្រធានសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchas បានព្រមានថា ទោះបីជាលទ្ធភាពនៃការចុះចតទន់សម្រាប់សេដ្ឋកិច្ចពិភពលោកបានកើនឡើងក៏ដោយ ក៏អត្រាកំណើននៅតែយឺតយ៉ាវ ហើយហានិភ័យនៅតែមាន៖  “ទាក់ទងនឹងហានិភ័យដែលអាចកើតមាន យើងមើលឃើញថា ប្រសិនបើធនាគារកណ្តាលរក្សាគោលនយោបាយអត្រាការប្រាក់ដ៏តឹងរ៉ឹងក្នុងរយៈពេលយូរពេក វាអាចនាំឲ្យមានការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ឬប្រសិនបើមានការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ ឬមានករណី Shock ក្នុងការផ្គត់ផ្គង់ថ្មី គឺកំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះ។

យោងតាមការព្យាករណ៍របស់ IMF កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ និងឆ្នាំក្រោយនឹងនៅតែទាបជាងមធ្យមភាគប្រវត្តិសាស្រ្តថ្មីៗនេះគឺ ៣,៨% ។ ចំពោះសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកគឺអាមេរិកនិងចិន IMF បានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងកើនឡើង ២,១% ធ្លាក់ចុះបន្តិចពីកម្រិត ២,៥% កាលពីឆ្នាំមុន។ ក្នុងពេលជាមួយគ្នានោះ សេដ្ឋកិច្ចរបស់ចិននឹងមានកំណើន ៤,៦% នៅឆ្នាំនេះ កើនឡើង ០,៤% ពីការព្យាករណ៍កាលពីមុន ទោះបីជាអត្រានេះទាបជាងអត្រា ៥,២% ដែលសម្រេចបាននៅឆ្នាំ២០២៣ក៏ដោយ។

ប្រទេសឥណ្ឌានៅតែបន្តជាចំណុចភ្លឺនៃសេដ្ឋកិច្ចពិភពលោក ខណៈដែល IMF បានព្យាករណ៍ថា សេដ្ឋកិច្ចនេះនឹងកើនឡើង៦,៥% នៅឆ្នាំនេះ កើនឡើង ០,២% បើធៀបនឹងការព្យាករណ៍កាលពីខែតុលាឆ្នាំមុន។ IMF ក៏បានបង្កើនការព្យាករណ៍កំណើនសម្រាប់ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងប្រេស៊ីលនៅឆ្នាំក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ