UN អំពាវនាវឲ្យមានកិច្ចសន្ទនានៅស្រីលង្កា
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី ១១ ខែកក្កដា បានអំពាវនាវឲ្យភាគីនានាធ្វើកិច្ចសន្ទនា ដើម្បី “ធានាដំណើរការ ផ្ទេរអំណាចដោយរលូន ហើយស្វែងរកដំណោះស្រាយចំពោះវិបត្តិសេដ្ឋកិច្ច ធ្ងន់ធ្ងរនៅប្រទេសស្រីលង្កា”។
បាតុករសម្រុកចូលវិមានប្រធានាធិបតីស្រីលង្កា។ (រូបថត៖ Reuters) |
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញក្នុងនាម លោកអគ្គលេខាធិការ Guterres អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ លោក Farhan Haq បានឲ្យដឹងថា លោកអគ្គលេខាធិការបន្តតាមដានយ៉ាងដិតដល់នូវការ វិវឌ្ឍន៍នៅប្រទេសស្រីលង្កា។ លោកតែងតែសាមគ្គីជាមួយប្រជាជនស្រីលង្កាជានិច្ច។ លោកអគ្គលេខាធិការថ្កោលទោសរាល់អំពើហឹង្សា ហើយអំពាវនាវឲ្យភាគីពាក់ព័ន្ធ ទាំងអស់ទទួលខុសត្រូវ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ជាកំពូលនៃការរក្សាសន្តិ ភាព។ អង្គការសហប្រជាជាតិ ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភគាំទ្រស្រីលង្កា និង ប្រជាជននៃប្រទេសនេះ។
មុននោះ កាលពីថ្ងៃទី១០ ខែកក្កដា គណបក្សប្រឆាំងនៅស្រីលង្កាបានជួបប្រជុំ គ្នាដើម្បីឯកភាពលើការបង្កើតរដ្ឋាភិបាលថ្មី នៅពេលដែលបាតុកររាប់ពាន់នាក់បាន ហូរចូលរដ្ឋធានី កូឡុំបូ បំបែករបាំងការពារ ហើយសម្រុកចូលវិមានប្រធានាធិបតីនិង លំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេះ៕