VOV ទទួលពានរង្វាន់ចំនួន ៣ នៅក្នុង​សន្និសីទទូរគមនាគមន៍ ABU

(VOVWORLD) - នាយប់ថ្ងៃទី ៧ ខែសីហា នៅកោះបាលី (ឥណ្ឌូនេស៊ី) ពិធីប្រគល់ពានរង្វាន់ប្រព័ន្ធផ្សព្វផ្សាយ ABU បានធ្វើឡើងក្នុងក្របខ័ណ្ឌនៃសន្និសីទទូរគមនាគមន៍ប៉ាស៊ី-ហ្វិកលើកទី ៨ (ABU) ស្តីពីសកម្មភាពឆ្លើយតបនឹងអាកាសធាតុ និងការការពារគ្រោះធម្មជាតិ។
VOV ទទួលពានរង្វាន់ចំនួន ៣ នៅក្នុង​សន្និសីទទូរគមនាគមន៍ ABU - ảnh 1តំណាងវិទ្យុសម្លេងវៀតណាមទទួលពានរង្វាន់ក្នុងពិធីប្រគល់រង្វាន់ ABU ។ រូបថត៖ Pham Ha/VOV-Jakarta

ក្នុងពិធីប្រគល់រង្វាន់ ស្នាដៃ “បទចម្រៀងលើភ្នំ” របស់អ្នកនិពន្ធ Ba Duy នាយកដ្ឋានវប្បធម៍សង្គម (VOV2) នៃវិទ្យុសម្លេងវៀតណាម ត្រូវបានលើកតម្កើងក្នុងប្រភេទផ្សាយសំលេ ស្នាដៃអំពីមនុស្សឆ្នើមបំផុត។ ស្នាដៃគឺជារឿងរបស់អ្នកគ្រូ Ly Thi Cong និងកូនសិស្សនៅទីតាំងសាលា Vang Lech 2 (ស្រុក Nam Po ខេត្ត Dien Bien) ជារូបភាពដ៏ស្រស់ស្អាតនៃការអប់រំរបស់វៀតណាម នៅពេលដែលគ្រូបង្រៀនសុខចិត្ត លះបង់ និងជំនះលើការលំបាកជាច្រើន ដើម្បីសម្រេចបាននូវគោលដៅ៖ "ទីណាមានកុមារ ទីនោះមានសាលា"។

VOV ទទួលពានរង្វាន់ចំនួន ៣ នៅក្នុង​សន្និសីទទូរគមនាគមន៍ ABU - ảnh 2អ្នកនិពន្ធ Ba Duy - នាយកដ្ឋានវប្បធម៌ និងសង្គម VOV2។ រូបថត៖ VOV

អ្នកនិពន្ធ Ba Duy បានចែករំលែកថា៖ “ខ្ញុំពិតជារីករាយណាស់នៅពេលបានក្លាយជាអ្នកនិពន្ធម្នាក់ដែលទទួលបានពានរង្វាន់ទូរគមនាគមន៍សន្តិភាព មនុស្ស និងភពផែនដីនៅឆ្នាំនេះ។ ក្រុមការងារផលិតកម្មវិធីបាននាំមកជូនមិត្តភ័ក្តិអន្តរជាតិនូវរឿងរ៉ាវ និងរូបភាពដ៏ស្រស់ស្អាតនៃការអប់រំវៀតណាម រូបភាពរបស់គ្រូបង្រៀនដែលជារៀងរាល់ថ្ងៃ កំពុងច្បាមជាប់ភូមិ និងបណ្តុះអក្សរនៅទីកន្លែងលំបាកបំផុតនៃប្រទេសទាំងមូល។ បើទោះបីជួបការលំបាក និងគុណវិបត្តិជាច្រើនក៏ដោយ ក៏ពួកគេនៅតែសប្បាយចិត្ត ព្រោះពួកគេអាចផ្តល់ពន្លឺអប់រំដល់កុមារនៅតំបន់ព្រៃភ្នំ និងនាំមកនូវឱកាសនិងសមភាពក្នុងការអប់រំដល់កុមារនៅទីនេះ”។

VOV ទទួលពានរង្វាន់ចំនួន ៣ នៅក្នុង​សន្និសីទទូរគមនាគមន៍ ABU - ảnh 3ស្នាដៃ “ត្រឡប់មកវិញ” របស់ក្រុមអ្នកនិពន្ធ Vu Duy, Thu Hoa, Quynh Hoa, Pham Huan, Lai Hoa នៃនាយកដ្ឋានព្រឹត្តិការណ៍ (VOV1) ទទួលបានជ័យលាភីលេខ២ ក្នុងប្រភេទស្នាដៃវិទ្យុស្តីពីសន្តិភាព និងភពផែនដី។ 

ក្នុងពិធីប្រគល់រង្វាន់ ស្នាដៃ “ត្រឡប់មកវិញ” របស់ក្រុមអ្នកនិពន្ធ Vu Duy, Thu Hoa, Quynh Hoa, Pham Huan, Lai Hoa និងស្នាដៃ “ដីចម្រុងចម្រើន” ដោយក្រុមអ្នកនិពន្ធ Huong Giang, Minh Chau, Ha Thao, នាយកដ្ឋានព្រឹត្តិការណ៍ (VOV1) ទទួលបានជ័យលាភីលេខ២ ក្នុងប្រភេទស្នាដៃវិទ្យុស្តីពីសន្តិភាព និងភពផែនដី។

ពានរង្វាន់ទូរគមនាគមន៍ ABU “រួមគ្នាដើម្បីសន្តិភាព មនុស្ស និងភពផែនដី” មានគោលបំណងទទួលស្គាល់ និងលើកតម្កើងដល់តួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការជំរុញនិរន្តរភាព យុត្តិធម៌សង្គម និងសន្តិភាព។ នៅឆ្នាំនេះ គណៈកម្មការរៀបចំបានទទួលស្នាដៃជាង ១០០ ពីប្រទេសចូលរួមចំនួន ៣០ ពីវិទ្យុ ទូរទស្សន៍ និងទីភ្នាក់ងារសារព័ត៌មានធំៗ ដូចជា៖ RRI Indonesia, KBS Korea, France 24, Radio Television Brunei, Radio Television Hong Kong និង China Media Group ( CGTN)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ