កិច្ចប្រជុំកំពូលទីក្រុងគែរ មិនអាចចេញសេចក្តីថ្លែងការណ៍រួមបានឡើយ
(VOVWORLD) - នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរ ដែលរៀបចំឡើងដោយប្រទេសអេហ្ស៊ីប នាថ្ងៃទី ២១ ខែតុលា ដើម្បីពិភាក្សាអំពីវិធីកាត់បន្ថយជម្លោះរវាងចលនាហាម៉ាស និងអ៊ីស្រាអែល ក៏ដូចជាការទប់ស្កាត់ហានិភ័យមិនទុកឲ្យជម្លោះរីករាលដាលទូទាំងតំបន់ បណ្តាមេដឹកនាំបានបរាជ័យក្នុងការយល់ព្រមលើ "កម្រិតនៃការថ្កោលទោស" និងការអំពាវនាវឱ្យមានបទឈប់បាញ់។
ទស្សនៈខុសគ្នារវាងគណៈប្រតិភូអារ៉ាប់ និងគណៈប្រតិភូអឺរ៉ុបបានរារាំងដំណើរការចេញសេចក្តីថ្លែងការណ៍រួមនៅក្នុងកិច្ចប្រជុំនេះ។ ប្រភពព័ត៌មានក្នុងតំបន់បានឲ្យដឹងថា កិច្ចប្រជុំមិនអាចចេញសេចក្តីថ្លែងការណ៍រួមដោយសារតែមេដឹកនាំអឺរ៉ុបទាមទារឱ្យមានការថ្កោលទោសកងកម្លាំងហាម៉ាស និងការទទួលស្គាល់ "សិទ្ធិស្វ័យការពារ" របស់អ៊ីស្រាអែល។
មេដឹកចូលរួមកិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៣។ រូបថត៖ TTXVN |
ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីប លោក Ahmed Fahmy បានឲ្យដឹងថា កិច្ចប្រជុំសម្រេចបាននូវគោលដៅគឺ "បង្កើនការយល់ដឹង" រវាងប្រទេសដែលចូលរួម។ តាមនោះ តំណាងប្រទេសដែលចូលរួមកិច្ចប្រជុំទាំងអស់បានចែករំលែកទស្សនៈស្រដៀងគ្នាលើប្រធានបទផ្សេងៗគ្នាជាច្រើន រួមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សាផងដែរ។
ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតំបន់ហ្គាហ្សា អង្គការសហប្រជាជាតិ (UN) សង្ឃឹមថា ក្បួនរថយន្តទីពីរនឹងត្រូវបញ្ជូនទៅតំបន់ហ្គាហ្សា នៅថ្ងៃថ្ងៃទី ២២ ខែតុលា ដើម្បីពង្រីកការបញ្ជូនទំនិញសង្គ្រោះទៅកាន់តំបន់ឆ្នេរសមុទ្ររបស់ប៉ាឡេស្ទីននាសប្តាហ៍ខាងមុខ។ អង្គការសហប្រជាជាតិបានឲ្យដឹងថា ត្រូវការរថយន្តដឹកជំនួយប្រហែល ១០០ គ្រឿងជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការចាំបាច់នៅក្នុងតំបន់ហ្គាហ្សា៕