កិច្ចប្រជុំលើកទី ១២ គណៈកម្មាធិការសហប្រតិបត្តិការវៀតណាម-ជប៉ុន
(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែសីហា នៅទីក្រុងតូក្យូប្រទេសជប៉ុន រដ្ឋមន្ត្រីការបរទេស វៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Kamikawa Yoko អញ្ជើញជាសហប្រធាននៃកិច្ចប្រជុំលើកទី ១២ នៃគណៈកម្មាធិការសហប្រតិបត្តិការវៀតណាម - ជប៉ុន។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Kamikawa Yoko ទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការនៃប្រទេសទាំងពីរ (រូបថត៖ Tuan Anh) |
ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបង្កើនថែមទៀតទំនាក់ទំនងរវាងសេដ្ឋកិច្ចទាំងពីរ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ការវិនិយោគ ពាណិជ្ជកម្ម ពលកម្ម ...។ រដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើឲ្យជប៉ុនបន្តផ្តល់ ODA ជំនាន់ថ្មីជាមួយ នឹងការលើកទឹកចិត្តខ្ពស់ នីតិវិធីសាមញ្ញនិងបត់បែនជាង សម្រាប់ វៀតណាមក្នុងវិស័យផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតងនិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សុខភាព និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
លោកស្រីរដ្ឋមន្ត្រី Kamikawa Yoko បានអះអាងថា ជប៉ុនវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនាពេលថ្មីៗនេះ ក្នុងការផ្លាស់ប្តូរថ្មី កំណែទម្រង់រដ្ឋបាលនិងធានាការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាព ដើម្បីកែលម្អបរិយាកាសវិនិយោគ និងសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ លោកស្រីរដ្ឋមន្ត្រី Kamikawa បានមានប្រសាសន៍ថា ធុរកិច្ចជប៉ុនចាប់អារម្មណ៍ និងចាត់ទុកវៀតណាមជាទិសដៅវិនិយោគដ៏ទាក់ ទាញមួយដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។
បន្ទាប់កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការនៃប្រទេសទាំងពីរ រដ្ឋមន្ត្រីទាំងពីរបានអញ្ជើញជួបពិភាក្សាគ្នា (រូបថត៖ Tuan Anh) |
ភាគីទាំងពីរបានស្វាគមន៍និងអះអាងថា បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមរួមវៀតណាម - ជប៉ុនក្នុងយុគសម័យថ្មី ដំណាក់កាលទី១ សំដៅធានាឱ្យវិនិយោគិនជប៉ុននៅវៀតណាមធ្វើអាជីវកម្មប្រកប ដោយប្រសិទ្ធភាពនិងនិរន្តរភាព; នាំឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនប្រកបដោយស្ថិរភាពនិងនិរន្តរភាព។ ភាគីទាំងពីរក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយទៅក្នុងវិស័យថ្មីៗ រួមមាន ការផ្លាស់ប្តូរឌីជីថល ការច្នៃប្រឌិត បច្ចេកវិទ្យាព័ត៌មាននិងសង្គមឌីជីថល តាមរយៈគំនិតផ្តួចផ្តើមនិងគម្រោងជាក់ស្តែង។ លោកស្រីរដ្ឋមន្ត្រី Kamikawa Yoko បានសង្កត់ធ្ងន់ថា ជប៉ុនមានបំណងចង់សហការជាមួយវៀតណាមក្នុងវិស័យសហប្រតិបតិ្តការនៃការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការកាត់បន្ថយការបំភាយឧស្ម័ននិងបរិស្ថាន តាមរយៈគំនិតផ្តួចផ្តើមដូចជា៖ សហគមន៍ការបំភាយឧស្ម័នអាស៊ីសូន្យ (AZEC)...។ ភាគីទាំងពីរក៏បានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងធនធានមនុស្សដែលមានគុណភាពខ្ពស់ និងសហការក្នុងការឆ្លើយតបទៅនឹងបញ្ហានៃភាពចាស់នៃចំនួនប្រជាជន; យល់ព្រមចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការធានារ៉ាប់រងសង្គម។
បន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាគ្នា។ នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានឯកភាពពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ តាមរយៈដំណើរទស្សនកិច្ចជាប្រចាំ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; លើកកំពស់តួនាទីនៃយន្តការសន្ទនា; ជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ៕