កម្ពុជា ឡាវ វៀតណាម សង្កត់ធ្ងន់លើតម្លៃយុទ្ធសាស្ត្រនៃសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នៅថ្ងៃទី ២៤ ខែកញ្ញា បានដឹកនាំកិច្ចពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក សុខ ចិន្តា សោភា ក្នុងឱកាសចូលរួមសម័យប្រជុំលើកទី៧៩ នៃមហា សន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក។

កម្ពុជា ឡាវ វៀតណាម សង្កត់ធ្ងន់លើតម្លៃយុទ្ធសាស្ត្រនៃសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារ (រូបភាព៖ ក្រសួងការបរទេស)

នៅក្នុងជំនួបនេះ ភាគីទាំងបីបានឯកភាពគ្នាលើសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព និង ផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងបីសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ។ ក្នុងបរិបទតំបន់ និងអន្តរជាតិមានការប្រែប្រួលយ៉ាងស្មុគស្មាញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសទាំងបីរូបបានសង្កត់ធ្ងន់លើតួនាទីនិងតម្លៃយុទ្ធសាស្ត្រនៃសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក; យល់ព្រមបន្តរក្សា លើកកម្ពស់ប្រសិទ្ធភាព និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវយន្តការត្រីភាគី; ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងក្រសួងការបរទេសនៃប្រទេសទាំងបី បង្កើនការចែករំលែកព័ត៌មាន ទស្សនៈ និងសម្របសម្រួលគោលជំហរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ទន្ទឹមនឹងនោះ ពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងបី; ជំរុញការផ្លាស់ប្តូរ និងការបណ្តុះបណ្តាលយុវជន និងអ្នកដឹកនាំវ័យក្មេង ដើម្បី ពូនជ្រុំទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងបី។

នៅទីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា ការដែលកម្ពុជា ដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV មិនប៉ះពាល់ដល់យន្តការកិច្ចសហប្រតិបត្តិការផ្សេងទៀត ទាំងទ្វេភាគី និងពហុភាគី រវាងប្រទេសទាំងបីនោះទេ។

នៅចុងបញ្ចប់នៃជំនួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសទាំងបីរូបបានឯកភាពរក្សាកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីពិនិត្យលើវិស័យសហប្រតិបត្តិការ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ មានផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងបី ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ