កូរ៉េខាងជើង បន្តបាញ់​បង្ហោះ​មីស៊ីលបាលីស្ទិក​

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង(KCNA)នាថ្ងៃទី ២០ ខែកុម្ភៈ បានបញ្ជាក់ថា ប្រទេសនេះបានបាញ់សាកល្បងមីស៊ីលពីប្រព័ន្ធបាញ់បង្ហោះមីស៊ីលពហុសមត្ថភាពនាព្រឹកថ្ងៃដដែល សំដៅទៅលើគោលដៅចំនួនពីរដែលមានរយៈចម្ងាយ ៣៩៥ គីឡូម៉ែត្រ និង ៣៣៧ គីឡូម៉ែត្រ។ ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ បានប្រព្រឹត្តទៅក្នុងបរិបទដែលកូរ៉េខាងត្បូង ជប៉ុន និងអាមេរិកបានធ្វើសមយុទ្ធរួមគ្នា។
កូរ៉េខាងជើង បន្តបាញ់​បង្ហោះ​មីស៊ីលបាលីស្ទិក​ - ảnh 1ការបាញ់បង្ហោះមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថត៖ Yonhap/TTXVN)

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលបាលីស្ទិកចំនួន២គ្រាប់នៅព្រឹកថ្ងៃដដែល ដោយឈានដល់កម្ពស់អតិបរមាប្រមាណ១០០គីឡូម៉ែត្រ និង៥០គីឡូម៉ែត្រ ហើយហោះហើរបានរយៈចម្ងាយប្រហែល៣៥០-៤០០គីឡូម៉ែត្រ មុនពេលធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។ បច្ចុប្បន្ន មិនមានបាយការណ៍អំពីការខូចខាតចំពោះយន្តហោះ ឬនាវានោះទេ។

ក្នុងពេលជាមួយគ្នានោះ កងទ័ពកូរ៉េខាងត្បូងក៏បានឲ្យដឹងថា កូរ៉េខាងជើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ បានបាញ់បង្ហោះមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួន២គ្រាប់។ ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងត្រូវបានធ្វើឡើងពី តំបន់ Sukchon ក្នុងខេត្ត Pyongan ខាងត្បូង នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ។

រីឯខ្លួនវិញ អនុប្រធានគណៈកម្មាធិការឃោសនានិងព័ត៌មាននៃគណៈកម្មាធិការមជ្ឈឹមបក្សពលករកូរ៉េខាងជើង លោកស្រី Kim Yo Jong បានព្រមានពីការប្រែក្លាយមហាសមុទ្រប៉ាស៊ីហ្វិកទៅជា “ទីលានបាញ់មីស៊ីល”។ លោកស្រី Kim Yo Jong បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងនឹងមានសកម្មភាពឆ្លើយតបយ៉ាងសមស្រប ប្រសិនបើសកម្មភាពរបស់អាមេរិក "ត្រូវបានចាត់ទុកថាជាការគំរាមកំហែងដោយផ្ទាល់ឬដោយប្រយោល" ។

មួយថ្ងៃមុនការបង្ហោះមីស៊ីលរបស់កូរ៉េខាងជើង នាថ្ងៃទី១៩ ខែកុម្ភៈ អាមេរិកបានធ្វើសមយុទ្ធកងទ័ពអាកាសទ្វេភាគីជាមួយកូរ៉េខាងត្បូងនិងជប៉ុន។ សមយុទ្ធទាំងនេះបានប្រព្រឹត្តិទៅមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) Hwasong-១៥។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃទី ១៩ ខែកុម្ភៈ បានថ្កោលទោសការសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបរបស់កូរ៉េខាងជើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ។ លោក Antonio Guterres ជាថ្មីម្តងទៀត បានអំពាវនាវឲ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្ករឿងហេតុ និងអនុលោមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អគ្គលេខាធិការក៏បានអំពាវនាវឱ្យកូរ៉េខាងជើងតភ្ជាប់កិច្ចសន្ទនាឡើងវិញដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាពនិងការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានឲ្យដឹងថា ប្រទេសនេះបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះហៅកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការបាញ់បង្ហោះមីស៊ីលថ្មីបំផុតរបស់កូរ៉េខាងជើង។ លោកនាយករដ្ឋមន្ត្រី Kishida ក៏បានសង្កត់ធ្ងន់ថា ជប៉ុននឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាមេរិក និងកូរ៉េខាងត្បូង ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់។

ក្នុងពេលជាមួយគ្នានោះ ជប៉ុនក៏បានផ្ញើលិខិតតវ៉ាទៅកាន់កូរ៉េខាងជើងតាមរយៈស្ថានទូតជប៉ុនប្រចាំនៅប្រទេសចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ