ក្រុមប្រឹក្សាអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនូវែលសេឡង់
(VOVWORLD) - នាថ្ងៃទី ២៧ ខែវិច្ឆិកា ក្រុមប្រឹក្សាអឺរ៉ុបបានប្រកាសអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប (EU) និងនូវែលសេឡង់ ហើយកិច្ចព្រមព្រៀងនេះអាចនឹងចូលជាធរមាន "នៅដើមឆ្នាំ ២០២៤" បន្ទាប់ពីទីក្រុង Wellington បានអនុម័ត។
កិច្ចព្រមព្រៀងនេះ បានកំណត់ការកាត់បន្ថយពន្ធ ទៅតាមដំណាក់កាល លើទំនិញនាំចូលដូចជា៖ សាច់ចៀម សាច់គោ ស្រា និងផ្លែឈើរបស់នូវែលសេឡង់។ ជាថ្នូរទៅវិញ ទំនិញនាំចេញរបស់សហភាពអឺរ៉ុប រួមមាន៖ គ្រឿងម៉ាស៊ីន និងយានជំនិះ ក៏ដូចជាសូកូឡា ស្រា និងនំ ខូគី ក៏នឹងទទួលបានអត្ថប្រយោជន៍ផងដែរ។
សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់នូវែលសេឡង់។ រូបថតឯកសារ៖ EC |
ទំហំពាណិជ្ជកម្មទ្វេភាគីលើទំនិញនិងសេវាកម្មរវាងសហភាពអឺរ៉ុប និងនូវែលសេឡង់បច្ចុប្បន្ន សម្រេចបាន ៩,១ ពាន់លានអឺរ៉ូ (១០ ពាន់លានដុល្លារអាមេរិក) ។ មជ្ឈដ្ឋានអ្នកវិភាគបាននិយាយថា កិច្ចព្រមព្រៀងថ្មីនេះនឹងជួយឱ្យប្រាក់ចំណូលនេះកើនឡើង ៣០% ក្នុងរយៈពេលមួយទសវត្សរ៍។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលនូវែលសេឡង់បានប៉ាន់ប្រមាណថា កិច្ចព្រមព្រៀងនេះអាចជួយទីក្រុង Wellington រកចំណូលបន្ថែមបានចំនួន ៣៦៥លានដុល្លារក្នុងមួយឆ្នាំ ដោយមានការបញ្ជាទិញនាំចេញសាច់គោ ចៀម និងផលិតផលទឹកដោះគោជាច្រើន។ ដោយមានប្រជាជនចំនួន ៤៥០ លាននាក់ សហភាពអឺរ៉ុបបច្ចុប្បន្នគឺជាទីផ្សារនាំចេញធំទីបីរបស់នូវែលសេឡង់ ដែលមានប្រជាជន៥ លាននាក់៕