ក្រុមសន្ទស្សន៍នវានុវត្តន៍ប្រចាំមូលដ្ឋានឆ្នាំ២០២៤ នឹងត្រូវបានប្រកាស
(VOVWORLD) - ក្រុមសន្ទស្សន៍នវានុវត្តន៍ប្រចាំមូលដ្ឋាន (PII ២០២៤) នឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗ។ PII គឺជាក្រុមសន្ទស្សន៍ស្តីពីស្ថានភាពបច្ចុប្បន្ននៃគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយផ្អែកលើវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា(STI) និងនវានុវត្តន៍ នៃមូលដ្ឋាននីមួយៗ។
PII បានចង្អុលបង្ហាញពីចំណុចខ្លាំង ចំណុចខ្សោយ កត្តាសក្តានុពលនិងលក្ខខណ្ឌចាំបាច់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក Nguyen Hoang Giang អនុប្រធានការិយាល័យនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានឲ្យដឹងថា៖ “ក្រសួងបានដើរតួនាទីជាចំណុចស្នូលក្នុងការត្រួតពិនិត្យសន្ទស្សន៍នវានុវត្តន៍សកល។ នៅឆ្នាំ ២០២៤ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៤៤ ក្នុងចំណោមប្រទេសនិងខឿនសេដ្ឋកិច្ចចំនួន ១៣៣ ដែលកើនឡើង ២ កាំបើធៀបនឹងឆ្នាំ ២០២៣ ដោយបន្តរក្សាចំណាត់ថ្នាក់ទី ២ ក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ទាក់ទងនឹងក្រុមសន្ទស្សន៍នវានុវត្តន៍ប្រចាំមូលដ្ឋាននៅឆ្នាំនេះ ក្រសួងបានចេញក្របខ័ណ្ឌសន្ទស្សន៍នវានុវត្តន៍ថ្នាក់មូលដ្ឋាន និងសំណុំឯកសារណែនាំដល់មូលដ្ឋាននានា ស្តីពី PII ឆ្នាំ ២០២៤; រៀបចំសិក្ខាសាលាដើម្បីណែនាំការប្រមូល ការផ្តល់មូលដ្ឋានទិន្នន័យនិងឯកសារដើម្បីបម្រើការគណនាសន្ទស្សន៍ PII ក្នុងឆ្នាំ ២០២៤”។
សន្ទស្សន៍ PII ត្រូវបានបង្កើតឡើងដោយផ្អែកលើសសរស្តម្ភចំនួន ៧ ដែលមានសូចនាករសមាសធាតុចំនួន ៥២។ នេះគឺជាព័ត៌មានដ៏មានតម្លៃសម្រាប់វិនិយោគិននិងសហគ្រាស ក្នុងការសម្រេចចិត្តលើទំហំនិងទម្រង់នៃការវិនិយោគនៅក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនោះ រួមចំណែកលើកកំពស់សមត្ថភាពនិងលទ្ធផលនវានុវត្តន៍ជាតិ; រួមចំណែកអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕