ក្រសួងនគរបាលវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ FBI (សហរដ្ឋអាមេរិក)
(VOVWORLD) - ដើម្បីបន្តលើកកំពស់ប្រសិទ្ធ ភាពនៃកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) និងក្រសួងនគរបាលវៀតណាម នាថ្ងៃទី ៣ សីហា លោកអនុរដ្ឋមន្ត្រី Tran Quoc To និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមបានជួបធ្វើការជាមួយលោកស្រី Jacqueline Maguire ជំនួយការនាយកទីភ្នាក់ងារស៊ើបអង្កេត សហព័ន្ធអាមេរិក (FBI) ស្តីពីការបណ្តុះបណ្តាលនៅបណ្ឌិត្យសភា FBI នៅទីក្រុង Quantico រដ្ឋ Virginia សហរដ្ឋ អាមេរិក។
អនុរដ្ឋមន្ត្រី លោក Tran Quoc To និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមជួបធ្វើការជាមួយលោកស្រី Jacqueline Maguire នៅ FBI (រូបថត៖ អ្នកយកព័ត៌មាន Kieu Trang/TTXVN នៅ Washington D.C សហរដ្ឋអាមេរិក) |
លោកអនុរដ្ឋមន្ត្រី Tran Quoc To បានស្នើថា ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកក្នុងរឿងព្រហ្មទណ្ឌ កិច្ចព្រមព្រៀងបត្យាប័ន និងកិច្ចព្រមព្រៀងស្តីពីការផ្ទេរអ្នកទោសដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។ ក្រសួងនគរបាលវៀតណាម និង FBI បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីផ្លាស់ប្តូរនិងចែករំលែកព័ត៌មានអំពីបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា; FBI ស្រាវជ្រាវ គាំទ្រ និងផ្តល់ជំនួយឧបត្ថម្ភជាឧបករណ៍ទំនើប ការផ្ទេរបច្ចេកវិទ្យា និងដំណោះស្រាយឯកទេស ដើម្បីបម្រើប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។
លោកអនុរដ្ឋមន្ត្រី Tran Quoc To សង្ឃឹមថា FBI នឹងបន្តដើរតួនាទីជាដៃគូសកម្មរបស់ក្រសួងនគរបាលវៀតណាម ក្នុងការសម្របសម្រួលរក្សាសន្តិសុខ និងសុវត្ថិភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព៕