ខិតខំនាំទំហំពាណិជ្ជកម្មវៀតណាម-ថៃឲ្យឡើងដល់២៥ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗ

(VOVWORLD) - នារសៀលថ្ងៃទី ២៥ តុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Parnpree Bahiddha-Nukara ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ខិតខំនាំទំហំពាណិជ្ជកម្មវៀតណាម-ថៃឲ្យឡើងដល់២៥ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Parnpree Bahiddha-Nukara។ (រូបថត៖ nhandan.vn)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី កម្មវិធីសកម្មភាពអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់ វៀតណាម-ថៃ ដំណាក់កាល ២០២២ - ២០២៧; ជំរុញការចរចា និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យសន្តិសុខ យុត្តិធម៌ កសិកម្ម ពលកម្មនិងកិច្ចសហប្រតិបត្តិការលើសមុទ្រ។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសថៃបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាវិនិយោគិនបរទេសធំទី ៩ របស់វៀតណាម; ស្នើឱ្យភាគីទាំងពីរសម្របសម្រួល និងខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឆាប់សម្រេចបាននូវគោលដៅ ២៥ ពាន់លានដុល្លារអាមេរិក។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃបានឯកភាពបង្កើនការសម្របសម្រួល និងការផ្លាស់ប្តូរព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការភេរវកម្ម; ធានាមិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ដែនដីនៃប្រទេសមួយដើម្បីប្រឆាំងប្រទេសមួយទៀត។ លោក Parnpree Bahiddha-Nukara បានឯកភាពសម្របសម្រួលជាមួយវៀតណាមក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អនុតំបន់មេគង្គ ការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព: អះអាងថា ថៃនឹងបន្តសហការជាមួយវៀតណាម និងបណ្តាប្រទេសអាស៊ាន ដើម្បីពង្រីកសាមគ្គីភាព មជ្ឈភាព និងទស្សនៈរួមរបស់អាស៊ាន ជាពិសេសលើបញ្ហាសំខាន់ៗដូចជាបញ្ហាសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ