គណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៖ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន
(VOVWORLD) - វ៉ាក់សាំងបង្ការកូវីដ ១៩ កំពុងមកដល់ប្រទេស វៀតណាមក្នុងបរិមាណច្រើន ប៉ុន្តែមានច្រើនប្រភេទ។
ទិដ្ឋភាពនៃជំនួបធ្វើការ (ប្រភព៖ moh.gov.vn) |
ដូច្នេះហើយ ក្រសួងសុខាភិបាលចាំបាច់ត្រូវបែងឲ្យបានសមស្របទៅតាមមូលដ្ឋាននីមួយៗ ដើម្បីធានាបាននូវកាលវិភាគចាក់វ៉ាក់សាំងឱ្យបានលឿនបំផុត ជាពិសេសនៅតាមបណ្តាខេត្តភាគខាងលិច និងតំបន់ Tay Nguyen ជាកន្លែងដែលជំងឺរាតត្បាតកំពុងឆ្លងរាលដាលយ៉ាងស្មុគស្មាញ។ នេះជាបញ្ហាសំខាន់មួយដែលត្រូវបានគណៈកម្មាធិការជាតិដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លើកឡើងក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រមេ សម្រាប់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតកូវីដ-១៩។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អនុប្រធានគណៈកម្មាធិការដឹកនាំ អញ្ជើញដឹកនាំកិច្ចប្រជុំនេះ។
យោងតាមលោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam យុទ្ធសាស្ត្រមេដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតកីវីដ-១៩ ជាមួយនឹងវិធានការថ្មីនឹងត្រូវអនុវត្តន៍នាពេលខាងមុខ នៅពេលដែលអត្រាចាក់វ៉ាក់សាំងឈានដល់កម្រិតខ្ពស់។ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ នៅតែត្រូវអនុវត្តន៍វិធានការបង្ការ កំណត់តំបន់ផ្ទុះជំងឺ និងដាក់នៅដាច់ដោយឡែកដោយមានភាពបត់ បែន។ ទាក់ទិននឹងការរៀបចំឱ្យសិស្សានុសិស្សវិលត្រឡប់ទៅសាលារៀនវិញ ឧបនាយករដ្ឋមន្ត្រី លោកVu Duc Dam បានបញ្ជាក់យ៉ាងច្បាស់ថា៖ “តម្រូវការទៅសាលារៀនរបស់កុមារកំពុងត្រូវបានដាក់ចេញ ដោយសារប្អូនៗ សិក្សាតាមអ៊ីនធឺរណែតយូរពេកដែលប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់ពួកគេ។ ជាគោលការណ៍តំបន់បៃតងគឺអាចទៅសាលារៀន។ មូលដ្ឋានព្យាយាមរៀបចំឱ្យសិស្សទៅសាលារៀនក្នុងលក្ខខណ្ឌដែលអាចដំណើរការបាន។ បច្ចុប្បន្ន មានគំនិតរង់ចាំការចាក់វ៉ាក់សាំងគ្រប់គ្រាន់ទើបឲ្យកុមារទៅសាលារៀន ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) ណែនាំតែការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី ១២-១៧ ឆ្នាំ ប៉ុណ្ណោះ ហើយក្រោមអាយុ ១២ឆ្នាំ WHO មិនទាន់ណែនាំនៅឡើយ។ វៀតណាមផ្តល់ការចាក់វ៉ាក់សាំងសម្រាប់កុមារ ប៉ុន្តែអ្វីដែលផ្ទុយនឹងអនុសាសន៍របស់អង្គការសុខភាពពិភពលោក គួរត្រូវបានពិចារណាសិន”៕