ចក្រភពអង់គ្លេសហាមឃាត់ដំឡើង TikTok នៅលើ​ឧបករណ៍ ដែល​ជា​កម្មសិទ្ធ​របស់រដ្ឋ និងរដ្ឋាភិបាល

(VOVWORLD) - ការហាមប្រាមនេះមិនអនុវត្តន៍ចំពោះឧបករណ៍ផ្ទាល់ខ្លួនឡើយ ហើយមានការលើកលែងចំពោះករណី ដែលTikTok ចាំបាច់ត្រូវប្រើប្រាស់នៅលើឧបករណ៍រដ្ឋាភិបាល។
ចក្រភពអង់គ្លេសហាមឃាត់ដំឡើង TikTok នៅលើ​ឧបករណ៍ ដែល​ជា​កម្មសិទ្ធ​របស់រដ្ឋ និងរដ្ឋាភិបាល - ảnh 1 រូបថត៖ AFP/VNA

រដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃទី ១៦ មីនា បានប្រកាសហាមឃាត់ការដំឡើងកម្មវិធីចែករំលែកវីដេអូ TikTok នៅលើឧបករណ៍ដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ និងរដ្ឋាភិបាល។ ការសម្រេចចិត្តនេះចូលជាធរមានភ្លាមមួយរំពេច។

រដ្ឋមន្ត្រីការិយាល័យខុទ្ទកាល័យអង់គ្លេស លោក Oliver Dowden បានឲ្យដឹងថា ឧបករណ៍របស់ស្ថាប័នរដ្ឋ និងរដ្ឋាភិបាលនឹងត្រឹមតែបានអនុញ្ញាតឱ្យដំឡើងកម្មវិធីរបស់ភាគីទីបីក្នុងបញ្ជីដែលមានអាជ្ញាប័ណ្ណជាមុនប៉ុណ្ណោះ។ ការហាមប្រាមនេះមិនអនុវត្តន៍ចំពោះឧបករណ៍ផ្ទាល់ខ្លួនឡើយ ហើយមានការលើកលែងចំពោះករណី ដែលTikTok ចាំបាច់ត្រូវប្រើប្រាស់នៅលើឧបករណ៍រដ្ឋាភិបាល។

កាលពីដើមសប្តាហ៍នេះ នៅពេលដែលមានព័ត៌មានអំពីលទ្ធភាពដែលចក្រភពអង់គ្លេសចេញបម្រាមខាងលើ អ្នកនាំពាក្យ TikTok បាននិយាយថា ក្រុមហ៊ុននឹងមានការខកចិត្តជាខ្លាំង ព្រមទាំងបញ្ជាក់ថា TikTok បានប្តេជ្ញាចិត្តសហការជាមួយរដ្ឋាភិបាលអង់គ្លេស ដើម្បីដោះស្រាយរាល់កង្វល់ ហើយ នឹងចាត់វិធានការដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់អឺរ៉ុបបន្ថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ