ជោគជ័យនៃមហាសន្និបាតលើកទី១៤ គឺជា «គន្លឹះ» សម្រាប់វៀតណាមជំនះពុះពាររាល់បញ្ហាប្រឈមសកល
(VOVWORLD) - មជ្ឈដ្ឋានអ្នកការទូត និងអ្នកប្រាជ្ញអន្តរជាតិវាយតម្លៃពីភាពជោគជ័យ នៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយ និស្តវៀតណាម (មហាសន្និបាតលើកទី១៤) ដែលទើបបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ (១៩- ២៣ មករា) ជាការពង្រឹងឋានៈរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល នាបច្ចុប្បន្ន។
លោក Andrew Goledzinowski អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម។ រូបថត៖ Thanh Tu/TTXVN |
យោងតាមអតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាម លោក Andrew Goledzinowski (អាណត្តិ ២០២២-២០២៤) បរិបទអន្តរជាតិបច្ចុប្បន្ន កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយមានការប្រែប្រួលយ៉ាងខ្លាំងក្នុងស្ទើរតែគ្រប់វិស័យ ដែលបង្កទាំងឱកាសនិងបញ្ហាប្រឈមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញក្នុងដំណាក់កាលខាងមុខ។ គួរឲ្យកត់សម្គាល់ថា បញ្ហាប្រឈមមានលក្ខណៈភូមិសាស្ត្រជាយុទ្ធសាស្ត្រ នៅពេលដែលជម្លោះកំពុងកើតឡើងនៅក្នុងតំបន់ជាច្រើន ហើយច្បាប់និងរចនាសម្ព័ន្ធនៃទំនាក់ទំនងអន្តរជាតិក្នុងសម័យក្រោយសង្គ្រាមលោកលើកទី ២ កំពុងរលាយបាត់ទៅ។ នេះជាបញ្ហាធំធេងសម្រាប់ប្រទេសទាំងអស់ ប៉ុន្តែយោងតាមលោក Goledzinowski នេះក៏ជាបញ្ហាប្រឈមមួយដែលវៀតណាមបានដោះស្រាយដោយជោគជ័យក្នុងអតីតកាល ហើយគោលនយោបាយការបរទេសដែលបានដាក់ចេញក្នុងមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម បានបង្ហាញ ថា វៀតណាមមាន «គន្លឹះ» ដើម្បីជំនះពុះពាររាល់បញ្ហាប្រឈមទាំងនេះ។
សាស្ត្រាចារ្យ Carl Thayer មហាវិទ្យាល័យការពារជាតិអូស្ត្រាលី នៃសាកលវិទ្យាល័យ New South Wales។ រូបថត៖ Thanh Tu/TTXVN |
ដោយចែករំលែកទស្សនៈដូចគ្នា សាស្ត្រាចារ្យ Carl Thayer មកពី មហាវិទ្យាល័យការពារជាតិអូស្ត្រាលី នៃសាកលវិទ្យាល័យ New South Wales ជឿជាក់ថា វៀតណាមកំពុងបង្ហាញពីវិធីសាស្រ្តដែលមានទំនុកចិត្ត និងម្ចាស់ការជាងនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយកំពុងឆ្ពោះទៅតួនាទីជា «មហាអំណាចកម្រិតមធ្យម» នៅក្នុងតំបន់ជាបណ្ដើរៗ៕