ជំនួបកំពូលរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ
(VOVWORLD) - នាថ្ងៃទី ១១ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកិច្ចប្រជុំជាន់ខ្ពស់ រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោកថងលូន ស៊ីសូលីត។
នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋទាំងពីររូបបានឯកភាពបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ; សម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម - ឡាវ - កម្ពុជា ហើយបានសម្តែងបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងបី និងប្រទេសទាំងបី រួមទាំងការអនុវត្តបានយ៉ាងល្អនូវលទ្ធផលនៃកិច្ចប្រជុំរវាងថ្នាក់ដឹកនាំនៃបក្សទាំងបីដូចជា ក៏ដូចជាយន្តការសហប្រតិបត្តិការត្រីភាគីផ្សេងទៀត។
ជំនួបកំពូលរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវនៅទីក្រុងហាណូយ។ រូបភាព៖ Nhan Dan |
ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានយល់ព្រមថា នាពេលខាងមុខត្រូវអនុវត្តយ៉ាងសកម្មនូវទិសដៅសំខាន់ៗដែលបានថ្នាក់ដឹកនាំនៃភាគីទាំងពីរឯកភាព បន្តធ្វើឱ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ ក្លាយជាទិសដៅរួមនៃទំនាក់ទំនងសហប្រតិបត្តិការ; សម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាយុទ្ធសាស្ត្រ រួមគ្នារៀបចំបានល្អមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ឆ្ពោះទៅមហាសន្និបាតរបស់បក្សនីមួយៗ; ពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ។
ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ការពិគ្រោះយោបល់ ការសម្របសម្រួលជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួម វៀតណាម-ឡាវ និងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ និងរដ្ឋទាំងពីរ៕