ជនបរទេសនៅវៀតណាមថ្លែងអំណរគុណចំពោះផ្នែកសុខាភិបាលវៀតណាម

(VOVWORLD) - ក្នុងបរិបទដែលជំងឺ Covid-19 កំពុងរីករាលដាលយ៉ាងឆាប់រហ័សនិងស្មុគស្មាញនោះ ប៉ុន្តែ ដោយឈរលើស្មារតីមនុស្សសាស្ត្រ កិច្ចសហប្រតិបតិ្តការនិងការចែករំលែកគ្នា រដ្ឋាភិបាលវៀត ណាមបានណែនាំដល់ក្រសួង ស្ថាប័នទាក់ទិននានា បង្កើនការយកចិត្តទុកដាក់ ជួយឧបត្ថម្ភដើម្បីធានាឲ្យជនបរទេសនៅវៀតណាមមានជីវភាពរស់នៅប្រកបដោយសុវត្ថិភាព ទទួលបានការតាមដាន ថែទាំសុខភាព និងទទួលបានការព្យាបាលយ៉ាងសកម្មក្នុងករណីចាំបាច់។ 
ជនបរទេសនៅវៀតណាមថ្លែងអំណរគុណចំពោះផ្នែកសុខាភិបាលវៀតណាម - ảnh 1 មានអ្នកជំងឺ Covid-19 ជាច្រើនត្រូវបានព្យាបាលជាសះស្បើយនៅវៀតណាម (រូបថត៖ TTXVN)

ការងារនេះរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមត្រូវបានពលរដ្ឋបរទេស អាជ្ញាធរប្រទេសនានានិងសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។

“អរគុណច្រើនណាស់! ផ្នែកសុខាភិបាលវៀតណាម”។ នេះជាពាក្យពេជ្រចេញពីបេះដូងរបស់ជនបរទេសជាច្រើនរូប ដែលត្រូវឆ្លងជំងឺឬត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ហើយទទួលបានការជួយឧបត្ថម្ភយ៉ាងសកម្មពីដាគ្រូពេទ្យនិងគិលានុបដ្ឋាយិកាវៀតណាម។ លោកស្រី Shan អាយុ៦៧ឆ្នាំ ជនជាតិអៀឡង់ ជាអ្នកជំងឺមួយនាក់ក្នុងចំណោមអ្នកជំងឺ Covid-19 ជាច្រើនដែលត្រូវបានព្យាបាលជាសះស្បើយនៅវៀតណាម។ លោកស្រីបានចែករំលែកថា៖ “រូបខ្ញុំក៏ជាគ្រូពេទ្យម្នាក់បានចូលនិវត្តន៍ដែរ ហើយខ្ញុំក៏អាចស្លាប់ដោយសារជំងឺ Covid-19 ប៉ុន្តែបណ្ដាវេជ្ជបណ្ឌិតវៀតណាមបានសង្គ្រោះជីវិតខ្ញុំ។ ប្ដីខ្ញុំនៅតែមានសុខភាពខ្សោយណាស់ ហើយត្រូវការព្យាបាលពិសេស។ បណ្ដាវេជ្ជបណ្ឌិតវៀតណាមកំពុងជួយឲ្យគាត់ប្រសើរឡើង។ ពួកគាត់ចេះតែធ្វើការ ដោយមិនគិតពីការនឿយហត់ គឺដើម្បីសង្គ្រោះជីវិតមនុស្សតែប៉ុណ្ណោះ”។

“ខ្ញុំជាអ្នកដំណើរនៅលើជើងហោះហើរ VN54 មកដល់វៀតណាមនាថ្ងៃទី២មីនា ហើយស្នាក់នៅក្នុងតំបន់ដាក់នៅដាច់ដោយឡែកនៃមន្ទីរពេទ្យត្រូពិចមជ្ឈឹមសាខា  Kim Chung ចាប់ពីថ្ងៃទី៧មីនាមក។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបណ្ដាវេជ្ជបណ្ឌិតនិងគិលានុ បដ្ឋាយិកាដែលបានធ្វើការដោយឧស្សាហ៍ព្យាយាមក្នុងពេលកន្លងទៅ”។ នេះជាសំបុត្ររបស់អ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេសម្នាក់ ដែលបានផ្ញើរមកមន្ទីរពេទ្យត្រូពិចមជ្ឈឹម។ លោក Bobby Chin អ្នកចុងភៅជនជាតិនូវែលហ្សេឡងស់ម្នាក់ បានចែករំលែកលើបណ្ដាញសង្គមថា៖ “ខ្ញុំសូមថ្លែងអំណរគុណជាទីគោរពបំផុត ចំពោះគ្រូពេទ្យវៀតណាមទាំងអស់ដែលកំពុងធ្វើការនៅមូលដ្ឋានចត្តាឡីស័កដែលខ្ញុំកំពុងសម្រាកព្យាបាលនៅទីនោះ។ នេះពិតជាការលះបង់ដ៏ខ្ពង់ខ្ពស់”។

ក្នុងប៉ុន្មានថ្ងៃកន្លងទៅ មានភ្ញៀវទេសចរអង់គ្លេសឆ្លង Covid-19 ជាច្រើនរូប ទទួលបានការព្យាបាលដោយអស់ពីចិត្តពីថ្លើម ពីបណ្ដាគ្រូពេទ្យវៀតណាម។ ដោយមានការរំជួលចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងនោះរបស់រដ្ឋាភិបាលនិងផ្នែកសុខាភិបាលវៀតណាម ឯកអគ្គរាជទូតអង់គ្លេសប្រចាំវៀតណាម លោក Gareth Ward បានផ្ញើរសារទៅកាន់ពលរដ្ឋអង់គ្លេសដែលកំពុងស្នាក់នៅនិងធ្វើការនៅវៀតណាមយ៉ាងដូច្នេះថា៖ “រាល់វិធានការរបស់រដ្ឋាភិបាលវៀត ណាមដោយគោលបំណង ធានាសុវត្ថិភាពនិងសុខភាពរបស់សហគមន៍នៅវៀតណាមតែប៉ុណ្ណោះ។ សូមឲ្យអ្នកទាំងអស់គ្នា គោរពច្បាប់និងទំនៀមទម្លាប់របស់ប្រជាជនវៀតណាមដើម្បីជៀសវាងការដាក់ពិន័យ។ យើងមានសំណាងល្អណាស់ ដែលបានរស់នៅនិងធ្វើការនៅទីនេះ ចូរគោរពច្បាប់និងវប្បធម៌របស់វៀតណាម ដើម្បីបង្ហាញថា អ្នកកំពុងរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ