ជប៉ុនវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាននា ២០២០
(VOVWORLD) - លទ្ធផលសំខាន់បំផុតទទួលបានពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាក់ព័ន្ធ គឺតួនាទីដឹកនាំ “គួរអោយកោតសរសើរ” របស់វៀតណាម។
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអាស៊ាន លោក Chiba Akira ផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ TTXVN) |
នាថ្ងៃទី ១៤ កញ្ញាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអាស៊ាន លោក Chiba Akira បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំ “ដ៏ឆ្នើម” របស់ វៀតណាម ក្នុងនាមជាប្រធានអាស៊ាន ២០២០។ យោងតាមលោករូបនេះ ការបញ្ជាក់អះអាងនូវតួនាទីជាមជ្ឈភាពគឺជា “កត្តាសំខាន់បំផុត” សម្រាប់អាស៊ាន ហើយវៀត ណាមបានពង្រីកនូវតួនាទីស្នូលរបស់ខ្លួនក្នុងអាស៊ានតាមរយៈបណ្តាកិច្ចប្រជុំដែលបានលើកឡើងខាងលើ។
ឯកអគ្គរដ្ឋទូតលោក Chiba Akira បាននិយាយថា ចូលរួមក្នុងកិច្ចប្រជុំ AMM 53 នេះ ជប៉ុនបានបញ្ជាក់ សារជាថ្មីពីការប្តេជ្ញាចិត្តក្នុងការកសាងមជ្ឈមណ្ឌលអាស៊ានស្តីពីស្ថានភាពសុខាភិបាលសហគមន៍បន្ទាន់និងជំងឺរាតត្បាតនិងផ្តល់ជំនួយ ចំនួន ១ លានដុល្លារអាមេរិកសម្រាប់មូលនិធិអាស៊ានដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាការអនុវត្តរាល់កម្មវិធីផ្តល់ប្រាក់កម្ចីនិងការវិនិយោគសមស្របសម្រាប់អាស៊ាន។ លោកឯកអគ្គរដ្ឋទូត Chiba Akira បានមានប្រសាសន៍ថា “សារដ៏សំខាន់បំផុត” ដែលជប៉ុនបានផ្ញើជូនកិច្ចប្រជុំនាពេលថ្មីៗនេះ គឺទីក្រុងតូក្យូគាំទ្រយ៉ាងពេញទំហឹងនូវចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (AOIP) និងរួមគ្នាលើកកម្ពស់នីតិរដ្ឋ រួមទាំងសេរីភាពនាវាចរណ៍និងអាកាសចរណ៍ ទៀតផង៕