ជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីបនៅតែបន្តកើនឡើង

(VOVWORLD) - នាថ្ងៃទី ២៧ ខែតុលា កងទ័ពអ៊ីស្រាអែលបានបន្តបង្កើនយុទ្ធនាការវាយប្រហារទាំងស្រុងរបស់ខ្លួនដោយប្រើកម្លាំងទ័ពអាកាស កងទ័ពជើងទឹក និងកាំភ្លើងធំលើគោលដៅជាបន្តបន្ទាប់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។ 
ជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីបនៅតែបន្តកើនឡើង - ảnh 1កាំភ្លើងបាញ់ស្វ័យប្រវត្តិ M109 155mm របស់កងទ័ពអ៊ីស្រាអែល ត្រូវបានគេដាក់ពង្រាយនៅជិត Sderot ជាប់ព្រំដែនហ្គាហ្សា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ (រូបថត៖ AFP/TTXVN)

សេចក្តីប្រកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា ការវាយប្រហារបានបំផ្លាញគោលដៅជាច្រើន និងសម្លាប់មេបញ្ជាការជាន់ខ្ពស់មួយចំនួននៃចលនាអ៊ីស្លាមហាម៉ាស។ ទន្ទឹមនឹងនេះដែរ ប្រភពក្នុងតំបន់បានវាយតម្លៃការទម្លាក់គ្រាប់បែកកាលពីម្សិលមិញថាជាការវាយប្រហារដ៏ធ្ងន់បំផុតចាប់តាំងពីការចាប់ផ្តើមនៃយុទ្ធនាការ "ដាវដែក" ដែល IDF បានធ្វើនៅហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី ៧ ខែតុលា។ អាំងតង់ស៊ីតេ និងភាពញឹកញាប់នៃការវាយប្រហារមានសភាពក្រាស់ ជាពិសេសកាលពីយប់មិញជាមួយនឹងការទម្លាក់គ្រាប់បែករាប់រយគ្រាប់បន្តបន្ទាប់គ្នាជាច្រើនម៉ោង។

កាលពីម្សិលមិញដែរ អាជ្ញាធរអ៊ីស្រាអែលបានកាត់ផ្តាច់បណ្តាញអ៊ីនធឺណិតទាំងមូលនៅតំបន់ហ្គាហ្សា។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងអង្គការអន្តរជាតិជាច្រើននៅហ្គាហ្សា។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្តមនាវីទោ Daniel Hagari បានប្រកាសកាលពីរសៀលម្សិលមិញថា ប្រទេសនេះនឹងពង្រីកប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។

កាលពីម្សិលមិញ មហាបាតុកម្មជាច្រើនដែលមានអ្នកចូលរួមរាប់ពាន់នាក់បានផ្ទុះឡើងក្នុងពេលដំណាលគ្នានៅក្នុងរដ្ឋធានីជាច្រើន និងទីក្រុងធំៗ ក្នុងប្រទេសមួយចំនួនក្នុងតំបន់ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការការពារប្រជាជនប៉ាឡេស្ទីនជាបន្ទាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ