ជម្លោះនៅហ្គាហ្សា៖ ការិយាល័យ ICRC ប្រចាំតំបន់ហ្គាហ្សាទទួលរងការបាញ់កាំភ្លើងធំ បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើនអ្នក
(VOVWORLD) - គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នាថ្ងៃទី ២១ ខែមិថុនា បានឲ្យដឹងថា ការិយាល័យរបស់ទីភ្នាក់ងារនេះនៅក្នុងតំបន់ហ្គាហ្សាត្រូវបានវាយប្រហារដោយកាំភ្លើងធំដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់ដែលកំពុងស្នាក់នៅក្នុងតំបន់ជុំវិញ និងរាប់សិបនាក់ទៀតរងរបួស។
ICRC បានឲ្យដឹងថា គ្រាប់កាំភ្លើងធំបានធ្លាក់ត្រឹមតែប៉ុន្មានម៉ែត្រពីការិយាល័យ និងលំនៅដ្ឋានរបស់បុគ្គលិក ICRC ។ ICRC បានសង្កត់ធ្ងន់ថា ការបាញ់ផ្លោងនៅជិតកន្លែងមនុស្សធម៌ ជាកន្លែងដែលភាគីជម្លោះសុទ្ធតែស្គាល់ដល់ ហើយត្រូវបានគួសសញ្ញាយ៉ាងច្បាស់ជាមួយនិមិត្តសញ្ញាកាកបាទក្រហម បានបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ជនស៊ីវិល និងបុគ្គលិកកាកបាទក្រហម។
ផ្សែងហុយឡើងបន្ទាប់ពីការបាញ់ផ្លោងរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
ក្នុងពេលជាមួយគ្នានោះ យោងតាមទិន្នន័យពីអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា មនុស្ស ២៥ នាក់បានស្លាប់ និង ៥០នាក់ផ្សេងទៀតរងរបួសនៅក្នុងការបាញ់ផ្លោងខាងលើ។ ទីភ្នាក់ងារនេះបានចាត់ទុកថា ការបាញ់ផ្លោងត្រូវបានធ្វើឡើងដោយអ៊ីស្រាអែល សំដៅទៅលើតង់របស់ជនភៀសខ្លួននៅក្នុងតំបន់ Al-Mawasi ជុំវិញការិយាល័យ ICRC ។ អ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបដិសេធការចោទប្រកាន់ទាំងអស់ ហើយបាននិយាយថា កំពុង "ពិនិត្យមើល" លើឧប្បត្តិហេតុនេះ៕